ភ្នំពេញៈ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរកម្សាន្តប្រកបដោយស្មារតីទទួលខុសត្រូវ នៅក្រសួងបរិស្ថាន នាថ្ងៃទី ២២ ខែមីនា លោក ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការជាមួយវិស័យឯកជន ដើម្បីពង្រឹងភាពជាដៃគូ និងដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ។
មន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានរូបនេះ ឱ្យដឹងថា ការជួបជុំក្នុងសន្និសីទនេះជាព្រឹត្តិការណ៍ដ៏សំខាន់ សម្រាប់ទាំងអស់គ្នា ព្រោះ ជាការជួបជុំដ៏ពិសេសមួយសម្រាប់ដៃគូអភិវឌ្ឍន៍សាធារណៈ ឯកជន និងដៃគូអភិវឌ្ឍន៍ ជួបពិភាក្សាផ្លាស់ប្តូរការងារ និងកង្វល់ទាក់ទងនឹងបរិស្ថាន ការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព។
លោកជួប ប៉ារីស បញ្ជាក់ថា៖«យើងជួបជុំគ្នា ដើម្បីផ្លាស់ប្តូរអំពីផែនការ អាទិភាព និងការសហការរបស់យើងផងដែរ ដើម្បីកសាងគោលដៅរួមរបស់យើងសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត»។
លោកលើកឡើងថា បេសកកម្មរបស់ក្រសួងបរិស្ថាន គឺដើម្បីគ្រប់គ្រង និងការពារធនធានធម្មជាតិ ដើម្បីប្រជាជនកម្ពុជាគ្រប់ជំនាន់ទទួលបានផលប្រយោជន៍។ លោកថា អនុវត្តតាមគោលបំណងនេះ ការបណ្តុះបណ្តាល និងការរួបរួមគ្នានៃវិស័យទេសចរណ៍ ព្រមទាំងសកម្មភាពរបស់សង្គមស៊ីវិល គឺជាតម្រូវការមួយដើម្បីការពារ និងធ្វើឱ្យធនធានធម្មជាតិរបស់ប្រទេសកម្ពុជាមានសោភណភាព។
លោកJacques GUICHANDUUT នាយកគ្រប់គ្រងក្រុមហ៊ុន All Dreams Cambodia លើកឡើងថា កម្ពុជាជាប្រទេស១ក្នុងចំណោមប្រទេសងាយរងគ្រោះបំផុតចំពោះការប្រែប្រួលអាកាសធាតុ ហើយការបំពុលដោយប្លាស្ទិក គឺជាផ្នែក១នៃបញ្ហា។ ក្នុងទីក្រុងភ្នំពេញតែ១ មានថង់ប្លាស្ទិកប្រមាណ១០លានត្រូវបានប្រើប្រាស់ជារៀងរាល់ថ្ងៃ។
លោកបន្តថា ប្លាស្ទិកភាគច្រើនប្រើប្រាស់ក្នុងវិស័យទេសចរណ៍ ត្រូវបានផលិត ដើម្បីបោះចោល ហើយជារឿយៗមិនអាចកែច្នៃឡើងវិញបានដែលនាំឱ្យមានការបំពុលយ៉ាងច្រើន។ ទន្ទឹមនឹងការបំផ្លាញជីវចម្រុះ ការផលិតប្លាស្ទិកថ្មីជាង ៣០០លានតោន ជារៀងរាល់ឆ្នាំ ធ្វើឱ្យបាត់បង់ធនធានធម្មជាតិ និងរួមចំណែកដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលឱ្យមានការប្រែប្រួលអាកាសធាតុ។
លោកបញ្ជាក់ថា៖«ការបំពុលដោយប្លាស្ទិក គឺជាបញ្ហាប្រឈមផ្នែកបរិស្ថានដ៏សំខាន់មួយនៅសម័យរបស់យើង ហើយអ្នកទេសចរ មានតួនាទីសំខាន់ក្នុងការរួមចំណែកដល់ដំណោះស្រាយ»។
លោកបន្តថា All Dreams Cambodia បានធ្វើការឆ្ពោះទៅរកនិរន្តរភាពក្នុងវិស័យទេសចរណ៍អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយទទួលយកផលប៉ះពាល់ដែលឧស្សាហកម្ម១នេះមានលើបរិស្ថានយ៉ាងខ្លាំង ហើយបាននិងកំពុងតស៊ូមតិអំពីគោលបំណងនេះនៅពេលណាដែលក្រុមហ៊ុនអាចធ្វើបាន។
លោកថា៖«យើងប្តេជ្ញាខ្លួនយើងក្នុងការគោរពសហគមន៍ សង្គម កាត់បន្ថយកាបូនរបស់យើង។ ប្រកាន់ខ្ជាប់នូវសុខុមាលភាពសត្វរបស់យើង ហើយមានគោលបំណងជាមួយរាល់ដំណើរកម្សាន្តថ្មី ដែលយើងអភិវឌ្ឍដើម្បីការពារបរិស្ថាន ជួយអ្នកស្រុកក្នុងការអភិវឌ្ឍជីវភាពរស់នៅរបស់ពួកគេ និងរួមចំណែកក្នុងវិធីតូចតាចរបស់យើង ដើម្បីធ្វើឱ្យប្រទេសយើង និងភពផែនដីនេះជាកន្លែងប្រសើរ»។
លោកបន្ថែមថា All Dream Cambodia លើកកម្ពស់ការទិញសិប្បកម្ម និងវត្ថុអនុស្សាវរីយ៍ ដែលផលិតក្នុងស្រុក ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់សហគមន៍ មូលដ្ឋាន។ ជាងនេះទៀត ក្រុមហ៊ុន ក៏ធានានូវលទ្ធភាពទទួលបានថាមពល និងទឹកដល់សហគមន៍មូលដ្ឋាន ដោយលើកទឹកចិត្តឱ្យមានឥរិយាបថ ប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវបន្ថែមទៀត។
លោកបញ្ជាក់ថា៖«យើងទិញទឹកចម្រោះ របស់យើងពីក្រុមហ៊ុន TEUK SAAT ១០០១ ដែល ជាអង្គការក្នុងស្រុក ហើយបរិច្ចាគ ២ដុល្លារសម្រាប់អតិថិជនរបស់យើងម្នាក់ៗ ដើម្បីផ្តល់ទឹកស្អាត ដោយឥតគិតថ្លៃ សម្រាប់រយៈពេល១ឆ្នាំដល់កុមារ»។
នាយកគ្រប់គ្រងក្រុមហ៊ុន All Dreams Cambodia លើកឡើងផងដែរថា ក្រុមហ៊ុនលោកលើកទឹកចិត្តបុគ្គលិកឱ្យប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ កង់អេឡិចត្រូនិក និង/ឬដើរនៅពេលណា ដែលអាចធ្វើទៅបាន។ ជាមួយគ្នានោះក៏ព្យាយាមអស់ពីសមត្ថភាព ដើម្បីទិញផលិតផលដែលមានការបញ្ជាក់ពីបរិស្ថានផងដែរ៕