ភ្នំពេញៈ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) នៅតែបន្តសកម្មភាពធ្វើការអប់រំផ្សព្វផ្សាយ ពីសុវត្ថិភាពចំណាកស្រុកដល់ប្រជាពលរដ្ឋ នៅតាមបណ្តាខេត្តមួយចំនួន ខណៈនៅតែមានពលរដ្ឋខ្មែរជាច្រើននៅតែបន្តធ្វើចំណាកស្រុកតាមរយៈមេខ្យល់ដោយខុសច្បាប់។
មន្ត្រីកម្មវិធីនៃអង្គការសង់ត្រាល់ លោក ឌីថេ ហូយ៉ា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ថា ក្រុមអ្នកស្ម័គ្រចិត្តប្រឹក្សាយោបល់សុវត្ថិភាពចំណាកស្រុកហៅកាត់ថា SMA របស់អង្គការសង់ត្រាល់ បានចុះធ្វើការអប់រំ ផ្សព្វផ្សាយពីសុវត្ថិភាពចំណាស្រុក ដល់ប្រជាពលរដ្ឋនៅតាមខេត្តជាប់ព្រំដែន ដោយក្នុងនោះនៅតែបន្តរកឃើញពីបញ្ហាប្រឈមទាក់ទងនឹងពលករចំណាកស្រុក។ ពលរដ្ឋដែលទទួលបានការអប់រំ ផ្សព្វផ្សាយនេះ មានដូចជា នៅខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ និងបាត់ដំបងជាដើម។
លោក ឌីថេ ហូយ៉ា ថ្លែងថា ៖ «ក្រុមការងារ បានរកឃើញនូវបញ្ហាប្រឈមមួយចំនួន គឺពលករចំណាកស្រុកដោយគ្មានលិខិតឆ្លងដែន ឬឯកសារត្រឹមត្រូវតាមច្បាប់ ដែលត្រូវបានថៅកែមិនបើកប្រាក់ខែ និងត្រូវទទួលរងការកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ពលករ ជួញដូរមនុស្សផងដែរ»។
លោកថា ការបន្តចុះអប់រំនេះ ដោយសារតែមើលឃើញថា ការធ្វើចំណាកស្រុកគឺមិនអាចហាមឃាត់បានឡើយពីព្រោះវាជាជម្រើសរបស់អ្នកធ្វើចំណាកស្រុក ហើយពលរដ្ឋដែលធ្វើចំណាកស្រុកទៅប្រទេសថៃ ពួកគាត់អត់មានព័ត៌មានច្បាស់លាស់ឡើយ។
មន្រ្តីកម្មវិធីរូបនេះបញ្ជាក់ថា ៖ «ការធ្វើចំណាកស្រុករបស់ពួកគាត់ មានភាពប្រថុយប្រថាន និងមានហានិភ័យខ្ពស់ក្នុងការចាញ់បោកមេខ្យល់ ដែលនឹងធ្វើឱ្យពួកគាត់បាត់បង់ថវិកាអស់ជាច្រើន ព្រមទាំងត្រូវប្រឈមជាមួយអំពើជួញដូរ ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងប្រឈមជាមួយនឹងការចាប់ខ្លួនពីអាជ្ញាធរ »។
តាមរយៈការចុះផ្សព្វផ្សាយនៅតាមមូលដ្ឋាន របស់ក្រុមអ្នកស្ម័គ្រចិត្តប្រឹក្សាយោបល់សុវត្ថិភាពចំណាកស្រុក របស់អង្គការសង់ត្រាល់ បានរកឃើញថា នៅតែមានចំនួនប្រជាពលរដ្ឋខ្មែរច្រើន បានធ្វើចំណាកស្រុក ពី១ថ្ងៃទៅ១ថ្ងៃ និងពី១ខែទៅ១ខែផងដែរ។ នេះបើតាមលោក ឌីថេ ហូយ៉ា។
