ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការដែលគ្រោងប្រព្រឹត្តឡើងក្នុងខែតុលា ខាងមុខនេះ។
ការសម្រេចទទួលធ្វើជាម្ចាស់ផ្ទះនេះ ត្រូវបានលោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមការប្រើប្រាស់ ការរក្សាទុក ការផលិត និងការផ្ទេរគ្រាប់មីនប្រឆាំងមនុស្ស និងការបំផ្លាញគ្រាប់មីនចោល (អនុសញ្ញាអូតាវ៉ា_ISU-APMBC) ថ្លែងគំាំទ្រ និងថ្លែងអំណរគុណផងដែរ។
នារសៀលថ្ងៃទី២០ ខែមីនា នៅទីស្នាក់ការអាជ្ញាធរមីន ក្នុងជំនួបជាមួយនឹងលោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន,លោក Juan Carlos Ruanនាយក ISU-APMBC បានបង្ហាញការគាំទ្រ និងថ្លែងអំណរគុណ ដល់លោក ហ៊ុន សែន ចំពោះការសម្រេចនេះ។
លោកបានលើកឡើងថា ៖ «យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលអនុញ្ញាតឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទសកល ស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្រ្គាម និងសិទ្ធិជនពិការ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែតុលា ឆ្នាំ២០២៣ និងមានប្រទេសប្រមាណជា ៤០ ចូលរួម»។
លោក Juan Carlos Ruan ក៏បានទស្សនកិច្ចស្វែងយល់ពីវឌ្ឍនភាព នៃការងារបោសសម្អាតមីននៅ កម្ពុជា ក្នុងក្របខ័ណ្ឌអនុសញ្ញាអូតាវ៉ាផងដែរ។
ជាមួយគ្នានេះ លោក Juan Carlos Ruan បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ ក្នុងការដោះស្រាយបញ្ហាមីន ហើយលោកសង្ឃឹមថា កម្ពុជា នឹងទទួលបានជោគជ័យ តាមផែនការគ្រោងទុក ដើម្បីបញ្ចប់ការងារបោសសម្អាតមីនឱ្យអស់ក្នុងឆ្នាំ២០២៥។
នាឱកាសនោះផងដែរ លោក លី ធុជ បានថ្លែងអំណរគុណដល់អង្គការ ISU-APMBC ដែលតែងតែផ្តល់ការគាំទ្រដល់កម្ពុជា ក្នុងការរៀបចំផែនការបោសសម្អាតមីន ឱ្យសម្រេចទៅតាមមាត្រា៥ នៃអនុសញ្ញាអូតាវ៉ា ក្នុងនាមកម្ពុជាជារដ្ឋភាគី។
លោក លី ធុជ បានបញ្ជាក់ថា ៖«ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ សកម្មភាពមីននៅកម្ពុជា បានឈានដល់របត់ថ្មីមួយទៀត ដែលមានការចូលរួមយ៉ាងផុសផុល ពីវិស័យឯកជន សប្បុរសជន និងពលរដ្ឋខ្មែរគ្រប់លំដាប់ថ្នាក់ ព្រមទាំងមានការតាំងចិត្តខ្ពស់រួមគ្នាក្នុងការបញ្ចប់ការងារបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥»។
បន្ទាប់ពីកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៃការរៀបចំសន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីន ក្នុងខែតុលា ឆ្នាំ២០២៣ កម្ពុជាបានដាក់ជាបេក្ខភាពក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ អនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៤ ផងដែរ ដែលក្នុងនោះស្នើសុំឱ្យមានការជួយគាំទ្រពី ISU-APMBC៕