ភ្នំពេញៈ ក្រសួងបរិស្ថាន និងអង្គការអភិរក្សអន្តរជាតិ (CI) នឹងជំរុញទៅលើការពង្រីកទីផ្សារលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងឆ្នាំ ២០២៣ នេះដើម្បីបានថវិកាសម្រាប់ពង្រឹងទៅលើការអភិរក្សតំបន់ការពារធម្មជាតិ និងអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នាថ្ងៃទី ២០ ខែមីនា ថា អ្វីដែលជាកិច្ចសហប្រតិបត្តិការ រវាងក្រសួងបរិស្ថាននិងអង្គការអភិរក្សអន្តជាតិ (CI) ឆ្នាំ ២០២៣ នេះ គឺជំរុញទៅលើការពង្រីកទីផ្សារលក់ឥណទានកាបូនដែលនៅតំបន់ព្រៃឡង់ទាំងមូលតែម្ដង។ អ្វីដែលក្រសួងបានធ្វើជាមួយនឹងអង្គការ CI នេះ គឺនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ នៅភូមិសាស្ត្រខេត្តស្ទឹងត្រែងគឺទទួលបានជោគជ័យ។
លោកបន្ថែមថា៖ «ហើយយើងចង់ជំរុញទៅលើការលក់ឥណទានកាបូននេះ គឺនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ទាំងមូល ដើម្បីយើងបានថវិកាសម្រាប់ការពង្រឹងទៅលើការអភិរក្ស ពង្រឹងទៅលើការអភិវឌ្ឍសហគមន៍តំបន់ការពារធម្មជាតិ ដើម្បីធ្វើយ៉ាងម៉េចបង្កើតជារបងការពារតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ហ្នឹង ពីការកាប់ឈើខុសច្បាប់ ពីការបរបាញ់សត្វខុសច្បាប់តាមរយៈការបង្កើតនូវសេដ្ឋកិច្ចមូលដ្ឋានជូនដល់ប្រជាពលរដ្ឋ បង្កើតការងារផ្ដល់នូវជម្រើសថ្មី ហើយនិងពង្រឹងទៅលើកម្លាំងការពារ។ នេះជាអ្វីដែលយើងជំរុញសម្រាប់ឆ្នាំ ២០២៣»។
នាថ្ងៃទី ២០ មីនា ក្រសួងបរិស្ថាន និងអង្គការ CI បានបើកសិក្ខាសាលាការបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ ២០២៣ នៃគម្រោងអភិរក្សដែនជម្រកសត្វព្រៃ ព្រៃឡង់ នៅភ្នំពេញ។
ឯកសារទស្សនទានស្តីពីសិក្ខាសាលានេះបានឱ្យដឹងថា ក្រសួងបរិស្ថាន និង CI បានសហការ គ្នាក្នុងរយៈពេលវែងដើម្បីថែរក្សាកេរដំណែលធម្មជាតិរបស់កម្ពុជាមួយនេះ។ នៅក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ស្ថាប័នទាំង ២ បានសហការជាមួយគ្នា ដើម្បីបង្កើតជាតំបន់ការពារនេះតាំងពីឆ្នាំ ២០១៦។ CI បានជួយសម្របសម្រួលក្នុងការកៀរគរដៃគូអភិវឌ្ឍន៍ក្នុងនោះមានក្រុមហ៊ុនមីតស៊ុយ (Mitsui & Co., Ltd) ដើម្បីចូលវិនិយោគផ្នែកហិរញ្ញវត្ថុរយៈពេលវែងសម្រាប់គាំទ្រដល់ការការពារដែនជម្រកសត្វព្រៃ ព្រៃឡង់។
