ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំឭកពីជីវិតគ្រោះថ្នាក់និងផុយស្រួយរបស់លោក នៅពេលចូលគ្រប់គ្រងតំណែងជានាយករដ្ឋមន្ត្រី ក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ ក្រោយពីរបបខ្មែរក្រហម ហើយលោកថា នាពេលនោះ លោកបានដាក់ចេញនូវកញ្ចប់កែទម្រង់ ២ ដើរទន្ទឹមគ្នាគឺកំណែទម្រង់ខាងនយោបាយ និងកំណែទម្រង់ខាងសេដ្ឋកិច្ច។
លោក ហ៊ុន សែន រំឭកថា កម្ពុជាមិនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបធ្វើការកែទម្រង់នោះទេ។ លោកអាចនិយាយបានថា ការរស់រានរបស់កម្ពុជា រហូតមកដល់ពេលនេះ គឺបានកើតចេញពីការកែទម្រង់នោះឯង។ លោកអាចនិយាយបានថា ក្នុងជីវិតរបស់លោក គឺជាជីវិតប្រឈមជាមួយគ្រោះថ្នាក់គ្រប់ពេលមិនមែនគ្រាន់តែ «បញ្ហាយកក្បាលខ្ញុំទៅដោះដូរជាមួយនឹងការរស់រានមានជីវិត ចេញពីរបបខ្មែរក្រហមនោះឡើយ ហើយក៏មិនមែនការយកក្បាលរបស់ខ្ញុំទៅដោះដូរជាមួយសន្តិភាព ដែលអ៊ុនតាក់មិនអាចសម្រេចបាននោះដែរ»។
លោកថ្លែងដូច្នេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ (២០២៣-២០២៧) នាថ្ងៃទី ២០ ខែមីនា ដែលមានការចូលរួមពីមន្ត្រីកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុប។ លោកថ្លែងថា៖ «ប៉ុន្តែក្បាលរបស់ខ្ញុំក៏បានដោះដូរជាមួយនឹងកំណែទម្រង់ដែលត្រូវបានធ្វើនៅពេលដែលខ្ញុំចាប់ផ្តើមតំណែងជាផ្លូវការជានាយករដ្ឋមន្ត្រី។ ពេលនោះជីវិតរបស់ខ្ញុំពិតជាគ្រោះថ្នាក់ និងផុយស្រួយ នៅត្រង់ថា នៅពេលចូលគ្រប់គ្រងតំណែងជានាយករដ្ឋមន្ត្រី ខ្ញុំដាក់ចេញនូវកញ្ចប់កែទម្រង់ ២ ដើរទន្ទឹមជាមួយគ្នា។ ទី១ កំណែទម្រង់ខាងនយោបាយគឺត្រូវដោះស្រាយបញ្ហាជម្លោះកម្ពុជាតាមរយៈនៃការចរចា។ ចំណុចនេះ ក៏ជាចំណុចនៃគ្រោះថ្នាក់សម្រាប់ជីវិតរបស់ខ្ញុំ។ ទី២ គឺកំណែទម្រង់ខាងសេដ្ឋកិច្ចនោះឯង»។
អំពីកំណែទម្រង់ខាងនយោបាយ លោក ហ៊ុន សែន បញ្ជាក់ថា៖ «កម្ពុជាដឹងតែពីវ៉ៃគ្នាទេ ក៏ប៉ុន្តែគេមិនបានដឹងថាតើដំណោះស្រាយនយោបាយរបៀបណា» ហើយលោកអរគុណចំពោះបារាំងដែលជាអ្នកផ្តល់ទីកន្លែងឱ្យលោកបានធ្វើការចរចាជាមួយនឹងសម្ដេចព្រះនរោត្តមសីហនុនាពេលនោះ តាមរយៈនៃជំនួបលើកទី ១ និងលើកទី ២ គឺបានបង្កើតនូវឱកាសសម្រាប់ការសន្ទនាខាងនយោបាយរហូតដល់មាន «កិច្ចព្រមព្រៀងទីក្រុងប៉ារីស» ក្នុងឆ្នាំ ១៩៩១ និងប្រតិបត្តិការសម្រាប់ការដោះស្រាយបញ្ហាកម្ពុជាតាមផ្លូវនយោបាយ។
