មណ្ឌល​គិរីៈនៅ​ពេល​នេះ ក្រុម​សមត្ថ​កិច្ច​ជំនាញកំ​ពុង​បន្ត​ស្រាវ​ជ្រាវ​រក​អត្ត​សញ្ញាណ​ក្រុម​ជន​ប្រព្រឹត្ត​បទ​ល្មើស​កាប់​រាន និង​ឈូស​ឆាយ​ដីព្រៃ​ក្នុង​តំបន់​ការពារ​ខេត្ត​មណ្ឌល​គិរី​ ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ឱ្យ​តុលា​ការ​ចាត់​វិធាន​ការទៅ​តាម​ផ្លូវ​ច្បាប់​។ នេះ​បើ​តាម​មន្ត្រី​មូល​ដ្ឋាន​។

​លោក​ ចាស់​ ណា មេ​ឃុំ​ដាក់​ដាំ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​២០ ​ខែមីនា ឆ្នាំ​២០២៣​ថា ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន និង​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌល​គិរី និង​មាន​ការ​សម្រប​សម្រួល​ផ្នែក​ច្បាប់​ពីតំណាង​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​មណ្ឌល​គិរី រដ្ឋបាលស្រុក​អូ​ររាំង កាល​ព្រឹក​ថ្ងៃទី​១៩ ​ខែមីនា ឆ្នាំ​២០២៣ បាន​ចុះ​ពិនិត្យ​ទីតាំង​ដីព្រៃ​រដ្ឋ​នៅ​ចំណុច​ភូមិ​ពូ​ឡេះ ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌល​គិរី ហើយ​បាន​រក​ឃើញ​បទ​ល្មើស​កាប់​រាន និងឈូស​ឆាយ​ដី​ព្រៃ​របស់​រដ្ឋ​អស់​ជាង​ ៥០​ ហិកតា​។

​លោក​ថ្លែង​ថា​៖«​នៅក្នុង​ទីតាំង​ដែល​មាន​ការកាប់​រាន និង​ឈូស​ឆាយ​ដីព្រៃ​នោះ ​សមត្ថកិច្ច​យើង​មិនបាន​ប្រទះ​ឃើញ​ជន​ប្រព្រឹត្ត​បទល្មើស​ណា​ម្នាក់​ឡើយ ​ហើយក៏​ពុំ​ឃើញ​មាន​គ្រឿង​ចក្រ​ឈូស​ឆាយ​នោះដែរ​»​។

​បើតាម​លោក ​ចាស់ ណា កន្ល​ងមកមាន​អ្នក​ភូមិ​មួយ​ចំនួន បានកាប់​រាន​ដីព្រៃ ដើម្បី​ពង្រីក​ផ្ទៃដី​ចម្ការ​របស់​ពួ​កគេ​ ដើម្បី​ដាំ​ដុះ​ដំណាំ​រួមផ្សំ ​ប៉ុន្តែ​ករណី​នេះ ​ត្រូវបាន​អាជ្ញាធរ​ភូមិ​-​ឃុំ និង​មន្ត្រី​ជំនាញ ចុះ​ផ្សព្វ​ផ្សាយ​អប់រំ ណែនាំ និង​បង្ក្រាប​ជា​បន្ត​បន្ទាប់ ហើយ​ក៏មាន​ភាព​ស្ងប់​ស្ងាត់​មួយ​រយៈ​ធំ​ផង​ដែរ​។

​ទោះយ៉ា​ងណា​ នៅ​ពេល​នេះ សមត្ថ​កិច្ច​ជំនាញ​កំពុង​ស្រាវ​ជ្រាវ​លើ​ករណី​នេះ ដើម្បី​កំណត់​អត្ត​សញ្ញាណ​ជន​សង្ស័យ និង​កំ​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់វិ​ធាន​ការ​បន្ត​តាម​នីតិ​វីធី​។ នេះ​បើ​តាម​ការ​ប្រាប់​ឱ្យ​ដឹងពី​លោក ​ ស៊ា​វ ងី​ឈាន់ អ្នក​នាំពា​ក្យ​អយ្យ​ការ​អម​សា​លាដំ​បូង​ខេត្ត​មណ្ឌល​គិរី កាលពី​ល្ងាច​ថ្ងៃទី​២០ ​ខែមីនា ឆ្នាំ​២០២៣​។​

​លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទីតាំង​ដីព្រៃ​រដ្ឋ​ ដែល​ត្រូវ​បាន​រកឃើញ​មាន​ការ​កាប់​រាន និងឈូស​ឆាយ​ក្នុង​គោល​បំណង​ហ៊ុម​ព័ទ្ធ​ធ្វើជា​កម្មសិ​ទ្ធិឯកជន​ ដោយ​ខុសច្បាប់​នោះ គឺ​ស្ថិតនៅ​ក្នុង​ដី​សម្ប​ទាន​សេដ្ឋកិច្ច នៃ​ក្រុមហ៊ុ​ន វូ​ជី​សាន្ត និងក្រុម​ហ៊ុន​ហូ​លីង ស្ថិត​ក្នុង​ភូមិសា​ស្ត្រ ឃុំ​ដាក់​ដាំ ស្រុក​អូរ​រាំង​។​

​លោក​បាន​បញ្ជាក់​ថា​៖«​សំណុំ​រឿង​បទ​ល្មើស​កាប់​រាន និង​ឈូសឆា​យដី​ព្រៃរប​ស់​រដ្ឋ​នេះ គឺតំណាង​អយ្យ​ការ​យើង បាន​ចុះ​ត្រួត​ពិនិត្យ​ឃើញ​ដល់់ទី​កន្លែង​ដោយ​ផ្ទាល់ ដូច្នេះ​សមត្ថ​កិច្ច​ជំនាញ​ និង​អាជ្ញាធរ​ដែនដី​ត្រូវ​​ស្រាវ​ជ្រាវ​រកឱ្យ​ឃើញ​អំពី​អត្ត​សញ្ញាណ​នៃ​ក្រុម​ជន​ប្រព្រឹត្ត​បទ​ល្មើស ហើយ​កសាង​សំណុំ​រឿង​បញ្ជូន​មក​តុលា​ការ ដើម្បី​ចាត់​វិធា​នការ​បន្ត​តាម​នីតិ​វិធី​»​។​

​ជុំវិញ​ករណី​នេះ លោ​ក ឆៅ ប៊ុនធឿន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា យោង​តាម​និយាម​ការ​ទីតាំង​ដែល​បាន​រ​កឃើញ​បទ​ល្មើស ​កាប់​រាន និង​ឈូសឆា​យ​ដីព្រៃ​រដ្ឋ​ខុស​ច្បាប់​នោះ គឺ​មិន​ស្ថិត​ក្រោម​​ការ​គ្រប់​គ្រងរ​បស់​មន្ទីរ​បរិស្ថាន​ខេត្តម​ណ្ឌល​គិរី​នោះទេ​។​ លោក​ថ្លែងថា​៖«​ទីតាំង​នោះ គឺ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រងរ​បស់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​មណ្ឌល​គិរី »​។​

​យ៉ាង​ណា​ក៏​ដោយ​ កាលពី​រសៀល​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២៣ មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូររាំង​ម្នាក់ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ករណីនេះ​សមត្ថ​កិច្ច​ជំនាញ​បាន​រ​កឃើញ និង​កំណត់​​អត្ត​សញ្ញាណ​ជន​សង្ស័យដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​កាប់​រាន និង​ឈូស​ឆាយ​ដីព្រៃ​រដ្ឋ​នោះ​បាន​មួយ​ចំនួន​ហើយ​ និង​កំពុង​បន្ត​ស្រាវ​ជ្រាវរក​មេ​ខ្លោង ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាកា​រ​ចាត់​វិធា​នការ​បន្ត​តាម​នីតិ​វិធី​៕

វីដេអូ៖