ភ្នំពេញ: ភាពយន្ដឯកសារស្ដីពីរបាំព្រះរាជទ្រព្យរឿង «ទេពហត្ថា» ឬ “The Perfect Motion” នឹងចាប់ផ្ដើមដាក់បញ្ចាំងចាប់ពីថ្ងៃទី១ខែមេសាខាងមុខនេះ នៅតាមរោងភាពយន្ដទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្ដនានា ជាមួយភាសាខ្មែរសម្រាប់ភ្ញៀវជាតិ និងភាសាអង់គ្លេស សម្រាប់ភ្ញៀវអន្ដរជាតិ។
ភាពយន្ដឯកសារដែលមានរយៈពេល១ម៉ោង២៦នាទី ផ្ដោតលើសាច់រឿងសំខាន់ចំនួន២ ជាការបង្កើតក្បាច់របាំ «នាងវឌ្ឍនាទេវី»ដោយព្រះរៀមនរោត្ដម បុប្ផាទេវី ជាស្នាព្រះហស្ដចុងក្រោយរបស់ទ្រង់ និងប្រវត្ដិរបាំព្រះរាជទ្រព្យតាំងពីឆ្នាំ១៩០៦។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តេសសូ ជាអតីតជំនួយការសម្តេចព្រះរៀម នរោត្តម បុប្ផាទេវី និងបច្ចុប្បន្នជានាយកសាលារបាំនរោត្តម បុប្ផាទេវី បានមានព្រះបន្ទូល នៅក្នុងបទសម្ភាសន៍មួយថា៖ «ខ្ញុំចាំថា លោកមានបន្ទូលថា លោកចង់ឱ្យក្មេងៗដឹងអំពីវប្បធម៌ខ្មែរច្រើន កុំឱ្យបាត់បង់កុំឱ្យបាត់។ លោកច្រើនតែមានបន្ទុលថា អ្វីៗដែលលោកធ្លាប់ដឹង ធ្លាប់រៀនលោកចង់ថែរក្សាសម្រាប់ផ្ទេរដល់ក្មេងៗរៀនពីលោករៀនពីគ្រូ កុំឱ្យបាត់បង់»។
យោងតាមសេចក្ដីប្រកាសព័ត៌មាននៃរឿង «ទេពហត្ថា» បានបង្ហាញថា ភាពយន្តនេះបានចាប់យកខ្លឹមសារនៃទម្រង់សិល្បៈដ៏ស្រស់ស្អាតជាមួយនឹងរូបភាពគួរឱ្យចាប់អារម្មណ៍និងសាច់រឿងប្រទាក់ក្រឡាដ៏ទាក់ទាញ។
នាដកាវ័យក្មេងនិងគ្រូបង្ហាត់ចាស់ៗបានរួមគ្នាបង្កើតបានជាទម្រង់សិល្បៈដ៏ល្អឥតខ្ចោះជាមួយការឧទ្ទិសដល់ភាពរស់រាននៃសិល្បៈសម្រាប់មនុស្សជំនាន់ក្រោយ ទោះបីកម្ពុជាធ្លាប់ឆ្លងកាត់ប្រវត្ដិសាស្ដ្រដ៏ខ្មៅងងឹតក៏ដោយ។
តាមរយៈសាច់រឿងដែលត្រូវបានចងក្រងរយៈពេល៥ឆ្នាំនេះអ្នកទស្សនានឹងបានយល់អំពីរបាំព្រះរាជទ្រព្យដែលបានបង្កើតជាវប្បធម៌ និងអត្ដសញ្ញាណកម្ពុជាតាំងពីដូនតារៀងមក។
លោក Xavier de Lauzanne ជាផលិតករភាពយន្ដ បានឱ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា៖ «ទេពហត្ថាជាភាពយន្ដឯកសារដ៏ល្អអស្ចារ្យដែលចំណាយពេល៥ឆ្នាំ។ពីទស្សនៈទៅកាន់សំណេរអត្ថបទរឿងនិងពីការសម្ដែងរហូតដល់ផលិតកម្មវាជាដំណើរដ៏វែងឆ្ងាយ មិនគួរឱ្យជឿដូចទៅនឹងដំណើរសាច់រឿងដែលមិនអាចទាយទុកបាន»។