លោកបានបញ្ជាក់ថា កំណែទម្រង់ខាងសេដ្ឋកិច្ច គឺចាប់ផ្តើមពីកំណែទម្រង់ដីធ្លីហើយវាមិនមែនជាបញ្ហាងាយស្រួលទេ។ នៅក្នុងរបបប៉ុលពតដីធ្លីទាំងអស់ត្រូវបានរឹបអូសដាក់ជាសម្បត្តិរដ្ឋ។ «ក្រោយរបបប្រល័យពូជសាសន៍ដួលរលំ យើងខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីអនុវត្តនូវកិច្ចការទាំងឡាយដើម្បីសង្គ្រោះជីវិតប្រជាជនសិន។ ពេលនោះ គ្រួសារខ្លះ ២០ គ្រួសារមានគោ ១ នឹម។ តើយើងខ្ញុំត្រូវធ្វើរបៀបម៉េចដើម្បីរស់។ អ្នកទាំងអស់គ្នាបានឃើញទីក្រុងភ្នំពេញសព្វថ្ងៃនេះគឺវាស្ទះដោយឡាន ក៏ប៉ុន្តែទីក្រុងភ្នំពេញកាលពី ៤៤ ឆ្នាំមុននៅពេលនេះគឺគ្មានមនុស្សនៅទេ។ អ៊ីចឹង អ្វីដែលជាកិច្ចការរបស់យើងត្រូវធ្វើឯកជនូបនីយកម្មជំរុញការងារនេះ»។
លោកចោទសួរថា តើមនុស្សប៉ុន្មាននាក់ទៅដែលយល់អំពីបញ្ហាសេដ្ឋកិច្ច បើនៅទីនោះ មនុស្សមួយចំនួន ដែលធ្លាប់ទៅរៀននៅភាគខាងជើងវៀតណាម ហើយក្រោយសន្និសីទហ្ស៊ឺណែវឆ្នាំ ១៩៥៤ ពួកគាត់ត្រឡប់មកវិញដោយនាំមកគំនិតទាក់ទិននឹងការធ្វើសហករណ៍ ធ្វើរួម និងចែកផល។
លោកថា លោកអាចនិយាយបានថា មានកម្លាំងសង្កត់ ៣ មកលើជីវិតរបស់លោកនៅក្នុងពេលនោះ។ ទី១ អ្វីដែលធ្វើឱ្យលោកលំបាកគឺផ្ទៃក្នុងខ្លួនឯងមិនយល់ថា អ្វីទៅជាកំណែទម្រង់នយោបាយ អ្វីទៅជាការចរចា អ្វីទៅជាសេដ្ឋកិច្ចឯកជន។ «បើនៅក្នុងមនុស្សរបស់យើងគឺនិយាយតែពីរឿងច្បាំង និងជាផ្នែកនយោបាយ ឯនិយាយពីសេដ្ឋកិច្ចពួកគេស្អប់នូវសេដ្ឋកិច្ចឯកជន»។
ចំណុចនេះ ជាចំណុចដែលលោកត្រូវប្រឹងធ្វើពីមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហាផ្នែកកសិកម្ម។ លោក ហ៊ុន សែន បញ្ជាក់ថា លោកឧស្សាហ៍ចុះទៅខេត្តតាកែវដើម្បីសិក្សាអំពីរបៀបដោះស្រាយដីធ្លីជូនប្រជាជន ព្រោះនៅពេលនោះដីជាដីរបស់រដ្ឋទាំងអស់មិនមានការចែកឱ្យនរណានោះទេ។ ដូច្នេះ ប្រជាជនគ្មានការនឹងនរចិត្តនោះទេ។ «អ៊ីចឹងខ្ញុំត្រូវយករឿងពីមូលដ្ឋានមកដើម្បីជំរុញឱ្យថ្នាក់លើដោះស្រាយវិញ។ ឯរឿងនយោបាយ ខ្ញុំសូមជម្រាប ខ្ញុំត្រូវ ប្ដូររដ្ឋមន្ត្រីការពារជាតិ ប្ដូររដ្ឋមន្ត្រីការបរទេស ព្រោះរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសប្រឆាំងនឹងការចរចា។ តើនាយករដ្ឋមន្ត្រីធ្វើយ៉ាងម៉េច? ដូច្នេះខ្ញុំសុខចិត្តត្រឡប់ទៅធ្វើរដ្ឋមន្ត្រីការបរទេសវិញទន្ទឹមនឹងដូរយកសម្តេចពិជ័យសេនាទៀ បាញ់ពីក្រសួងសាធារណការមកកាន់ក្រសួងការពារជាតិវិញ ដើម្បីបម្រើការចរចា។ ដូច្នេះផ្ទៃក្នុងមិនយល់ គឺជាគ្រោះថ្នាក់ធំណាស់។ រឿងនេះមិនមែនជារឿងតូចតាចទេ។ នេះជាកម្លាំងសង្កត់ទី ១ សម្រាប់ជីវិតនយោបាយរបស់ខ្ញុំ»។
