បាត់ដំបងៈ ទីលានទុកដាក់សំរាមទំហំប្រមាណជិត ២១ ហិកតា មានទីតាំងនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបានបើកឱ្យដំណើរការកាលពីថ្ងៃទី ២០ ដែលជាផ្នែកមួយនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី ២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមនេះ ធ្វើឡើង នៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៣ ក្រោមវត្តមានលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សុខ លូ អភិបាលខេត្តបាត់ដំបង លោកស្រី Siti Hasanah តំណាង ADB និងថ្នាក់ដឹកនាំក្រសួង មន្ត្រីបច្ចេកទេសគម្រោង និងប្រជាពលរដ្ឋជាច្រើន។
បើតាម ក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ ២០,៨០ ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់នៅដំណាក់កាលដំបូង នៅរណ្ដៅទី ១ មានទំហំ ២,៩៤ ហិកតា ហើយមានសមត្ថភាពអាចផ្ទុកសំរាមបាន ៣១៣ ៧០៣ ម៉ែត្រគុប សម្រាប់រយៈពេល ១០ ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជន ក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការរំពឹងទុក ប្រជាជនប្រមាណ ១២៦ ០០០ នាក់ នឹងទទួលបានសេវាកម្មផ្នែកអនាម័យបរិស្ថាន ពីទីលានចាក់សំរាមមួយនេះ។ គម្រោងនេះក៏ចូលរួមចំណែក ថែរក្សា ការពារ សំដៅធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធស្ថិតស្ថេរ គង់វង្សយូរអង្វែង។
លោក សុខ លូ អភិបាលខេត្តបាត់ដំបងថ្លែងថា បញ្ហាសំរាមនៅតែជាបញ្ហាកង្វល់ ដែលកំពុងប្រឈមមុខ ដែលត្រូវទាមទារឱ្យមានការដោះស្រាយជាបន្ទាន់ ក្នុងខណៈពេលដែលបច្ចុប្បន្ន ការទុកដាក់ការប្រមូល និង ដឹកជញ្ជូនសំរាមមានភាពយឺតយ៉ាវ ហើយសំរាមកើនឡើងពី ១ ថ្ងៃទៅ ១ ថ្ងៃ។ដូច្នេះ ទីលានទុកដាក់សំរាម នឹងថែរក្សា និងសម្អាតក្រុងបាត់ដំបង ឱ្យកាន់តែល្អប្រសើរ ជាពិសេស ទីលានចាក់សំរាមនេះមានលក្ខណៈស្តងដា បច្ចេកទេសត្រឹមត្រូវ។
លោកថ្លែងថា៖ «ទីលានចាក់សំរាមនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ខេត្ត ព្រោះវានឹងជួយឱ្យមានកន្លែងដាក់សំរាមមួយត្រឹមត្រូវ មិនទុកចោលផ្តេសផ្តាស ហើយមួយទៀតក៏អាស្រ័យលើក្រុមហ៊ុនដែរ ក្នុងការប្រមូលសំរាមពីក្នុងក្រុង និងទីប្រជុំជន បើគាត់ប្រមូលបានទៀងទាត់ នឹងធ្វើឱ្យក្រុងយើងមានសោភណភាពល្អ»៕