
ស្ត្រីចំណាស់ម្នាក់កំពុងទាញខ្សែកូរវិតស្ករត្នោតនៅក្នុងខ្ទះ។ រូបថត សហការី
កំពង់ស្ពឺៈ ពី ១ ឆ្នាំ ទៅ ១ ឆ្នាំទីផ្សារស្ករត្នោតកំពង់ស្ពឺ កាន់តែមានវិសាលភាពទូលំទូលាយ ដោយសារតែតម្រូវការទីផ្សារអន្តរជាតិ និងទីផ្សារក្នុងស្រុក កាន់តែមានការកើនឡើង ខណៈដែលកសិករជាអ្នកឡើងត្នោតមួយចំនួនធំ ឈានចូលវ័យចំណាស់ ធ្វើឱ្យកម្លាំងនៃការផលិតមិនអាចបំពេញតាមតម្រូវការទីផ្សារបានគ្រប់ចំនួនកំណត់ឡើយ។
លោក វី វាសនា ដែលជាជំនួយការទូទៅ នៃសមាគមស្ករត្នោតកំពង់ស្ពឺ បានបង្ហាញពីក្តីបារម្ភចំពោះចំនួនសមាជិកនៃកសិករនៅក្នុងសមាគម ដែលមានចំនួនមិនទៀងទាត់ និងបានជះឥទ្ធិពលទៅលើបរិមាណផលិត ហើយក្មេងៗជំនាន់ក្រោយ មិនចាប់អារម្មណ៍ក្នុងការបន្តអាជីពនេះពីគ្រួសាររបស់ពួកគេនោះទេ។
លោក វី វាសនា បានឱ្យដឹងថា៖ «សម្រាប់តម្រូវការទីផ្សារនាពេលបច្ចុប្បន្ននេះ មិនមែនជាបញ្ហាប្រឈមសម្រាប់សមាគមកសិកម្មស្ករកំពង់ស្ពឺនោះទេ ប៉ុន្តែអ្វីដែលជាបញ្ហាប្រឈមពិតប្រាកដនោះគឺចំនួនកសិករមិនទៀងទាត់ឡើងចុះៗ»។
ប្រភពដដែលបន្តថា កាលពីឆ្នាំមុន តម្រូវការទីផ្សារស្ករត្នោតប្រភេទម្សៅមានរហូតដល់១៥០តោន ប៉ុន្តែកម្លាំងរបស់សហគមន៍អាចផ្គត់ផ្តង់បានត្រឹម ៧០តោនប៉ុណ្ណោះ។ ចំណែកឆ្នាំនេះតម្រូវការមានជាង ១០០តោនដដែលពោលគឺមិនតិចជាងឆ្នាំមុនឡើយ ប៉ុន្តែមកទល់ពេលនេះសហគមន៍ប្រមូលបានបរិមាណស្ករត្រឹម ៣០តោន ខណៈពេលវេលានៅសល់ត្រឹម ៣ខែទៀតប៉ុណ្ណោះដើម្បីផលិត។
លោក វី វាសនា បានឱ្យដឹងទៀតថា៖ «ភាគច្រើនអ្នកឡើងត្នោតមានអាយុចន្លោះពី៣០ក្រាស់រហូតទៅដល់៧០ឆ្នាំ ឬ៧០ឆ្នាំជាងក៏មានដែរ វ័យរបស់ពួកគាត់ កាន់តែចាស់ជរា ឯក្មេងៗ ដែលពេញកម្លាំងពួកគាត់ភាគច្រើនងាកទៅប្រកបការងាររោងចក្រ សំណង់ទៅវិញ ព្រោះដោយសារតំបន់ស្ករត្នោតយើង ស្ថិតនៅក្បែរនៅតំបន់អភិវឌ្ឍន៍ដែលមានរោងចក្រសហគ្រាសច្រើន»។
ក្រៅតែពីបញ្ហាកម្លាំងពលកម្ម លោក វី វាសនា ក៏បានឱ្យដឹងពីបញ្ហាប្រឈមមួយទៀត គឺការបាត់បង់ដើមត្នោតមួយចំនួនធំ តាមរយៈការអភិវឌ្ឍឈូសឆាយធ្វើដីឡូត៍។ ប៉ុន្តែបញ្ហានេះ មិនជាបញ្ហាធំពេកទេ ដោយសារខាងសមាគមតែងតែធ្វើការបង្រៀននិងចុះណែនាំទៅដល់កសិករ ដើម្បីទប់ស្កាត់ការកាប់ដើមត្នោតទោះបីជាគាត់លក់ដីក្តី តែសហគមន៍ស្នើឱ្យគាត់រក្សាដើមត្នោត ខណៈមានកសិករខ្លះគាត់បានដាំដើមត្នោតថែមទៀត។
បច្ចុប្បន្ន សមាគមដែលបានបង្កើតឡើងតាំងពីឆ្នាំ ២០០៨ មានសមាជិកប្រមាណ ១៦៥គ្រួសារ និងផលិតស្ករត្នោត ៤ ប្រភេទ ដែលមានដូចជា ស្ករសាច់ ស្ករម្សៅ ស្ករសេរ៉ូ និងស្ករផែន សម្រាប់ផ្តត់ផ្គង់ដៃគូចំនួន១១ ក្នុងនោះក្រុមហ៊ុនចំនួន ៩ និងអាជីវករមួយចំនួន។ ក្នុងចំណោមស្ករត្នោត ៤ប្រភេទនេះ ស្ករសាច់ គឺជាស្ករចម្បងសម្រាប់ផ្តត់ផ្គង់ក្នុងស្រុក និងស្ករម្សៅផលិតសម្រាប់នាំចេញទៅបរទេស។
ដោយឡែក ទាក់ទិននឹងតម្លៃរបស់សហគមន៍ស្ករត្នោតកំពង់ស្ពឺ លោក វី វាសនា បានឱ្យដឹងថា តម្លៃតែងមានការកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ បើទោះបីមិនមានការកើនឡើងច្រើនក្តី។
លោក វាសនា បន្តថ្លែងថា «ឧទាហរណ៍ដូចស្ករសាច់កាលពីឆ្នាំមុន កសិករខ្លះគាត់អាចលក់បានពី៥ពាន់ ទៅ៥ ៥០០ រៀលក្នុង១គីឡូក្រាម ហើយមកដល់ឆ្នាំ ២០២៣នេះ កសិករខ្លះគាត់អាចលក់បានពី ៦ពាន់ ទៅ ៦ ៥០០ រៀល ខណៈតំបន់ខ្លះ កសិករគាត់អាចលក់បានរហូតដល់៧ពាន់រៀលក៏មាន»
លោក វាសនាបន្តថា៖«ចំណែកឯស្ករម្សៅវិញ មានការកើនឡើងពី ៦ ៨០០រៀលរហូតដល់ ៧ ២០០ រៀលសម្រាប់ស្ករប្រភេទ GI ឯសម្រាប់ស្ករសរីរាង្គ កើនដល់ ៧ ៣០០រៀល»។
បន្ថែមពីលើនេះ ជំនួយការទូទៅនៃសមាគមស្ករត្នោតកំពង់ស្ពឺ ថ្លែងថា៖ «ខ្ញុំចង់ឱ្យកសិករនិងអាជីវករ ឬបងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស បន្តជួយគាំទ្រទៅដល់ស្ករត្នោតប្រភេទនេះបន្ថែមទៀតហើយបើសិនជាមានការគាំទ្រខ្ពស់ កសិករអាចនឹងងាកមកឡើងត្នោតវិញ»៕