ភ្នំពេញៈ នាថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣ មូលនិធិជាតិជំនួយសង្គម បានទទួលនូវអំណោយសម្ភារការិយាល័យជិត ៦០ មុខ ដែលជាអំណោយរបស់រាជរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងអូស្ត្រាលី តាមរយៈអង្គការ GIZ ដើម្បីគាំទ្រការងារមូលនិធិនេះឱ្យផ្ដល់សេវាជំនួយសង្គមប្រកបដោយប្រសិទ្ធភាព។
ការប្រគល់-ទទួលនេះ ត្រូវបានធ្វើឡើងនៅអគារមូលនិធិជាតិជំនួយសង្គម ក្រោមអធិបតីលោកស្រី ញ៉េប សុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
បើតាមលោក ឈួរ សុបញ្ញា អគ្គនាយកមូលនិធិជាតិជំនួយសង្គម បានប្រាប់ឱ្យដឹងនៅថ្ងៃទី២១ ខែមីនា ថា អំណោយដែលរាជរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ និងអូស្ត្រាលី បានផ្ដល់ជូនមកឱ្យមូលនិធិជាតិជំនួយសង្គម សុទ្ធតែជាសម្ភារការិយាល័យទាំងអស់។
លោកថា សម្ភារសរុបចំនួនជិត ៦០ មុខនោះរួមមាន៖ កុំព្យូទ័រយួរដៃចំនួន២៧គ្រឿង,ម៉ាស៊ីនព្រីនចំនួន១២គ្រឿង, ម៉ាស៊ីនថតចម្លងចំនួន៦គ្រឿង, ឧបករណ៍សម្រាប់សន្និសីទឬប្រជុំតាមប្រព័ន្ធអនឡាញចំនួន១ឈុត, ទូរទស្សន៍ចំនួន៦, កាមេរ៉ានិងគ្រឿងបន្លាស់នានាចំនួន១ឈុត រួមទាំង តុ កៅអីការិយាល័យជាដើម។
លោក ឈួរ សុបញ្ញា បានថ្លែងថា ៖ «ជំនួយសម្ភារទាំងនោះសរុបជាថវិកាប្រមាណ ៧ម៉ឺនដុល្លារ ក្នុងការផ្ដល់ជូនមូលនិធិជាតិជំនួយសង្គម សម្រាប់ដំណើរការងារប្រចាំថ្ងៃជាផ្លូវការ ក្នុងការពង្រឹងស្ថាប័ន ជំនួយសង្គម»។
លោកបន្តថា ការផ្តល់ជំនួយសម្ភារទាំងអស់នេះដែរ គឺផ្អែកលើទៅលើចុះអនុស្សរណៈនៃការយោគយល់រវាងអង្គការអភិវឌ្ឍន៍អន្តរជាតិអាល្លឺម៉ង់(GIZ) ជាមួយនឹងមូលនិធិជាតិជំនួយសង្គម។
លោក ឈួរ សុបញ្ញា លើកឡើងថា៖ «ចំពោះសម្ភារទាំងអស់ហ្នឹង វាបានរួមចំណែកក្នុងដំណើរការអនុវត្តការងារ និងគាំទ្រការងារប្រចាំថ្ងៃរបស់មូលនិធិជាតិជំនួយសង្គម។ មួយវិញទៀត វាជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការល្អជាមួយរាជរដ្ឋាភិបាលសហព័ន្ធសហព័ន្ធអាល្លឺម៉ង់ និងរាជរដ្ឋាភិបាលអូស្ត្រាលី ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពក្នុងកាផ្ដល់សេវាជំនួយសង្គមតាមបែបឌីជីថល»។
ជំនួយសម្ភារនេះផងដែរអង្គការGIZ ក៏នឹងផ្តល់ការអភិវឌ្ឍសមត្ថភាពដល់មន្ត្រីនៃមូលនិធិជាតិជំនួយសង្គមដូចជាផ្តល់វគ្គបណ្តុះបណ្តាលទៅលើទ្រឹស្តីនិងរួមទាំងបច្ចេកទេស ហើយជាពិសេសគឺផ្ដល់អ្នកជំនាញ ក្នុងការមកបង្ហាត់បង្រៀនមន្ត្រីនៅមូលនិធិជាតិជំនួយសង្គមខណៈពេលកំពុងអនុវត្តការងារជាក់ស្ដែង៕