ស្ទឹងត្រែងៈ ក្រសួងកសិកម្មបានទទូចជាថ្មីដល់ប្រជានេសាទឱ្យឈប់ប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទមិនស្របច្បាប់ដទៃទៀតក្នុងតំបន់សត្វផ្សោត ដើម្បីធានានិរន្តរភាពសត្វផ្សោត និងត្រីមេពូជ បន្ទាប់ពីប្រទះឃើញផ្សោត ១ ក្បាលថ្មីទៀតបានស្លាប់ដោយជាប់មងនៅតំបន់អភិរក្សសត្វផ្សោតក្នុងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ១៩ ខែមីនា និងបានប្រកាសជ្រើសរើសឆ្មាំទន្លេបន្ថែមទៀត។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចុះថ្ងៃទី ១៩ ខែមីនា បានឱ្យដឹងថា តាមការពិនិត្យ និងវាយតម្លៃពីមន្ត្រីជលផល និងអង្គការ WWF សត្វផ្សោតស្លាប់នេះមានលេខសម្គាល់ ០៥៦ ទម្ងន់ ១៦០ គីឡូក្រាម ប្រវែង ២,៣៨ ម៉ែត្រ មានអាយុប្រមាណ ២០ ឆ្នាំ ដែលស្លាប់ដោយឧបករណ៍នេសាទ មង ដោយមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មងនៅគល់កន្ទុយ និងព្រុយចំហៀង គឺជាសត្វផ្សោតទី ១ ដែលស្លាប់ក្នុងឆ្នាំ ២០២៣ នេះ។
ប្រភពដដែលលើកឡើងថា សត្វផ្សោតទន្លេមេគង្គ គឺជារតនសម្បត្តិធម្មជាតិមានជីវិតដែលមានប្រមាណ ៩០ ក្បាលរស់នៅតាមដងទន្លេមេគង្គនៃខេត្តក្រចេះ និងស្ទឹងត្រែង។ សត្វផ្សោតពេញវ័យអាចបន្តពូជបាន មានអាយុចាប់ពី ៧ ឆ្នាំ ហើយមានកូនក្នុងរយៈពេល ២ ឆ្នាំម្តង។ បច្ចុប្បន្នសត្វផ្សោតរងការគំរាមកំហែង ដោយឧបករណ៍នេសាទ មង សន្ទូចរនង និងឧបករណ៍ឆក់។
ដូច្នេះទើបរាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៤៧ អនក្រ.បក ចុះថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ ដោយកំណត់កន្លែងការពារ និងអភិរក្សសត្វផ្សោតប្រវែង ១២០ គីឡូម៉ែត្រ ចាប់ពីប៉ែកក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ក្នុងខេត្តក្រចេះ ដោយហាមធ្វើនេសាទដែលប្រើឧបករណ៍ មង ស្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត។
សេចក្ដីប្រកាសបន្តថា ទន្ទឹមនេះ ក្រសួងកសិកម្ម បានសហការជាមួយរដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង ព្រមទាំងអង្គការដៃគូពាក់ព័ន្ធបាន និងកំពុងបន្តពង្រឹងការការពារជាប្រចាំនៅតំបន់ដែលសត្វផ្សោតរស់នៅ ក៏ដូចជាការអប់រំផ្សព្វផ្សាយដល់ពលរដ្ឋក្នុងតំបន់អំពីតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាននៃសត្វផ្សោតទន្លេមេគង្គនេះ ដើម្បីរួមចំណែកធានានិរន្តរភាពនៃសត្វផ្សោតទន្លេមេគង្គ និងធនធានជលផលក្នុងធម្មជាតិ។ ទោះយ៉ាងនេះក្តី ការលួចដាក់មងនៅតែអាចកើតមានដែលបង្កជាគ្រោះថ្នាក់ដល់សត្វផ្សោត ១ ក្បាលទៀតនេះ។
