ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៊ិត សំហេង បានស្នើឱ្យសមាគមគ្រឹះស្ថានឧត្តមសិក្សាជួយបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈឱ្យមានគុណភាព ខណៈបច្ចុប្បន្នកម្ពុជាកំពុងត្រូវការធនធានមនុស្សផែ្នកនេះកាន់ច្រើនដើម្បីជួយអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។
ការស្នើនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈគ្រប់គ្រងសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣។
លោក អ៊ិត សំហេង បានលើកឡើងថា បច្ចុប្បន្ន អាណាព្យាបាលសិស្សស្ទើរតែទាំងអស់ យកចិត្តទុកដាក់បញ្ជូនកូនចៅទៅសិក្សារៀនសូត្រឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ ដោយលោកថា រូបភាពទាំងនេះពិតជាបង្កើតបានវប្បធម៌ល្អមួយសម្រាប់ជាតិ ដើម្បីឈានទៅបំពេញតម្រូវការនៃការរីកលូតលាស់យ៉ាងឆាប់រហ័សរបស់ពិភពលោក។
ជាមួយនេះដែរ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាដែលបានវិនិយោគលើប្រព័ន្ធអប់រំឱ្យមានការរីកចម្រើន ហើយបានពង្រីកវិសាលភាពនៅទូទាំងប្រទេសដើម្បីរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដែលជាវិស័យអាទិភាពដ៏ចាំបាច់របស់រាជរដ្ឋាភិបាលដើម្បីចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា។
លោករដ្ឋមន្ត្រី អ៊ិត សំហេង បានបញ្ជាក់ដែរថា ដើម្បីអនុវត្តតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី លើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈជូនដល់យុវជនចំនួន១លាន៥សែននាក់ លោកបានស្នើដល់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជាសហការជាមួយគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ(TVET) ក្រោមឱវាទរបស់ក្រសួងការងារ ធ្វើការបណ្តុះបណ្តាលយុវជនកម្ពុជាលើជំនាញវិជ្ជាជីវៈឱ្យមានគុណភាពបន្ថែមទៀត ដើម្បីបង្កើតអាជីពផ្ទាល់ខ្លួន និងនៅតាមបណ្តារោងចក្រសហគ្រាសផ្សេងៗដែលមានតម្រូវការ។
លោកថា ក្រសួងក៏បានកំណែទម្រង់ជាបន្តបន្ទាប់ លើវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា បានថ្លែងអំណរគុណដល់ក្រសួង ការងារដែលបានផ្តល់ឱកាសឱ្យសមាគមចូលរួមពិភាក្សាការងារ ដែលជាការផ្លាស់ប្តូរយោបល់ និងដោះស្រាយបញ្ហាមួយចំនួន។
លោកបានអះអាងថា នឹងខិតខំចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ជួយពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជា ព្រមទាំងផ្លាស់ប្តូរមតិយោបល់ជាមួយស្ថាប័ននានាទាំងក្នុង និងក្រៅប្រទេសបន្ថែមទៀត។
ពាក់ព័ន្ធនឹងការជំរុញឱ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជនកម្ពុជានេះដែរ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា(CCFC)បានសាទរចំពោះគំនិតនេះ។ លោកថ្លែងថា ដើម្បីឱ្យគោលនយោបាយនេះជោគជ័យ រដ្ឋាភិបាលគួរតែធានាបាននូវបរិយាកាសអំណោយផលដល់ភាគីពាក់ព័ន្ធនិងត្រូវតែរៀបចំវគ្គបណ្តុះបណ្តាល់ចំណេះជំនាញវិជ្ជាជីវៈណាដែលត្រូវនឹងស្ថានភាពរបស់យុវជន។
សូមរំឭកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានបង្ហើបពីគម្រោងដែលរដ្ឋាភិបាលត្រៀមអនុវត្តកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេសដល់យុវជនក្រីក្រកម្ពុជាជាង១លាន ៥សែននាក់ ដោយមិនគិតថ្លៃ ចាប់ពីឆ្នាំក្រោយតទៅ។
ការបង្កើតកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសនេះឡើង គឺដើម្បីបំពេញតម្រូវការទីផ្សារការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្នុងប្រព័ន្ធរបស់ប្រទេសកម្ពុជា ខណៈកម្ពុជាត្រូវការធនធានមនុស្សជាច្រើនផ្នែកជំនាញបច្ចេកទេស និងបច្ចេកវិទ្យា ដើម្បីចូលរួមចំណែកអភិវឌ្ឍលើគ្រប់ផ្នែកទាំងអស់ក្នុងសង្គមនាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ដែរថា បើតាមការសិក្សារបស់អង្កការជប៉ុនJICAដែលធ្វើការនៅកម្ពុជាថ្មីៗនេះ បានឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងបច្ចេកទេសប្រមាណ ៣៥ ០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន៕