
លោកប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប) ក្នុងកិច្ចប្រជុំ នាពេលកន្លងមក។ រូបថត ហុង មិនា
ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ណែនាំដល់គណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតឱ្យមានកិច្ចសហការ និងគោរពតាមបទបញ្ជា និងនីតិវិធី ចំពោះការហែក្បួនឃោសនាបោះឆ្នោត និងសកម្មភាពចែកខិត្តប័ណ្ណនៅតាមផ្សារក្នុងអំឡុងពេលឃោសនា សម្រាប់ការបោះឆ្នោតលើកទី១ ជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ និងស្រុកអូរគ្រៀងសែនជ័យ។
សេចក្តីណែនាំរបស់ គ.ជ.ប. ថ្ងៃទី ២១ ខែមីនា បានឱ្យដឹងថា គណបក្សនយោបាយត្រូវមានការរៀបចំជាក្បួន មានបិទបដា ឬ/និងពាក្យស្លោក ឬ/និងសារនយោបាយផ្សេងៗ ភ្ជាប់នឹងយានជំនិះគ្រប់ប្រភេទ និងមានការចាក់ផ្សាយដោយឧបករណ៍បំពងសំឡេង ដោយមានអ្នកចូលរួមចាប់ពី២០នាក់ឡើងទៅ។
ក្នុងអំឡុងពេលឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវធ្វើយ៉ាងច្រើន២ដងក្នុងព្រំប្រទល់ក្រុង ស្រុក ដែលសាមីគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។នេះបើតាមការណែនាំបន្ថែម ដោយបានបញ្ជាក់ថា ការហែក្បួនឃោសនាបោះឆ្នោតក្រៅមណ្ឌលបោះឆ្នោត មិនត្រូវបានអនុញ្ញាតឡើយ។
គ.ជ.ប.បន្ថែមថា ចំពោះការហែក្បួនឃោសនាបោះឆ្នោត និងសកម្មភាពក្នុងផ្សារ ត្រូវជូនដំណឹងពីការហែក្បួនឃោសនាបោះឆ្នោត ជាលាយលក្ខណ៍អក្សរ ទៅគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោត (គ.ខ.ប.)ពាក់ព័ន្ធ យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។
ការជូនដំណឹងនេះត្រូវបញ្ជាក់ឱ្យបានច្បាស់ពីនាមត្រកូល នាមខ្លួន និងអាសយដ្ឋានអចិន្ត្រៃយ៍របស់តំណាងគណបក្ស កាលបរិច្ឆេទ និងពេលវេលានៃការហែក្បួន ទីតាំងប្រមូលផ្តុំ និងតម្រាយផ្លូវដែលត្រូវហែក្បួន និងទីតាំងរំសាយ ចំនួនអ្នកចូលរួម ចំនួនយានជំនិះតាមប្រភេទនីមួយៗ។
គ.ជ.ប.បញ្ជាក់ដែរថា៖«ការជូនដំណឹងពីការធ្វើសកម្មភាពចែកខិត្តប័ណ្ណនៅក្នុងផ្សារគ្រប់គណបក្សនយោបាយទាំងអស់ សាមីគណបក្សនោះត្រូវស្នើសុំទៅអ្នកគ្រប់គ្រងផ្សារ និងជូនដំណឹងជាលាយលក្ខណ៍អក្សរ ទៅ គ.ខ.ប.ពាក់ព័ន្ធយ៉ាងតិចណាស់ឱ្យបាន៣ថ្ងៃមុនធ្វើសកម្មភាព»។
គ.ជ.ប.បន្តថា៖«ការធ្វើសកម្មភាពក្នុងផ្សារ ត្រូវកម្រិតយ៉ាងច្រើន១០នាក់ប៉ុណ្ណោះ និងត្រូវយកចិត្តទុកដាក់គោរព និងរក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងមិនត្រូវយកតាមខ្លួននូវឧបករណ៍បំពងសំឡេងឡើយ»។
ការផ្សព្វផ្សាយតាមឧបករណ៍បំពងសំឡេងអំពីគោលនយោបាយ ឬ/និងកម្មវិធីនយោបាយ ឬ/និងសារនយោបាយរបស់គណបក្សនយោបាយអាចធ្វើបាននៅក្រៅបរិវេណផ្សារ។
លោកហង់ ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ថ្លែងថា ការបោះឆ្នោតនេះជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុកនៃខេត្តទាំង៣ ហើយអ្វីដែលគ.ជ.ប ណែនាំពាក់ព័ន្ធការហែក្បួននេះ គឺអង្គបោះឆ្នោតជាតំណាងឱ្យប្រជាពលរដ្ឋ។
លោកថា ក្នុងនាមជាតំណាងឱ្យប្រជាពលរដ្ឋត្រូវសម្តែងមតិក្នុងពេលបោះឆ្នោត ហើយពេលឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅតាមទីសាធារណៈនេះ ប្រជាពលរដ្ឋនៅក្នុងឃុំ-សង្កាត់នោះ អាចប្រាប់ទៅតំណាងរបស់ខ្លួន ឱ្យបោះឆ្នោតជូនគណបក្សណា ដែលមានគោលនយោបាយល្អ។
លោកហង់ ពុទ្ធា ថ្លែងថា៖«ប្រជាពលរដ្ឋ ពេញចិត្តគណបក្សនយោបាយណា លោកអាចជម្រាបទៅតំណាងរបស់លោក(ក្រុមប្រឹក្សាឃុំ-សង្កាត់) ដែលបានបោះឆ្នោតហើយ និងថា គណបក្សនេះ ល្អជាង ឬគណបក្សនោះល្អជាង។ នេះជាហេតុផលដែល គ.ជ.ប. ធ្វើការណែនាំនិងមានកម្រិតកំណត់សម្រាប់ផ្សព្វផ្សាយនៅតាមទីផ្សារ និងទីសាធារណៈ»។
បើតាម លោកហង់ ពុទ្ធា ចំពោះការហែក្បួនឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ មានរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣។ ក្នុងអំឡុងពេលនោះ គណបក្សនយោបាយមានសិទ្ធិហែក្នុងលក្ខណៈទ្រង់ទ្រាយធំបានចំនួន២ដងប៉ុណ្ណោះដោយមានអ្នកចូលរួមប្រមាណជាជាង២០នាក់ មានការប្រើប្រាស់ឧគ្ឃោសនសព្ទ និងបដាផ្សេងៗ។
ជាមួយគ្នានេះ លោកញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច ឱ្យដឹងថា ក្នុងនាមគណបក្សដែលបានចូលរួមបោះឆ្នោតនេះ ខ្លួនបានទទួលលិខិតណែនាំនេះរួចហើយ។ គណបក្សនឹងចូលរួមអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់គ.ជ.ប.ដើម្បីធ្វើយ៉ាងណា ឱ្យបរិយាកាសនៃការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ និងយុត្តិធម៌ ជាពិសេសសណ្តាប់ធ្នាប់សង្គម។
សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតលើកទី១ ក្នុងការជ្រើសរើសក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុងសំពៅពូន ខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ និងមានគណបក្សនយោបាយចំនួន៣ បានដាក់បេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតនេះ ក្នុងនោះមាន គណបក្សហ៊្វុនស៊ិនប៉ិច គណបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជា៕