ពោធិ៍សាត់ៈ កុមារមានពិការភាពចលករខួរក្បាល និងកុមារពិការសតិបញ្ញាជិត ៨០ នាក់រស់នៅក្នុងខេត្តពោធិ៍សាត់ ទទួលបានឱកាសសិក្សាថ្នាក់សមាហរណកម្មពីអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ (DDSP) ដើម្បីជួយពួកគេឱ្យមានទំនាក់ទំនងក្នុងសង្គម និងជួយសម្រាលបន្ទុកអាណាព្យាបាលដែលភាគច្រើនក្រីក្រ។
អង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ(DDSP)បានអះអាងថា មានកុមារមានពិការភាពចលករខួរក្បាល និងកុមារពិការសតិបញ្ញាយ៉ាងហោចណាស់៧៨នាក់(ស្រី២៧នាក់)ស្ថិតក្នុងខេត្តពោធិ៍សាត់កំពុងទទួលបានឱកាសសិក្សាថ្នាក់សមាហរណកម្មពីអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ។
អង្គការនេះបានបញ្ជាក់ថា ការសិក្សា គឺដើម្បីជួយដល់កុមារមានពិការភាពចលករខួរក្បាលស្រាល និងធ្ងន់ធ្ងរ និងកុមារពិការសតិបញ្ញា បានទទួលការសិក្សាអប់រំ ក្នុងការមានទំនាក់ទំនងក្នុងសង្គម និងជួយសម្រាលបន្ទុកអាណាព្យាបាលដែលភាគច្រើនមានស្ថានភាពក្រីក្រ។
លោកផែង សំណាង នាយកប្រតិបត្តិនៃអង្គការ DDSP បានថ្លែងថា ការផ្តល់ការសិក្សាដល់កុមារទាំងនេះ គឺចាប់ផ្តើមគម្រោងដំបូងក្នុងឆ្នាំ២០០៥ ដោយមានថ្នាក់សមាហរណកម្ម ដែលមានត្រឹមតែ១ថ្នាក់ប៉ុណ្ណោះ នៅក្នុងសាលាបឋមសិក្សាព្រៃញី ក្នុងនោះមានបង្រៀនកុមារ១៥នាក់។
លោកបានបន្តថា រហូតមកទល់ដើមឆ្នាំ២០២៣ ថ្នាក់សមាហរណកម្ម មាន៧ថ្នាក់ ហើយបានបង្រៀនកុមារមានពិការភាពចលករខួរក្បាល និងកុមារពិការសតិបញ្ញាសរុបដល់៧៨នាក់តាមរយៈថ្នាក់សមាហរណកម្មនៅសាលាបឋមសិក្សាព្រៃញី បឹងខ្នារ កែវសុវណ្ណ និងសាលាបឋមសិក្សាតាលោ ដែលស្ថិតក្នុងខេត្តពោធិ៍សាត់។
លោក បានបញ្ជាក់ថា៖«កុមារមានពិការភាពខ្លះ ត្រូវបានអាណាព្យាបាលទុកចោល ឬជួនកាលចងនៅសសរផ្ទះឬជីកដាក់ក្នុងរណ្តៅក្រោមផ្ទះដើម្បីអាចឆ្លៀតចេញទៅធ្វើការងាររកចំណូលខាងក្រៅបាន។ ដូច្នេះការបញ្ជូន
កុមារមកថ្នាក់សមាហរណកម្ម នឹងជួយមើលកុមារជំនួសគ្រួសារ ដើម្បីមានពេលទៅរកចំណូល ព្រមទាំងជួយពង្រឹងសមត្ថភាពកុមារពិការចលករខួរក្បាល និងកុមារពិការសតិបញ្ញា ដែលពិបាកក្នុងការចូលរៀនសាលាចំណេះដឹងទូទៅ ឱ្យចេះទំនាក់ទំនងក្នុងគ្រួសារ ឬសង្គមឡើងវិញ»។
លោកលោក ផែង សំណាង បានបន្ថែមថា ដោយមានកិច្ចអន្តរាគមន៍ពីក្រសួងអប់រំ និងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់នៅ២ឆ្នាំចុងក្រោយនេះ សាលារៀនទាំង៤បានយល់ព្រមបញ្ចូលឈ្មោះកុមារមានពិការភាពចលករខួរក្បាល និងកុមារពិការសតិបញ្ញាទៅក្នុងបញ្ជីឈ្មោះសិស្សរបស់សាលារៀនហើយ។
ទោះជាយ៉ាងណា លោកថា ក្រសួងអប់រំ មិនទាន់គាំទ្រជាគ្រូបង្រៀនក្របខ័ណ្ឌរដ្ឋសម្រាប់ថ្នាក់សមាហរណកម្មឡើយ ខណៈគ្រូបង្រៀនជិត២០ឆ្នាំមកនេះ ត្រូវបានផ្តល់សេវាកម្មដោយគ្រូបង្រៀនស្ម័គ្រចិត្ត និងទទួលប្រាក់ឧបត្ថម្ភពីអង្គការក្រៅរដ្ឋាភិបាលនៅឡើយ។