កាលពីឆ្នាំ ២០១៨ ក្រសួងបរិស្ថាន អង្គការ CI និងក្រុមហ៊ុនជប៉ុន Mitsui បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃគម្រោងអភិរក្សព្រៃឈើ តំបន់ព្រៃឡង់ដំណាក់កាលទី១ សម្រាប់អនុវត្តរយៈពេល៣ឆ្នាំ (២០១៨-២០២១) ដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តចូលរួមចំណែករបស់ក្រុមហ៊ុនឯកជនអន្តរជាតិ និងអង្គការដៃគូអភិវឌ្ឍន៍នានា ក្នុងការការពារ និងអភិរក្សធនធានព្រៃឈើកម្ពុជានៅក្រោមក្របខ័ណ្ឌយន្តការឥណទានកាបូនរួមគ្នា (Join Crediting Mechanism JCM) ដែលជាយន្តការទ្វេភាគីថ្មីមួយ រវាងកម្ពុជា និងជប៉ុន ក្នុងភាពជាដៃគូជំរុញការអភិវឌ្ឍបៃតងបញ្ចេញកាបូនតិចនៅកម្ពុជា។
គម្រោងនេះបានផ្តោតលើផ្នែកសំខាន់ៗ ២ គឺការពង្រឹងការអនុវត្តច្បាប់ និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដែលមានទីតាំងភូមិសាស្ត្រក្នុងខេត្តស្ទឹងត្រែងនៃដែនជម្រកសត្វព្រៃ ព្រៃឡង់។
ឯកសារទស្សនទាននេះបង្ហាញថា៖ «ខណៈនៅជំហានទី ១ យើងមានឧបសគ្គជាច្រើន ទើបធ្វើឱ្យក្រុមហ៊ុនមីតស៊ុយសម្រេចចិត្តវិនិយោគថវិកាជាច្រើន ដើម្បីពង្រីកគម្រោងរេដបូក (REDD+) ទូទាំងតំបន់ព្រៃឡង់»។
កាលពីឆ្នាំ ២០២១ ក្រសួងបរិស្ថាន ក្រុមហ៊ុន Mitsui & Co., Ltd) និង CI បានចុះកិច្ចព្រមព្រៀងជំហានទី២ នៃ JCM-REDD+ សម្រាប់រយៈពេល ៦ ឆ្នាំ (២០២១-២០២៦) ក្នុងការអនុវត្តគម្រោងនេះ។ឯកសារដដែលបន្តថា ការវិនិយោគហិរញ្ញប្បទានរបស់ក្រុមហ៊ុនមីតស៊ុយគឺគាំទ្រដោយផ្ទាល់ដល់ការអភិវឌ្ឍ និងការអនុវត្តគម្រោងរេដបូក ដោយថវិកា ១ ភាគធំ គឺគាំទ្រដល់ការអនុវត្តច្បាប់ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ។
ឯកសារដដែលបន្តថា ដែនជម្រកសត្វព្រៃ ព្រៃឡង់ ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រឹត្យកាលពីឆ្នាំ ២០១៦ នៅលើទំហំផ្ទៃដីជាង ៤៣ ម៉ឺនហិកតា គ្របដណ្តប់លើខេត្តចំនួន ៤ គឺខេត្តកំពង់ធំ ក្រចេះ ព្រះវិហារ និងខេត្តស្ទឹងត្រែង។
ឯកសារនេះបញ្ជាក់ថា៖ «ដែនជម្រកសត្វព្រៃ ព្រៃឡង់ គឺជាព្រៃវាលទំនាបត្រូពិកចុងក្រោយ នឹងធំជាងគេបំផុតក្នុងចំណោមព្រៃទំនាបនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ី ការផ្ទុកកាបូនពីបរិយាកាស និងចូលរួមចំណែកក្នុងការស្រូបយកទឹកជំនន់ទន្លេមេគង្គ។ ការអភិរក្ស គឺមិនត្រឹមតែការពារជីវចម្រុះ និងព្រៃឈើប៉ុណ្ណោះទេ ប៉ុន្តែវាត្រូវបានថែរក្សានូវសេវាកម្មអេកូឡូស៊ី (ស្ថានប្រព័ន្ធ) ដែលមានសារប្រយោជន៍ចំពោះប្រទេសកម្ពុជា និងពិភពលោកផងដែរ»៕