ព្រះសីហនុៈ នាវាល្បាតបារាំង ១ គ្រឿង ឈ្មោះ Prairial ប្រវែងជិត ១០០ ម៉ែត្រ ដែលមាននាវិកប្រមាណ ១០០ នាក់ នឹងចូលសំចត នៅកំពង់ផែក្រុងព្រះសីហនុ រយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៨ ខែមីនា ដើម្បីរឹតចំណងមិត្តភាព រវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។
ស្ថានទូតបារាំងបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ២២ ខែមីនា ថា បន្ទាប់ពីការបំពេញបេសកកម្មយ៉ាងយូរលើផ្ទៃសមុទ្រ ការចូលសំចតនេះនឹងជាឱកាសមួយក្នុងការរឹតចំណងមិត្តភាពរវាងកងទ័ពបារាំង និងកងទ័ពកម្ពុជា។ ការចូលសំចតចុងក្រោយរបស់នាវាបារាំងនៅកម្ពុជា បានធ្វើឡើង កាលពីឆ្នាំ ២០១៦ ហើយការចូលសំចត ដែលគ្រោងធ្វើឡើង កាលពីឆ្នាំ ២០២០-២០២១ មិនអាចប្រព្រឹត្តទៅបាន ដោយសារស្ថានភាពសុខាភិបាល។
ស្ថានទូតបារាំងបញ្ជាក់ថា៖ «ដូច្នេះ ទស្សនកិច្ចរបស់នាវា Prairial គឺជាសញ្ញាថ្មីមួយទៀត នៃភាពរស់រវើក នៃទំនាក់ទំនងរវាងប្រទេសទាំង ២»។
នាវា Prairial ដែលមានមូលដ្ឋាននៅទីក្រុង Papeete របស់បារាំង គឺជានាវា របស់កងទ័ពបារាំងនៅប៉ូលីនេស៊ី (Polynesia) ដែលជាទឹកដីក្រៅប្រទេសរបស់បារាំង។ Polynesia គឺជាតំបន់ប្រជុំកោះដ៏ធំមួយនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។
នាវានេះស្ថិតក្រោមការបញ្ជារបស់លោកឧត្តមនាវីត្រី Geoffroy d''Andigne'' ហើយត្រូវបានប្រើប្រាស់ សម្រាប់ការបំពេញបេសកកម្មផ្សេងៗ ដូចជាការការពារអធិបតេយ្យនៅតាមតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្តល់ជំនួយដល់ប្រជាជន ឬចូលរួមក្នុងកិច្ចសហប្រតិបត្តិការនានា។
ស្ថានទូតបារាំងបញ្ជាក់ថា នាវានេះមានបណ្តោយប្រវែង ៩៤ ម៉ែត្រ ហើយមានសមាជិកនាវិកប្រមាណ ១០០ នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រ ១ គ្រឿងប្រភេទ Dauphin។ ជាទូទៅ នាវា Prairial ចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ក្នុងដែនទឹកអន្តរជាតិ និងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បណ្តាប្រទេសដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក។
នាវានេះតែងតែបំពេញបេសកកម្មជាប្រចាំនៅតំបន់អាស៊ី ដើម្បីគូសបញ្ជាក់អំពីការប្រកាន់ខ្ជាប់របស់បារាំងចំពោះការគោរពច្បាប់អន្តរជាតិ និងសេរីភាពនៃការធ្វើនាវាចរណ៍នៅក្នុងតំបន់រួម។
ក្រុមនាវិកតែងធ្វើការផ្លាស់ប្តូរសកម្មភាពជាមួយកងកម្លាំងនៃប្រទេសអាស៊ាន កូរ៉េខាងត្បូង និងជប៉ុន ដែលជួយពង្រឹងលទ្ធភាពនៃការធ្វើប្រតិបត្តិការចម្រុះជាមួយទាហានជើងទឹកនៃប្រទេសដៃគូ។ ជាក់ស្តែងនាពេលកន្លងមកនាវានេះបានចូលរួមក្នុងសមយុទ្ធមួយ ជាមួយឆ្មាំសមុទ្រហ្វីលីពីន។
