ភ្នំពេញៈ ក្រោយពីមានការវិភាគទៅលើករណីលោក ហ៊ុនម៉ាណែតត្រូវបានដំឡើងឋានន្តរស័ក្ដិដល់នាយឧត្តមសេនីយ៍ (ផ្កាយ ៤) នៅក្នុងក្រសួងការពារជាតិកាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃម្សិលមិញបានប្រតិកម្មជាខ្លាំងចំពោះអ្នកវិភាគ ដោយលោកបានចាត់ទុកអ្នកវិភាគទាំងនោះជាបណ្ឌិតខ្វះនូវចំណេះដឹងផ្នែកយោធា ហើយយកករណីនេះជាគោលដៅវាយប្រហារខាងនយោបាយដើម្បីផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា និងការប្រែក្លាយលោក ហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រី។
ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ជិត ៥ ពាន់នាក់ នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំមិនហៅលោកអាល្ងង់ទូទេ ខ្ញុំហៅលោក បណ្ឌិតខ្វះការចេះដឹង ខ្ញុំគោរពអស់លោក តែអស់លោកខ្វះការចេះដឹងពេកហើយ អស់លោករកតែចំណុចវ៉ៃខ្ញុំតែប៉ុណ្ណឹង អស់លោកគិតថា ការវ៉ៃខ្ញុំប៉ុណ្ណឹង វាគ្រប់គ្រាន់សម្រាប់អស់លោក ផ្ដួលរំលំគណបក្សប្រជាជនកម្ពុជា ហើយផ្ដួលគោលដៅនៃការប្រែក្លាយហ៊ុន ម៉ាណែត ជាអនាគតនាយករដ្ឋមន្ត្រីមែនទេ?»។
លោក ហ៊ុន សែន បានថ្លែងដោយអះអាងថា ការធ្វើវិភាគរបស់អ្នកវិភាគមួយចំនួននៅតាមវិទ្យុខ្លះ បានធ្វើការវាយប្រហារមកលើ ហ៊ុន ម៉ាណែត ដែលបានដំឡើងឋានន្តរស័ក្ដិដល់ឧត្តមសេនីយ៍ឯក ដោយមិននិយាយដល់អ្នកដទៃដែលមានឋានៈស្មើគ្នានៅក្នុងកងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ។
លោក ហ៊ុន សែន ក៏បានថ្លែងដោយត្រង់ទៅកាន់អ្នកវិភាគទាំងនោះដូចជាលោក សេង សារី លោក ឯម សុវណ្ណារ៉ា និងលោក វណ្ណ ប៊ុនណា ដែលអ្នកទាំងនេះកំពុងតែប្រមូលផ្ដុំជារណសិរ្ស ១ ធ្វើការវ៉ៃប្រហាររិះគន់ទៅលើ លោក ហ៊ុន ម៉ាណែត ដែលជាអនាគតអ្នកជំនួសឱ្យនាយករដ្ឋមន្ត្រីដែលកំពុងនៅក្នុងតំណែងនាពេលបច្ចុប្បន្ននេះ។
លោក ហ៊ុន សែន ថ្លែងថា ការវ៉ៃប្រហារមកលើ លោក ហ៊ុន ម៉ាណែត គឺជាការជួយពង្រឹងសមត្ថភាពរបស់លោកហ៊ុន ម៉ាណែត ឱ្យមានសមត្ថភាពការពារខ្លួន ហើយថ្ងៃក្រោយ ហ៊ុន ម៉ាណែត នឹងមិនសម្របសម្រួលក្នុងការចុះហត្ថលេខាលើកលែងទោសដល់ក្រុមអ្នកប្រឆាំងមួយចំនួនដែលលោកចាត់ទុកថាបានក្បត់ជាតិ។
លោក ហ៊ុន សែន ថ្លែងថា៖ «ខ្ញុំសុំបញ្ជាក់ឱ្យហើយ ក្នុងករណី ហ៊ុន ម៉ាណែត ចេញមកធ្វើនយោបាយ អ្នកដែលឡើងកាន់ជើងគោកគឺអនុជើងគោកបច្ចុប្បន្ន ជាមេបញ្ជាការរងកងពលលេខ ៧០ ម៉ៅ សុផាន់ មិនមែន ហ៊ុន ម៉ានិត ទេ ខ្ញុំមានសិទ្ធិ នឹងចាត់ចែងបែបនេះ នេះជាការរៀបចំ»។
លោក សេង សារី អ្នកវិភាគ និងអ្នកតាមដានបញ្ហានយោបាយនៅកម្ពុជាម្នាក់ក្នុងចំណោមអ្នកវិភាគ ២ នាក់ផ្សេងទៀត បានថ្លែងថា អ្វីដែលលោកនាយករដ្ឋមន្ត្រីបានលើកឡើង គឺជាអ្វីដែលលោកយល់ឃើញមួយផ្នែករបស់លោក ក៏ប៉ុន្តែក្នុងនាមលោកជាអ្នកសិក្សា និងតាមដានសង្គម និងព្រឹត្តិការណ៍វិវត្តន៍នយោបាយនៅកម្ពុជា គឺវិភាគដោយឈរលើទិន្នន័យព័ត៌មានដែលមាននៅក្នុងដៃប៉ុណ្ណោះ។
ព្រះមហាក្សត្រ កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៣ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិនាយឧត្តមសេនីយ៍ (ផ្កាយ ៤ ) ដល់ លោក ហ៊ុន ម៉ាណែត នាយទាហានថ្នាក់ឧត្ដមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ។
លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន មានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា នៅពេលលោក ហ៊ុន ម៉ាណែត ឡើងឋានន្តរស័ក្តិជា នាយឧត្តមសេនីយ៍ គឺមិនបានដឹងខ្លួននោះទេ ព្រោះជាការរៀបចំ និងស្នើឡើងដោយនាយករដ្ឋមន្ត្រី និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ៕