លោក Lauzanne បានទទួលធ្វើគម្រោងផលិតភាពយន្ដមរតករបាំខ្មែរនេះជាមួយលោកPierre Koganជាអ្នកស្រឡាញ់វិស័យសិល្បៈនិងជាផលិតករភាពយន្ដដែលរស់នៅប្រទេសកម្ពុជា៨ឆ្នាំ។
លោកបានឱ្យដឹងថា៖ «យើងចង់ផលិតភាពយន្ដ១ដែលផ្ដិតយកទាំងសោភណភាពនៃរបាំបុរាណខ្មែរ និងស្ថានភាពប្រវត្ដិសាស្ដ្រ។ពិតជាគួរឱ្យកោតស្ញប់ស្ញែងចំពោះសិល្បករ ដែលស្ថិតក្នុងសម័យសង្គ្រាមដ៏បំផ្លិចបំផ្លាញ ដោយនៅតែពុះពារបង្ហាត់បង្រៀន និងស្ដារទម្រង់សិល្បៈឱ្យរស់រាន និងប្រែក្លាយជាប្រភពធនធាននៃក្ដីសង្ឃឹម និងរីកចម្រើនឡើងវិញ»។
លោក Kogan បានឱ្យដឹងថាប្រជាជនកម្ពុជាស្ទើរតែទាំងអស់បានស្គាល់របាំអប្សរា ហើយអាចបង្ហាញក្បាច់រាំបានខ្លះៗ។ប៉ុន្ដែមិនមានមនុស្សច្រើនទេដែលស្គាល់របាំព្រះរាជទ្រព្យ។ដូច្នេះប្រវត្ដិសាស្ដ្រនៅតែមិនត្រូវបានជីកកកាយ ហើយគេមិនសូវដឹងថាទម្រង់សិល្បៈបុរាណនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវអន្ដរជាតិយ៉ាងច្រើនកុះករនៅតាមមហោស្រពផ្សេងៗ។
លោកបានបន្ដថា៖ «យើងសង្ឃឹមថារឿងទេពហត្ថានឹងធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានមោទនភាពចំពោះវប្បធម៌ និងជំរុញឱ្យរបាំព្រះរាជទ្រព្យកាន់តែល្បីរន្ទឺជុំវិញពិភពលោក»។
របាំព្រះរាជទ្រព្យបានទាក់ទាញទស្សនិកជនអស់រយៈពេលជាច្រើនសតវត្សរ៍ជាមួយកាយវិការដ៏រស់រវើកនៃចលនាដៃ រហូតដល់ភាពទន់ភ្លន់នៃរាងកាយ។
សេចក្ដីប្រកាសព័ត៌មានរឿង «ទេពហត្ថា» បានបន្ដថាចាប់ពីឆ្នាំ១៩០៦រហូតដល់បច្ចុប្បន្នចាប់ពីជាងចម្លាក់ដ៏ល្បីជនជាតិបារាំងAuguste Rodin រហូតដល់ការកំណែទម្រង់ចុងក្រោយរបស់ស្នាព្រះហស្ដព្រះរៀម បុប្ផាទេវី របាំព្រះរាជទ្រព្យនៅតែរក្សាបាននូវអត្ដសញ្ញាណរបស់ខ្លួន និងភាពវិសេសរបស់វា។
យោងតាមវីដេអូឯកសារចាក់ផ្សាយដោយទំព័រហ្វេសប៊ុក «ទេពហត្ថា» បានបង្ហាញថាព្រះមហាក្សត្រិយានីស៊ីសុវត្ថិកុសុមៈព្រះមាតានៃព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដមសីហនុ និងជានិមិត្តរូបនៃការបំផុសគំនិតច្នៃប្រឌិត ទ្រង់បានផ្លាស់ប្ដូរមុខមាត់និងជោគវាសនានៃរបាំព្រះរាជទ្រព្យខ្មែរ។
