ភ្នំពេញៈ ថ្នាក់ដឹកនាំខេត្តព្រៃវែង បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងនៅទីប្រជុំជន និងជនបទបន្ថែមទៀត ដើម្បីទាញកំណើនភ្ងៀវទេសចរមកកាន់ខេត្តព្រៃវែងឱ្យច្រើន ខណៈខេត្តមួយនេះក៏មានសក្តានុពលច្រើនដែរ ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅមានកម្រិត។ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តព្រៃវែង រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។
លោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានលើកឡើងថា នាពេលអនាគត សម្រាប់ខេត្ដព្រៃវែង នឹងក្លាយទៅជាគោលដៅទេសចរណ៍ថ្មី១ប្រកប ដោយសក្កានុពលក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងស្រុកឱ្យមកកម្សាន្ដកាន់តែច្រើនថែមទៀត។ លោកបន្តថា ជាផែនការរបស់ខេត្ត បច្ចុប្បន្នបាននិងកំពុងយកចិត្ដទុកដាក់លើការជំរុញដល់ការងារកសាងជួសជុល ថែទាំ ផ្លូវជាតិ ផ្លូវខេត្ត និងបន្តកសាងផ្លូវខេត្ត ផ្លូវជនបទ ឱ្យមានគុណភាពខ្ពស់ ក្នុងគោលបំណងតភ្ជាប់បណ្តាញផ្លូវពីទីរួមខេត្ត ទៅស្រុក និងពីស្រុកមកទីរួមខត្ត។លោកបានបញ្ជាក់ថា៖«រដ្ឋបាលខេត្តព្រៃវែង បានបន្តជំរុញសកម្មភាពសំខាន់ៗ ដូចជា បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទីប្រជុំជន និងជនបទ តាមសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន ពិសេសរួមចំណែកអភិវឌ្ឍខេត្តឱ្យមានសម្ទុះរីកចម្រើន»។
ជាមួយគ្នានេះ លោកបានបញ្ជាក់ដែរថា ចំពោះតំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ ដែលមានផ្ទៃបឹង ទំហំ៣ ៥៥៧ហិកតា ជាប្រភពទឹកដ៏សំខាន់មិនដែលរីងស្ងួតគ្រប់រដូវ និងមានភាពទាក់ទាញយ៉ាងខ្លាំងដល់ការវិនិយោគផ្នែកវិស័យទេសចរណ៍ ខណៈបច្ចុប្បន្នក៏មានបណ្តាក្រុមហ៊ុនមួយចំនួនកំពុងសិក្សា ដើម្បីបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ដែលរដ្ឋបាលខេត្តកំពុងពិនិត្យសិក្សាលើគម្រោងទាំងនោះផងដែរ។
មិនតែប៉ុណ្ណោះ លោកអភិបាលខេត្តអះអាងថា រដ្ឋបាលខេត្ត ក៏បានសហការជាមួយអន្តរក្រសួង ដែលដឹកនាំដោយក្រសួងបរិស្ថាន ដើម្បីដាក់បញ្ចូលរៀបចំបង្កើនជាតំបន់បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ជាតំបន់ការពារដោយ អនុក្រឹត្យនាពេលឆាប់ៗនេះ។
បើតាមលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែងបានឱ្យដឹងថា រយៈពេល ៥ឆ្នាំមកនេះ ការងារសាធារណការ និងដឹកជញ្ជូន បានធ្វើការថែទាំ និងស្ថាបនាផ្លូវរបស់ខេត្តរួមមាន ស្ថាបនាផ្លូវក្រាលកៅស៊ូបានប្រវែងជាង ២២៨ គីឡូម៉ែត្រ ផ្លូវបេតុងប្រវែងជាង ២៣ គីឡូម៉ែត្រ ផ្លូវដីល្បាយថ្ម ក្រាលក្រួសក្រហម និងខ្សាច់ភ្នំប្រវែងជាង ៤៧១ គីឡូម៉ែត្រ ក្នុងនោះខេត្តមាន ស្ពានចំនួន ២០កន្លែង មានប្រវែង ៥៩៤ម៉ែត្រ, លូមូលបណ្តោយផ្លូវប្រវែងជាង ៥គីឡូម៉ែត្រ។
លោកបញ្ជាក់ថា ដោយសារវិស័យទេសចរណ៍ត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាឱស្សាហកម្មគ្មានផ្សេង ហេតុនេះជាចក្ខុវិស័យរបស់ខេត្តគឺនឹងខំជំរុញកំណើនទេចរ តាមរយៈការខិតខំសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ឱ្យល្អបន្ថែមទៀត។
បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តព្រៃវែង បានបង្ហាញថា ខេត្តព្រៃវែង មានរមណីយដ្ឋានប្រវត្តិសាស្ត្រ ចំនួន ១កន្លែង គឺរមណីយដ្ឋានប្រវត្តិសាស្ត្រនគរភ្នំ ស្ថិតក្នុងស្រុកបាភ្នំ។ មានរមណីយដ្ឋានធម្មជាតិចំនួន ៣កន្លែង គឺរមណីយដ្ឋានទូលពន្ធតាឡីបឹងស្នេហ៍ ដែលមានសត្វស្លាប ជាច្រើន ប្រភេទ ពី១៥ម៉ឺនទៅ២០ម៉ឺនក្បាល កំពុងរស់នៅ, រមណីយដ្ឋានស្ទឹងចារ (ស្រុកកំចាយមារ) និងរមណីយដ្ឋាន ដីដុះ (សកពាមជរ)។ ជាងនេះទៀត ខេត្តក៏មាន រមណីយដ្ឋានវប្បធម៌ចំនួន ៣កន្លែង គឺរមណីយដ្ឋានទួលបារាយអណ្តែតរមណីយដ្ឋានទួលអស់លោក ប្រធាតុ (ក្រុងព្រៃវែង) និងរមណីយដ្ឋានប្រាសាទព្រៃដើមស្រុក (ស្រុកស៊ីធរកណ្ដាល) ។
ដោយឡែក ក្នុងរយៈពេល៥ឆ្នាំ ពោលចាប់ពីឆ្នាំ២០១៨-២០២២មានភ្ញៀវទេសចរសរុបចំនួន១ ៩២០ ៣៤៤នាក់ទៅកាន់ខេត្តព្រៃវែង ដោយក្នុងនោះភ្ញៀវទេសចរជាតិចំនួន១ ៩០៥ ៧៦៥នាក់ និងភ្ញៀវទេសចរអន្តរជាតិ សរុបចំនួន ១៤ ៥៧៩នាក់៕