លោកបន្តថា ឯចំណុចទី ២ គឺកងទ័ពវៀតណាមនៅកម្ពុជានាពេលនោះមិនតិចជាង ១០ ម៉ឺននាក់ទេនៅក្នុងពេលដែលលោកចាប់ផ្តើមធ្វើកំណែទម្រង់ ក្នុងពេលដែលវៀតណាមមិនទាន់ធ្វើការកែទម្រង់អ្វីទាំងអស់ នៅក្នុងប្រទេសវៀតណាមគឺធ្វើសហករណ៍។ «ប៉ុន្តែជាភ័ព្វសំណាងរបស់ខ្ញុំ នៅត្រង់ថា វៀតណាមមកកម្ពុជាត្រឹមតែជួយផ្តួលរំលំរបបប៉ុលពត និងទប់ស្កាត់ការវិលត្រឡប់នៃរបបប៉ុលពតប៉ុន្តែវៀតណាមបានផ្តល់លទ្ធភាពឱ្យយើងខ្ញុំដើម្បីសម្រេចនូវកិច្ចការទាក់ទងនឹងនយោបាយសេដ្ឋកិច្ចសង្គម»។
ចំណុចទី៣ លោក ហ៊ុន សែន បញ្ជាក់ថា៖ «ពេលនោះយើងខ្ញុំទទួលទណ្ឌកម្ម ពីប្រទេសនានា។ មានតែសូវៀត និងក្រុមប្រទេសសង្គមនិយមនៅអឺរ៉ុបខាងកើត ដែលហៅថា កូមេកុង (Comecon) តែប៉ុណ្ណោះដែលផ្តល់ជំនួយឱ្យយើងខ្ញុំជាមួយសាធារណរដ្ឋឥណ្ឌាក្នុងចំណែកណាមួយដែលបានផ្តល់ជំនួយឱ្យកម្ពុជា»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២០ ខែមីនាថា ការឆ្ពោះទៅរកដំណើរការស្វែងរកការចរចាសន្តិភាពនេះក្នុងអំឡុងពេលនោះច្បាស់ណាស់ថា ជាការប្រឈមរវាងអ្នកនយោបាយខ្មែរខាងក្នុងប្រទេស បរទេស វៀតណាម និងអ្នកនយោបាយខាងក្រៅស្រុកផងដែរ។
លោកថ្លែងថា៖ «សម្តេច កាលណោះជាសមមិត្តហ៊ុន សែន ប្រឈមនៅក្នុងនយោបាយកែទម្រង់នយោបាយដែលឆ្ពោះទៅរកការចរចាស្វែងរកសន្តិភាពគឺអ្នកខាងក្នុងខ្លួនឯង ដោយមិនយល់ពីកិច្ចការនេះរួមនឹងទស្សនៈនយោបាយវៀតណាមមកលើសមមិត្តហ៊ុន សែន ផងដែរ។ នេះជាអ្វីដែលប្រឈមពិតប្រាកដនាដំណាក់កាលនោះដែរ»។
លោក យង់ ពៅ បន្តថា រីឯសេដ្ឋកិច្ចក៏ដូចគ្នា គឺដោយសារតែពេលវេលានោះជាពេលវេលានៃសង្គ្រាមត្រជាក់ដែលកំពុងតែរួមរឹតពិភពលោក មិនមែនត្រឹមតែកម្ពុជាទេ។ ម្យ៉ាង កម្ពុជាដែលទើបតែនឹងរួចផុតពីរបបខ្មែរក្រហម គឺអ្វីៗនៅទន់ខ្សោយនៅឡើយ។ កាលណោះគឺជារបបសេដ្ឋកិច្ចផែនការ មិនមែនជាទីផ្សារសេរីនោះទេ។ ដូច្នេះកំណែទម្រង់ពេលនោះគឺលោក ហ៊ុនសែន បានដាក់ចេញឱ្យមានកំណែទម្រង់ផ្តល់កម្មសិទ្ធិដីធ្លីជាបណ្ដើរៗទៅដល់ប្រជាជនកម្ពុជា នៅពេលនោះ៕