ភ្នំពេញៈ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈឡាវ បានបង្ហាញការប្តេជ្ញារួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន ឧក្រិដ្ឋកម្មអន្តរជាតិ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគីឱ្យប្រសើរឡើងថែមទៀត។ នេះបើតាមកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង និងលោកល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវកាលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២៣ ដែលត្រូវបានចុះផ្សាយដោយក្រសួងមហាផ្ទៃ។
បើតាមក្រសួងមហាផ្ទៃ លោក ល័យ ឡាខាំហ្វង រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវបានថ្លែងថា កិច្ចប្រជុំនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងទាំង ២ និងលើកឡើងអំពីផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឆ្នាំ ២០២២ រវាងក្រសួងទាំង ២ ក្នុងនោះរាប់ទាំងខេត្តជាប់ព្រំដែន។
ជាមួយគ្នានេះលោក ស ខេង ក៏បានលើកឡើងដែរថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះភាគីទាំង ២ ក៏បានចុះហត្ថលេខារួមគ្នាលើឯកសារ ស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ២០២៣ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវផងដែរ។
តាមរយៈកិច្ចប្រជុំ និងការចុះហត្ថលេខារួមគ្នាលើឯកសារស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ ២០២៣ នេះដែរ លោក ស ខេង ក៏បានបង្ហាញការពេញចិត្តចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងទាំង ២ និងមានក្ដីសង្ឃឹមជឿជាក់ថា តាមរយៈបទពិសោធន៍ នៃកិច្ចសហប្រតិបត្តិការ និងការជួបប្រជុំគ្នាជាទៀងទាត់ដូចពេលនេះភាគីទាំង ២ ក៏បានប្តេជ្ញាថា នឹងបន្តធ្វើឱ្យបានកាន់តែប្រសើរការរួមគ្នាទប់ស្កាត់បទល្មើសឆ្លងដែន ឧក្រិដ្ឋកម្មអន្តរជាតិ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមតាមតំបន់ព្រំដែន និងការងារសំខាន់ៗជាច្រើនទៀត។
បើតាមក្រសួងមហាផ្ទៃ ទស្សនកិច្ចការងាររបស់លោកស ខេង និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជានៅប្រទេសឡាវ គឺប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែមីនា តបតាមការអញ្ជើញរបស់ លោក វិល័យ ឡាខាំហ្វង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ ។
ក្រសួងបន្តថា ទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគី ប្រចាំឆ្នាំ រវាងក្រសួងមហាផ្ទៃ នៃព្រះរាជា ណាចក្រកម្ពុជាជាមួយក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយលោក ស ខេង អញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ ២០២២ និងចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពីកិច្ចសហប្រតិបត្តិការឆ្នាំ ២០២៣ សម្រាប់អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំង ២។
សូមរំឭកដែរថា ពាក់ព័ន្ធនឹងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា-ឡាវនេះដែរ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារកម្ពុជា-ឡាវ នាដំណើរទស្សនកិច្ចនៅប្រទេសឡាវកាលពីពាក់កណ្តាល ខែកុម្ភៈ ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវបានពិភាក្សាផ្តោតសំខាន់លើបញ្ហាជាច្រើន លើគ្រប់វិស័យរួមមាន នយោបាយ សន្តិសុខ ការពារជាតិកិច្ចការព្រំដែន និងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន សេដ្ឋកិច្ចសង្គម ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ផ្លូវអាកាស ទេសចរណ៍ ថាមពល និងការអប់រំ។ល។ សំដៅពូនជ្រំថែមទៀត នូវទំនាក់ទំនងជាមិត្តភាព និងភាតរភាពរវាងកម្ពុជា-ឡាវ។
មេដឹកនាំទាំង ២ ក៏បានកត់សម្គាល់ដោយការពេញចិត្តដែលពាណិជ្ជកម្មទ្វេភាគីបានកើនឡើងពី ១៦០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០២១ ដល់ ២១០ លានដុល្លារអាមេរិកនៅឆ្នាំ ២០២២ ខណៈថ្នាក់ដឹកនាំទាំង ២ គូសបញ្ជាក់ថា រាល់ទំនាក់ទំនងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសទាំង ២ នឹងជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគីឱ្យកាន់តែខ្លាំងក្លាថែមទៀត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកសេង វណ្ណលី សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ ថ្លែងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្របខ័ណ្ឌទ្វេភាគីកម្ពុជា-ឡាវ និងក្របខ័ណ្ឌ CVL Cambodia-Vietnam-Laos) នៃប្រទេសអតីតឥណ្ឌូចិន តែងផ្តោតលើកិច្ចការតាមបណ្តោយព្រំដែនជាសំខាន់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសក្នុងតំបន់ត្រីកោណ ដែលមានសក្តានុពលសេដ្ឋកិច្ច និងទេសចរណ៍ ខណៈពីអតីតកាលធ្លាប់មានទំនាស់រវាងប្រទេសជាប់ព្រំដែនទាំង ៣ កម្ពុជា វៀតណាម និងឡាវ។
លោក សេង វណ្ណលី គូសបញ្ជាក់ថា មិនថាកម្ពុជា និងឡាវទេ បូករួមទាំងវៀតណាមកំពុងចរចា និងរួមកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាតាមបន្ទាត់ព្រំដែនឱ្យមានស្ថិរភាព និងជាព្រំដែនសន្តិភាព ដើម្បីសមស្របនឹងគម្រោងវិនិយោគរបស់ចិននៃក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ (BRI) ដែលគេឃើញមានការធ្វើទស្សនកិច្ចជាញឹកញាប់រវាងមេដឹកនាំនៃប្រទេសទាំង ៣ ទៅវិញទៅមក។
លោក វណ្ណលី លើកឡើងថា៖ «ក្រោយវិបត្តិកូវីដ ១៩ រដ្ឋាភិបាលចិន កំពុងពង្រឹងក្របខ័ណ្ឌខ្សែក្រវាត់ និងផ្លូវ (BRI) នៅក្នុងមហាអនុតំបន់ទន្លេមេគង្គ ដែលមានប្រទេសក្របខ័ណ្ឌ CVL ដែលមានត្រីភាគី កម្ពុជា-វៀតណាម-កម្ពុជា នេះហើយជាចំណុចសំខាន់»។
លោកថា ៖ «ប្រទេសទាំង ២ ព្យាយាមសម្របសម្រួលដោះស្រាយបញ្ហាបន្ទាត់ព្រំដែនតាំងពីយូរណាស់មកហើយ តែត្រូវខកខានដោយសារវិបត្តិកូវីដ ១៩ ហើយសព្វថ្ងៃប្រទេសរៀងៗខ្លួន ព្យាយាមដោះស្រាយឡើងវិញ»។
កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា និងឡាវតាមរយៈដំណើរទស្សនកិច្ចទៅវិញទៅមកនៃថ្នាក់ដឹកនាំប្រទេសទាំង ២ មានគោលដៅរកប្រយោជន៍សេដ្ឋកិច្ចពីការវិនិយោគក្នុងស្រុកជាពិសេសពីគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់ចិន៕