ភ្នំពេញ: ក្នុងកិច្ចសហការជាមួយមន្ទីរពេទ្យកុមារជាតិ ដែលជួយកុមារលើផ្នែកវះកាត់ជំងឺមួយចំនួន អង្គការដៃនៃក្តីសង្ឃឹម (Hand of hope non-profit organization) ដែលមានមូលដ្ឋាននៅបរទេស បានផ្ដល់ការវះកាត់ដល់កុមារកម្ពុជា ដោយឥតគិតថ្លៃរយៈពេល ១ សប្ដាហ៍។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់មន្ទីរពេទ្យកុមារជាតិ ដែលបានដកស្រង់ពីអង្គការដៃនៃក្តីសង្ឃឹមបានឱ្យដឹងថា៖ «យើងជាអង្គការវេជ្ជសាស្ត្រ មិនរកប្រាក់ចំណេញ ដែលមានមូលដ្ឋាននៅអឺរ៉ុប គោលដៅរបស់យើង គឺដើម្បីជួយកុមារឈឺ ដែលគ្មានលទ្ធភាពនិងត្រូវការការវះកាត់»។
ប្រភពពីអង្គការបានបន្ដថា៖ «យើងអាចផ្ដល់ជូននូវការវះកាត់ពេញលេញ ដល់កូនរបស់អ្នកដោយឥតគិតថ្លៃនៅក្នុងមន្ទីរពេទ្យកុមារជាតិ ក្នុងរាជធានីភ្នំពេញ ដោយយើងមានក្រុមគ្រូពេទ្យវះកាត់ជំនាញរបស់យើងដើម្បីផ្ដល់ការព្យាបាលដ៏ល្អដល់កូនរបស់អ្នក»។
អង្គការដៃនៃក្តីសង្ឃឹម បាននិងកំពុងបំពេញបេសកកម្មក្នុងការផ្ដល់នូវការវះកាត់ ដល់កុមារមានជំងឺមួយចំនួន ដូចជា ពងស្វាសដែលមិនត្រូវនឹងកន្លែង ក្លនលូន ពីកំណើត ដុំសាច់ ឬដុំសាច់អូវែរ ការខូចទ្រង់ទ្រាយរន្ធគូថការខូចទ្រង់ទ្រាយលិង្គ និងគ្រួសក្នុងថង់ទឹកប្រមាត់ជាដើម។
លោកវេជ្ជបណ្ឌិតកៅ សម្បត្ដិ ឯកទេសជំងឺកុមារ នៅមន្ទីរពេទ្យកុមារជាតិ បានបញ្ជាក់ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ប្រាកដណាស់ បច្ចុប្បន្ននេះ យើងកំពុងទទួលកុមារដែលមានបញ្ហាខាងលើ ក្នុងការពីគ្រោះយោបល់ ព្យាបាល និងវះកាត់ទៅតាមស្ថានភាពជាក់ស្ដែងនៅមន្ទីរពេទ្យ»។
លោកបន្ដថា បើសិនជាស្ថានភាពកុមារត្រូវវះកាត់បន្ទាន់ មន្ទីរពេទ្យនឹងធ្វើការវះកាត់ភ្លាមៗ ហើយបើសិនជាអាចរងចាំ មន្ទីរពេទ្យនឹងធ្វើការណាត់ជួបវះកាត់នៅពេលក្រោយ។
លោក សម្បត្ដិ បានឱ្យដឹងថា ក្នុងកិច្ចសហការនេះ មិនកំណត់ចំនួនអ្នកជំងឺជាកុមារនោះទេ ហើយមន្ទីរពេទ្យបានសហការជាមួយអង្គការអន្ដរជាតិមួយនេះ ជាយូរឆ្នាំមកហើយ។
រយៈពេលនៃការទទួលកុមារ មានអាការជំងឺខាងលើ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី ២០ ខែមីនា ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ ចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ម៉ោង ១២:៣០ រសៀល នៅមន្ទីរពេទ្យកុមារជាតិផ្នែកវះកាត់។
មន្ទីរពេទ្យបានឱ្យដឹងថា៖ «អាស្រ័យដូចនេះ សូមលោកលោកស្រី ដែលមានកូនមានបញ្ហាសុខភាពនិងគ្មានលទ្ធភាពព្យាបាលដូចជំងឺខាងលើ សូមយកកូនមកជួបនឹងក្រុមគ្រូពេទ្យជំនាញរបស់យើងខ្ញុំទៅតាមថ្ងៃដែលបានជម្រាបជូនខាងលើ»។
មន្ទីរពេទ្យកុមារជាតិស្ថិតនៅលើដីឡូត៍លេខ ១០០ មហាវិថីសហព័ន្ធរុស្ស៊ី ខណ្ឌទួលគោក នៅក្បែរគល់ស្ពានអាកាសតិចណូ៕