ស្ថានទូតបារាំងបន្តថា៖ «នៅប្រទេសកម្ពុជា ការចូលសំចតនេះ នឹងជាឱកាសផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសរវាងទាហាន ជើងទឹកបារាំង និងកម្ពុជា តាមរយៈការបង្ហាញយុទ្ធសាស្ត្រ និងជំនួបស្និទ្ធស្នាលផ្សេងៗទៀត ដូចជាការប្រកួតបាល់ទាត់ជាដើម»។
ការចូលសំចតរបស់នាវា Prairial ធ្វើឡើងក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្ររបស់បារាំងក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ បារាំងក៏ជាប្រទេសអធិបតេយ្យមួយនៅឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ព្រោះ នៅក្នុងតំបន់នេះបារាំងមានទឹកដីឯនាយសមុទ្រចំនួន ៧ ដោយមានពលរដ្ឋបារាំងរស់នៅចំនួន ១,៦ លាននាក់ និងយោធាបារាំង ចំនួន ៧ ០០០ នាក់។ ៩៣ ភាគរយនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំងស្ថិតក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
ស្ថានទូតបារាំង បានឱ្យដឹងទៀតថា ការចូលសំចតរបស់នាវា Prairial ឆ្លុះបញ្ចាំងពីការលើកកម្ពស់ទំនាក់ទំនងបារាំង-កម្ពុជា ដែលស្តែងចេញតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចកម្រិតខ្ពស់ជាច្រើននៅឆ្នាំនេះ។ វាក៏ជាលទ្ធផលនៃការពង្រឹងភាពជាដៃគូរវាងបារាំងជាមួយអាស៊ានផងដែរ។
បច្ចុប្បន្ន បារាំងក៏បានក្លាយទៅជាសមាជិកសង្កេតការណ៍នៅក្នុងក្រុមការងារចំនួន ២ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក(ADMM+) ក្នុងនោះមានក្រុមការងារទទួលបន្ទុកសន្តិសុខលម្ហសមុទ្រ។
ស្ថានទូតបញ្ជាក់ថា៖ «នេះគឺជាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់បារាំងសម្រាប់សន្តិសុខតំបន់ និងការគាំទ្រដល់ដំណើរការសន្តិសុខជាទូទៅ ដែលអាស៊ានស្ថិតនៅចំកណ្តាល»។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់ភ្នំពេញប៉ុស្តិ៍ នាថ្ងៃទី ២២ ខែមីនា ថា ការធ្វើចរាចរណ៍នាវាល្បាតរបស់បារាំងនៅក្នុងតំបន់ ឬនៅក្នុងដែនឥណ្ឌូប៉ាស៊ីហ្វិកនេះ គឺជាការធ្វើចរាចរណ៍ធម្មតា ដោយបារាំងជាប្រជាជាតិនៃឥណ្ឌូប៉ាស៊ីហ្វិកនេះផងដែរ។
លោកបានបន្ថែមថា មួយវិញទៀត កម្ពុជាក៏បានបង្ហាញដែរថា កម្ពុជាស្វាគមន៍គ្រប់បណ្ដាប្រទេសទាំងអស់ ហើយកំពង់ផែក្រុងព្រះសីហនុ នាពេលកន្លងទៅ ឃើញថា មានការចូលសំចតជាហូរហែដូចគ្នា មានទាំងនាវាសហរដ្ឋអាមេរិក អូស្ត្រាលី អង់គ្លេស និងប្រទេសដទៃទៀត។
លោក យង់ ពៅ បានថ្លែងថា៖ «កម្ពុជាផ្ដល់កិច្ចសហការដូចគ្នា មិនរើសអើងទេ។ អ៊ីចឹង កន្លែងនេះ បញ្ជាក់ថា កម្ពុជាយើងមិនបានរើសអើងក្នុងទំនាក់ទំនងអន្តរជាតិ ក៏ដូចជាទំនាក់ទំនងទ្វេភាគីដែរ គឺមិនដូចដែលនិន្នាការនៃទស្សនៈប្រឆាំង ដែលថា កម្ពុជាចេះតែឱបជើងចិនអីជាដើម។ ផ្ទុយទៅវិញ កម្ពុជាពង្រីកកិច្ចសហការអន្តរជាតិគ្រប់និន្នាការ គ្រប់តំបន់ គ្រប់ទ្វីប ដើម្បីពង្រីកទំនាក់ទំនង ពង្រីកភាពជាប្រទេសដែលទទួលស្គាល់ជាអន្តរជាតិរបស់ខ្លួន ដោយមិនរើសអើងទៅលើប្រទេសណានោះទេ»៕