
ព្រះសង្ឃ និងក្រុមអភិរក្ស លែងអណ្តើកហ្លួង ចូលក្នុងទីជម្រកធម្មជាតិ តាមប្រព័ន្ធព្រែកស្រែអំបិល ក្នុងស្រុកស្រែអំបិល កាលពីថ្ងៃទី២២មីនា។ រូបថត WCS Cambodia
កោះកុងៈ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា សហការជាមួយ Mandai Nature និងរដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី ២២ ខែមីនា បានលែងអណ្ដើកហ្លួងឬអណ្ដើកសរសៃចំនួន ២០ ក្បាល ចូលក្នុងទីជម្រកធម្មជាតិ តាមប្រព័ន្ធព្រែកស្រែអំបិលស្ថិតក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រធានគម្រោងអភិរក្សអណ្ដើកហ្លួងនៃអង្គការ WCS លោក សោម ស៊ីថា បានឱ្យដឹងថា អណ្ដើកហ្លួងទាំង ២០ក្បាល ដែលបានលែងនេះ ត្រូវបានក្រុមអភិរក្សប្រមូលយកក្រោយពីបានញាស់ពីសំបុកដែលបានការពារតាមដងព្រែកស្រែអំបិល និងព្រែកកំពង់សីលា ក្នុងខេត្តកោះកុង និងព្រះសីហនុចន្លោះពីឆ្នាំ២០០៦ ដល់ ២០១៦។
លោកបានបន្តថា ៖ «កូនញាស់នេះ ត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង ដើម្បីចិញ្ចឹមថែទាំឱ្យធំលូតលាស់មុននឹងលែងចូលទៅក្នុងទីជម្រកធម្មជាតិរបស់វាវិញនាថ្ងៃនេះ»។
ចំណែក លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានសាទរយ៉ាងក្រៃលែងចំពោះការចូលរួមពីអាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងជាពិសេសអង្គការ WCS ដែលបាននិងកំពុងស្ដារប្រភេទអណ្តើកដែលកំពុងរងគ្រោះនេះឱ្យមានវត្តមានក្នុងដែនទឹកធម្មជាតិនេះឡើងវិញ។
លោកមានប្រសាសន៍ថា៖ «ក្នុងឆ្នាំ២០១៩ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចដាក់បញ្ចូលប្រព័ន្ធព្រែកស្រែអំបិល និងព្រៃលិចទឹកតាមដងព្រែក ក្នុងប្រកាសលេខ ១៣៣ ស្ដីពីការបង្កើតតំបន់គ្រប់គ្រងអណ្ដើកហ្លួង ឬអណ្ដើកសរសៃ និងក្រពើត្រី។ ដូច្នេះ រាល់ការកាប់ទន្ទ្រានព្រៃលិចទឹកតាមដងព្រែកដើម្បីយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន គឺជាទង្វើល្មើសច្បាប់ជលផល»។
លោក អ៊ុក វិបុល ក៏បានក្រើនរំឭកដល់សហគមន៍មូលដ្ឋាន ឱ្យចៀសវាងការជួញដូរប្រភេទសត្វដ៏កម្រនេះ។
ជាមួយគ្នានេះ នាយកអង្គការ Mandai Nature លោក សុនចា ឡូហ្ស (Dr. Sonja Luz) ក៏បានចូលរួមអបអរសាទរការដែលអាជ្ញាធរមូលដ្ឋាន និងអង្គការ WCS បានខិតខំប្រឹងប្រែងរួមគ្នាការពារនិងអភិរក្សអណ្ដើកហ្លួងទាំងនេះផងដែរ។
លោកថា ការលែងអណ្ដើកហ្លួងបន្ថែមទៀត ចូលទៅក្នុងទីជម្រកធម្មជាតិ បានបង្ហាញពីជោគជ័យនៃកិច្ចប្រឹងប្រែងអភិរក្សដោយមានការចូលរួមបានយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ។
លោក ថ្លែងថា ៖ «ការចូលរួមយ៉ាងសកម្មរបស់អាជ្ញាធរមូលដ្ឋាននិងសហគមន៍ ពិតជាមានសារៈសខាន់ក្នុងការធានាដល់កំណើនសត្វអណ្តើកប្រភេទនេះនៅក្នុងទីជម្រកធម្មជាតិ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការ WCS បានឱ្យដឹងថា អណ្ដើកហ្លួងនេះ ស្ថិតក្នុងប្រភេទអណ្ដើកគោក និងទឹកសាបចំនួន ២៥ប្រភេទ ដែលជិតផុតពូជបំផុតនៅលើពិភពលោក។
ប្រភេទអណ្ដើកនេះ ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថា ជាប្រភេទអណ្ដើកជិតផុតពូជបំផុត និងត្រូវបានចាត់ទុកជាប្រភេទល្មូនតំណាងឱ្យប្រទេសកម្ពុជា ដែលបានកំណត់ក្នុងព្រះរាជក្រិត្យឆ្នាំ២០០៥។
សេចក្តីប្រកាសបន្តថា ក្រុមអ្នកអភិរក្សជឿថា អណ្ដើកហ្លួងនេះ បានផុតពូជអស់ហើយនៅក្នុងប្រទេសកម្ពុជា តែរហូតដល់ឆ្នាំ ២០០០ រដ្ឋបាលជលផល និងអង្គការ WCS បានរកឃើញសាជាថ្មី នូវប្រភេទអណ្ដើកហ្លួងនេះមួយចំនួនតូច នៅសេសសល់តាមដងព្រែកស្រែអំបិល។
ប្រភពដដែលបញ្ជាក់ថា ការលែងអណ្ដើកហ្លួងនេះ ជាលទ្ធផលនៃកិច្ចប្រឹងប្រែងរយៈពេលជិត២ទស្សវត្សរ៍ក្នុងការការពារសំបុកអណ្ដើក ការយកចិត្តទុកដាក់មើលថែទាំកូនអណ្ដើកទាំងអស់នៅក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង និងការការពារសត្វអណ្ដើក នៅក្នុងសហគមន៍តាមដងព្រែកស្រែអំបិល។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៥មក នេះជាការលែងអណ្ដើកហ្លួងលើកទី៧ហើយចូលក្នុងប្រព័ន្ធព្រែកស្រែអំបិល ដែលសរុបទាំង៧លើកនេះមានចំនួន ១៦៧ក្បាល៕