ភ្នំពេញៈ កម្ពុជាប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យក្លាយជាយន្តការអនុតំបន់ដើម្បីគាំទ្រដល់ពហុភាគីនិយមក្នុងការកសាងសហគមន៍ដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព។
លោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ថ្លែងថា នៅក្នុងបរិបទពិភពលោកកំពុងធូរស្រាលឡើងវិញពីវិបត្តិសុខភាពសកល ដែលបណ្តាលមកពីជំងឺកូវីដ១៩ និងកំពុងជួបប្រទះជាមួយភាពមិនច្បាស់លាស់មួយចំនួន កិច្ចសហប្រតិបត្តិការត្រូវបានពង្រឹងឱ្យកាន់តែស៊ីជម្រៅក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមទាំងអស់នេះ ដើម្បីធានាឱ្យបាននូវសុវត្ថិភាព និងការបើកទូលាយក្នុងតំបន់។
លោកថ្លែងថា ក្នុងរយៈពេល៧ឆ្នាំកន្លងមកនេះ តាមរយៈការជំរុញកិច្ចសហការយ៉ាងជិតសិ្នទ្ធរវាងប្រទេសសមាជិកមេគង្គ-ឡានឆាង និងការសង្កត់ធ្ងន់លើបំណងប្រាថ្នារួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងអនាគតរួមគ្នាប្រកបដោយវិបុលភាព «យន្តការរបស់យើងរក្សាបាននូវការរីកចម្រើនលើគ្រប់រូបភាពនៃការអភិវឌ្ឍ ជាពិសេសផ្តោតសំខាន់លើការកសាងភាពធន់របស់យើង តាមរយៈកំណើនប្រកបដោយចីរភាព»។
ក្នុងសារលិខិតអបអរសាទរ«ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ក្នុងឱកាសខួប៧ឆ្នាំ នៃកិច្ចសហប្រតិបត្តិការនេះ លោក ប្រាក់ សុខុន ថ្លែងថា ការចាប់ផ្តើមអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣-២០២៧ នឹងផ្តោតសំខាន់លើវិស័យអភិវឌ្ឍន៍ជាអាទិភាព ដោយបន្តកសាងលើសមិទ្ធផលដ៏ធំធេងដែលសម្រេចបានពីផែនការសកម្មភាពកន្លងមក។
លោកថ្លែងថា៖ «ខ្ញុំមានសេចក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី៧ កាលពីឆ្នាំមុន នៅទីក្រុងបាកាន ប្រទេសមីយ៉ាន់ម៉ា ដែលបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវស្មារតីនៃកិច្ចសហប្រតិបត្តិការល្អ សំដៅជំរុញសមាហរណកម្មនៅក្នុងអនុតំបន់របស់យើង»។
បន្ថែមលើនេះ លោកប្រមុខការទូត បានលើកឡើងថា លទ្ធផល «ជាវិជ្ជមាន» នៃការអនុវត្តគម្រោង ក្រោមមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានឆ្លើយតបចំពោះតម្រូវការអភិវឌ្ឍន៍ជាក់ស្តែងរបស់ប្រជាជននៅក្នុងតំបន់មេគង្គ-ឡានឆាង។
សម្រាប់កម្ពុជាគឺបានទទួលអត្ថប្រយោជន៍យ៉ាងច្រើន ពីគម្រោងចំនួន៨០ ក្រោមមូលនិធិពិសេសនេះ ដែលមានទឹកប្រាក់ប្រមាណ ៣១លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះ មានវិស័យអាទិភាពដូចជា វិស័យអភិវឌ្ឍន៍ជនបទ ការកាត់បន្ថយភាពក្រីក្រ ធនធានទឹក កសិកម្ម ការតភ្ជាប់ផ្លូវអាកាស សុខភាព ការអប់រំ ទេសចរណ៍ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការពង្រឹងភាពអង់អាចដល់ស្ត្រី ជាដើម។
លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសចិនក្នុងការប្តេជ្ញាចិត្តដ៏មុតមាំ និងការចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សំដៅ«ធានាភាពជោគជ័យនៃគំនិតផ្តួចផ្តើមនេះរហូតមកដល់សព្វថ្ងៃ»។
លោកទន្ទឹងរង់ចាំនូវការវិវត្តទៅមុខនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការប្រែក្លាយយន្តការអនុតំបន់មួយនេះ ដោយមិនត្រឹមតែបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ (BRI) និងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) និងឈានទៅសម្រេចឱ្យបាននូវខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង នៅក្នុងសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្មអន្តរជាតិថ្មីតាមផ្លូវគោក-សមុទ្រ។
លោក ប្រាក់ សុខុន បញ្ជាក់ថា៖ «នៅក្នុងបរិបទនេះ កម្ពុជានឹងបន្តជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឱ្យក្លាយជាយន្តការមួយនៃយន្តការអនុតំបន់ដែលមានសារៈសំខាន់ សំដៅគាំទ្រដល់ពហុភាគីនិយម ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំរបស់យើង ក្នុងការកសាងសហគមន៍ដែលមានអនាគតរួមគ្នា ប្រកបដោយសន្តិភាព និងវិបុលភាព»។
លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់ការសិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី២១ ខែមីនា ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការតំបន់គឺជាកាតាលីករដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គម សេដ្ឋកិច្ចនិងដោះស្រាយបញ្ហារួម ដែលមានការចូលរួមពីសមាជិកទាំងអស់។
លោកបន្តថា កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង បានដើរតួនាទីយ៉ាងសំខាន់និងច្រើនក្នុងការជួយពង្រឹងនិងស្តារសេដ្ឋកិច្ចអនុតំបន់មេគង្គមួយនេះ ហើយនៅក្រោមក្របខ័ណ្ឌ BRI របស់ចិនក៏បានជួយកសាងផែនការតភ្ជាប់ក្នុងតំបន់សំដៅជួយសម្រួលដល់សកម្មភាពដឹកជញ្ជូន សម្រាលពេលវេលានិងថវិកាក្នុងការដឹកជញ្ជូន ក៏ដូចជាលើកកម្ពស់ជីវភាពប្រជាជនតាមរយៈសកម្មភាពវិនិយោគផ្សេងៗ។
លោកម៉េងដាវិត ថ្លែងថា៖ «ទំនាក់ទំនងកម្ពុជានិងចិនបានធ្វើឱ្យកម្ពុជាក្លាយជាភូមិសាស្រ្តសេដ្ឋកិច្ចស្នូលនៅក្នុងតំបន់ ក៏ដូចជាអាចឱ្យកម្ពុជាដើរតួនាទីច្រើនក្នុងកិច្ចការកសាងសេដ្ឋកិច្ចតំបន់ ថែរក្សាសន្តិសុខនិងស្ថិរភាពតំបន់ និងការលើកកម្ពស់ស្មារតីពហុភាគីនិយមតាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសនៅក្នុងតំបន់ជាមួយនឹងចិន»៕