លោកបានបញ្ជាក់បន្ថែមថា៖«កុមារមានពិការភាពភាគច្រើនមកពីគ្រួសារក្រីក្រ។ ចង់មិនចង់ យើងត្រូវថែរក្សាពួកគាត់រហូតដល់ថ្ងៃចុងក្រោយ។ ប្រសិនបើគ្រួសារគាត់គ្មានលទ្ធភាព យើងត្រូវស្វះស្វែងរកធនធានជួយពួកគាត់តាមដែលអាចធ្វើទៅបានដើម្បីឱ្យកុមារមានការយល់ដឹងអក្សរសាស្ត្រ លេខគណិត ការថែទាំអនាម័យខ្លួនប្រាណ និងមានបំណិនជីវិតជាដើម»។
កម្មវិធីដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា[CCOSC] និងអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ ធ្វើការរួមគ្នា ដើម្បីផ្តល់សិទ្ធិចូលរៀនសាលាបឋមសិក្សាប្រកបដោយសមធម៌សម្រាប់កុមារបាត់បង់ឱកាសសិក្សា។ មានសមិទ្ធផលជាច្រើនត្រូវបានធ្វើឡើងដើម្បីយកឈ្នះលើឧបសគ្គផ្នែកសេដ្ឋកិច្ចរាងកាយ អាកប្បកិរិយា និងស្ថាប័នដែលរារាំងដល់ការអប់រំ។ កម្មវិធីដៃគូរួមគ្នា ក៏លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃសេវាអប់រំផងដែរដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពបង្រៀន។ នេះបើតាមការអះអាងរបស់អង្គការ DDSP។
អ្នកស្រីកាក់ ស្រីមុំ ជាគ្រូបង្រៀនកុមារពិសេសនៅសាលាបឋមសិក្សា កែវ សុវណ្ណ ដែលមានកុមារប្រភេទនេះចំនួន៣០នាក់បានថ្លែងថា វាពិតជាអស្ចារ្យដែលអ្នកស្រីបានជួយឱ្យក្មេងៗទាំងនេះទទួលបានភាពកក់ក្តៅ និងមានទំនាក់ទំនងជាមួយគ្រួសារ និងសង្គមឡើងវិញ។ តាមរយៈការបង្រៀនពួកគេពីវិធីសាស្ត្រខុសពីការបង្រៀនក្មេងៗទូទៅ អ្នកស្រី បានអះអាងថា កុមារដែលទទួលបានការសិក្សា គឺពួកគេអាចទទួលបានភាពប្រសើរជាងមុន បើប្រៀបធៀបនឹងកុមារដែលមានពិការភាពចលករខួរក្បាល និងកុមារពិការសតិបញ្ញា ដែលមិនបានទទួលការសិក្សា។
អ្នកស្រី បានបញ្ជាក់ថា៖«ដោយសារតែកុមាររបស់យើងគាត់មិនមែនជាកុមារដែលមានសតិបញ្ញាដូចកុមារធម្មតា អ៊ីចឹងយើងបណ្តុះបណ្តាលគាត់ មានលក្ខណៈខុសគ្នា ដោយការបង្រៀនរបស់យើង គឺពឹងផ្អែកទៅលើសម្ភារឧបទេសច្រើន។ កុមារខ្លះ គាត់អត់ស្គាល់អស់ទេ សម្រាប់ឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះប្រចាំថ្ងៃ។ ប៉ុន្តែតាមការបង្រៀនរបស់យើង គឺមានផលិតសម្ភារទាំងអស់ហ្នឹង ដើម្បីបង្ហាញពួកគាត់»។
គ្រូបង្រៀនដែលអង្គុយនៅលើរទេះរុញ ដោយសារជើងទាំងគូស្វិតពីកំណើតរូបនេះ បានរៀបរាប់បន្តថា៖«ភាពវិជ្ជមានដែលគាត់ផ្លាស់ប្តូរគឺគាត់ចេះគួរសម ចេះជម្រាបសួរ ចេះសំពះយើង។ យើងឱ្យគាត់យល់ដឹងពីអនាម័យ សម្លៀកបំពាក់ ការញ៉ាំ ក្រចកដៃជើង។ គាត់ព្យាយាមធ្វើអ្វីដោយខ្លួនឯងបាន បើទោះមិនល្អ តែគាត់អាចធ្វើបានខ្លួនឯងដោយមិនរំខានដល់អាណាព្យាបាលច្រើនដូចមុន។ យើងក៏សប្បាយចិត្តសូម្បីអាណាព្យាបាល ក៏ពួកគាត់សប្បាយចិត្តនឹងកូនពួកគាត់ដែរ»។
ជាមួយនឹងវិជ្ជមាននេះ អ្នកស្រី កាក់ ស្រីមុំ ជំរុញលើកទឹកចិត្ដ និងអំពាវនាវឱ្យអាណាព្យាបាលកុមារដែលមានបញ្ហាបែបនេះយកចិត្តទុកដាក់លើពួកគេ និងកុំទុកពួកគេចោល ដោយត្រូវបញ្ចូលពួកគេមកសាលារៀនតាមដែលអាចធ្វើទៅបានដើម្បីកុំឱ្យពួកគេមានគម្លាតពីសង្គម ហើយក្លាយទៅជាបន្ទុកធ្ងន់ធ្ងរដល់គ្រួសារ៕