ក្រសួងកសិកម្មបានបញ្ជាក់ថា ចំពោះមុខនេះ រដ្ឋបាលជលផលបន្តសហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ WWF ព្រមទាំងស្វែងរកដៃគូសហការផ្សេងទៀតដើម្បីពង្រឹងការការពារឱ្យបានម៉ឺងម៉ាត់ថែមទៀត។
សេចក្តីប្រកាសបញ្ជាក់ថា «ជ្រើសរើសឆ្មាំទន្លេបន្ថែម និងប្រមូលផ្តុំកម្លាំងយាមល្បាតជាប្រចាំនៅក្នុងតំបន់គ្រប់គ្រងសត្វផ្សោត ដើម្បីទប់ស្កាត់ឱ្យបាននូវការប្រើប្រាស់មង និងសន្ទូចរនង ព្រមទាំងឧបករណ៍នេសាទ មិនស្របច្បាប់ដទៃទៀតនិងបង្កើនការអប់រំ ផ្សព្វផ្សាយ និងបន្តពិនិត្យ ពីជម្រើសមុខរបរផ្សេងៗ»។
ជាមួយនេះ រដ្ឋបាលជលផលបានអំពាវនាវដល់ប្រជានេសាទនៅតំបន់នោះឱ្យឈប់ប្រើប្រាស់មង សន្ទូចរនងនិងឧបករណ៍នេសាទមិនស្របច្បាប់ដទៃជាបន្ទាន់ដើម្បីធានានិរន្តរភាព សត្វផ្សោត និងត្រីមេពូជ សម្រាប់ការទាក់ទាញទេសចរ បង្កើនកេរ្តិ៍ឈ្មោះប្រជាជាតិយើង និងទុកសម្រាប់កូនចៅជំនាន់ក្រោយៗបានស្គាល់ និងថែរក្សាបន្ត។
លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតសត្វផ្សោតឈ្មោល ១ ក្បាលដែលស្ថិតក្នុងវ័យបន្តពូជថ្មីនេះ។ លោកបន្តថា អង្គការ WWF នឹងបន្តជួយគាំទ្រការងារអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងតាមរយៈការបណ្តុះបណ្តាល ការរៀបចំផែនការអភិរក្ស ផែនការដើរល្បាត និងចូលរួមផ្សព្វផ្សាយការអនុវត្តអនុក្រឹត្យថ្មីស្តីពីការគ្រប់គ្រងតំបន់ផ្សោត ព្រមទាំងចូលរួមជួយកំណត់ និងបោះបង្គោលតំបន់អភិរក្ស និងតំបន់ការពារសត្វផ្សោត។ ជាងនេះទៅទៀត អង្គការ WWF កម្ពុជា នឹងចូលរួមតាមដានការអនុវត្តច្បាប់ និងស្ថានភាពនៃការវិវឌ្ឍសត្វផ្សោត និងធនធានធម្មជាតិសំខាន់ៗនៅតំបន់ទន្លេមេគង្គលើផងដែរ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំយល់ថាអាជ្ញាធរពាក់ព័ន្ធចាំបាច់ត្រូវត្រួតពិនិត្យឱ្យបានតឹងរ៉ឹងបំផុតទៅលើការចាប់ត្រីនៅក្នុងតំបន់ពិសេស គឺតាមដានទៅលើទីផ្សារលក់ត្រី និងតាមដេប៉ូត្រីមួយចំនួននៅក្នុងតំបន់ហ្នឹងដើម្បីឱ្យដឹងថា មិនមានប្រភេទត្រីមេពូជ ឬត្រីជិតផុតពូជដែលហាមឃាត់ដោយច្បាប់មានការជួញដូរក្នុងតំបន់»។
លោកបានបញ្ជាក់ថា ការអភិរក្សនិងការគ្រប់គ្រងសត្វផ្សោតនេះគឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីស្ថាប័នពាក់ព័ន្ធនានា ពិសេសប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានផ្ទាល់។ទន្ទឹមនឹងនេះ ការអភិរក្ស និងការគ្រប់គ្រងសត្វផ្សោតចាំបាច់ត្រូវមានធនធានថវិកា និងជំនាញគ្រប់គ្រាន់សម្រាប់គ្រប់គ្រងប្រភេទសត្វដែលកម្រ៕
វីដេអូ៖