លោកបញ្ជាក់ថា ភាគច្រើនពលរដ្ឋដែលចំណាកស្រុក ច្រើនតែទៅតាមរយៈសាច់ញាតិ មេខ្យល់ ឬដោយខ្លួនឯង និងក្រៅពីនេះ មានតិចតួចណាស់ ដែលពួកគាត់ទៅតាមរយៈក្រុមហ៊ុនឯកជន។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការលីកាដូ បានឱ្យដឹងថា រូបលោកមានការព្រួយបារម្ភចំពោះករណីឆរបោក ឬមេខ្យល់ដែលមានបំណងបោកប្រាស់ក្នុងការជ្រើសរើសពលករទៅធ្វើការក្រៅប្រទេស ឬការជួញដូរកម្លាំងពលកម្មដោយរូបភាពខុសច្បាប់។
លោកបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្ននេះ ប្រជាពលរដ្ឋខ្មែរភាគច្រើន បានជឿលើក្រុមមេខ្យល់ ដោយសារកត្តា ជីវភាពរបស់ពួកគាត់ តម្រូវការការងារ និងការមិនបានទទួលព័ត៌មានគ្រប់គ្រាន់ ពីការជ្រើសរើសពលករ ឬក្រុមហ៊ុនស្របច្បាប់ មុននឹងពួកគាត់សម្រេចចិត្តចុះឈ្មោះ ឬយល់ព្រមជាមួយគេ។
លោក អំ សំអាត បាននិយាយថា៖ «អ៊ីចឹងអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ ត្រូវចាត់វិធានការផ្លូវច្បាប់ ឱ្យបានតឹងរ៉ឹងដើម្បីទប់ស្កាត់ និងបង្ក្រាបមេខ្យល់ក្នុងការជ្រើសរើសពលករខុសច្បាប់ ហើយប្រជាពលរដ្ឋយើង ក៏គួរតែជ្រើសរើសការធ្វើចំណាកស្រុករកការងារដោយស្របច្បាប់ កុំជ្រើសរើសចំណាកស្រុកដោយខុសច្បាប់ដែលនាំឱ្យមានគ្រោះថ្នាក់»។
លោកស្រី រស់ សុផានី អភិបាលរងខេត្តបន្ទាយមានជ័យ ជាខេត្តដែលមានពលករធ្វើចំណាកស្រុកទៅកាន់ប្រទេសថៃច្រើន បានប្រាប់ថា មិនថា សកម្មភាពរបស់អង្គការណានោះទេឱ្យតែជាការធ្វើឡើង ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋ គឺអាជ្ញាធរខេត្ត នឹងធ្វើការគាំទ្រចំពោះសកម្មភាពការងាររបស់ពួកគាត់ទាំងអស់។
លោកស្រីបន្តថា ចំពោះការចុះអប់រំផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពការធ្វើចំណាកស្រុករបស់អង្គការសង់ត្រាល់នេះ វាគឺជារឿងល្អ ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីការចេះការពារខ្លួនរបស់ពួកគាត់ ឱ្យមានសុវត្ថិភាពនៅពេលដែលពួកគាត់ធ្វើចំណាកស្រុក និងជាពិសេសនៅពេលដែលពួកគាត់រងគ្រោះពីការកេងប្រវ័ញ្ច និងការជួញដូរ ពួកគាត់នឹងដឹងថា ត្រូវទាក់ទងអ្នកណា ហើយត្រូវដោះស្រាយបញ្ហានេះយ៉ាងម៉េច ដើម្បីឱ្យអ្នកពាក់ព័ន្ធមកជួយអន្តរាគមន៍ពួកគាត់ឱ្យទាន់ពេលវេលា។
លោកស្រី រស់ សុផានី បានថ្លែងថា៖ «បើនិយាយពីការផ្សព្វផ្សាយនេះ វាមិនអាចធ្វើឱ្យមានអត្រានៃការធ្វើចំណាកស្រុកដោយសុវត្ថិភាពបានទាំងស្រុងនោះទេ ប៉ុន្តែយ៉ាងហោចណាស់ ក៏វាអាចកាត់បន្ថយ បានខ្លះដែរនៃការធ្វើចំណាកស្រុកដោយមិនស្របច្បាប់ ដើម្បីបងប្អូនប្រជាពលរដ្ឋយើង ហើយវាក៏ជាកត្តាល្អសម្រាប់យើងដែរ»៕