អ្នកស្រី Suppya Nut ជាអ្នកជំនាញផ្នែករបាំព្រះរាជទ្រព្យបាននិយាយថា៖ «ក្នុងរជ្ជកាលរបស់ព្រះបាទនរោត្ដម សីហនុទ្រង់បានទតឃើញនូវការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់របាំព្រះរាជទ្រព្យនេះព្រះអង្គ និងព្រះមាតារបស់ទ្រង់បានឧបត្ថម្ភ និងគាំទ្រយ៉ាងពេញទំហឹងក្នុងការសម្ដែងរបាំក្នុងការកសាងសោភណភាពនៃរបាំឡើងវិញ»។
អ្នកស្រីបន្ដថា ព្រះមហាក្សត្រិយានី [ស៊ីសុវត្ថិ] កុសុមៈស្រឡាញ់ប្រពៃណីបុរាណខ្មែរនិងភាពទាន់សម័យផងដែរ។ទ្រង់មានបំណងរាជាធិបតីសិល្បៈរបស់កម្ពុជាឱ្យបានល្បីដូចសម័យមុនៗ។ដូច្នេះទ្រង់បានធ្វើទំនើបកម្មទៅលើរបាំព្រះរាជទ្រព្យនេះដោយក្រុមអ្នកសម្ដែងមិនចាំបាច់លាបម្សៅសលើមុខរបស់ពួកគេនោះទេដោយទ្រង់ឱ្យចង់អ្នកសម្ដែងបានបង្ហាញនូវសម្រស់និងអារម្មណ៍ពិតទៅកាន់អ្នកទស្សនា។
អតីតនាដកានៅទីក្រុងប៉ារីស Suppya Nut បានឱ្យដឹងថា៖ «រហូតដល់ទសវត្សរ៍ទី៦០ទ្រង់បានផ្លាស់ប្ដូរទម្រង់សម្ដែងខ្លះៗនៃរបាំនេះដូចជាផ្លាស់ប្ដូរកាយវិការមួយចំនួនរបស់តួអង្គហនុមាននិងឱ្យមនុស្សប្រុសរាំជាតួស្វាជំនួសមនុស្សស្រីវិញ ដោយសារទ្រង់បានទតឃើញថា ទម្រង់តួនេះមានភាពនឿយហត់ណាស់សម្រាប់មនុស្សស្រី»។
លោកសាស្ត្រាចារ្យព្រឿង ឈៀង ជាអតីតអ្នករបាំព្រះរាជទ្រព្យតួហនុមាននិងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម បានឧទ្ទិសជីវិតចុងក្រោយដើម្បីផ្ទេរចំណេះដឹង និងថែរក្សាទំនៀមទម្លាប់នៃសិល្បៈទស្សនីយភាពរបស់ខ្មែរ។បច្ចុប្បន្ន លោកជាទីប្រឹក្សាអមក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងជាសាស្ដ្រាចារ្យបង្រៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។
ការសម្ដែងរបាំព្រះរាជទ្រព្យក្នុងឆ្នាំ១៩៧១បានធ្វើឱ្យអតីតតួអង្គហនុមាន លោកឈៀងមានចិត្ដចងចាំនិងស្រឡាញ់របាំក្បាច់បុរាណខ្មែរកាន់តែខ្លាំង។
ព្រឹទ្ធាចារ្យ ឈៀង រំឭកនៅក្នុងវីដេអូសម្ភាសមួយថា៖ «ពេលយើងបានសម្ដែងនៅ Kennedy Center ឱ្យលោកប្រធានាធិបតី [Richard ] Nixon និងភរិយាព្រមទាំងអ្នកមុខអ្នកការ។ពេលនេះពួកអ្នកកាសែតបានសរសេរថារបាំព្រះរាជទ្រព្យមានឥទ្ធិពលខ្លាំងដែលធ្វើឱ្យលោក Nixon ភ្លេចនូវការចែកគ្រាប់បែកទម្លាក់នៅកម្ពុជា។នេះហើយជាកម្លាំងនៃរបាំព្រះរាជទ្រព្យ»។
លោកបានបន្ដថា ការបង្រៀនក្មេងជំនាន់ក្រោយពិតជាមានសារៈសំខាន់ណាស់ ពីព្រោះកាលសម័យលោកនៅក្មេងដូនតា បានបន្ដកេរដំណែលនេះពីដូនតាមុនៗមករហូតមកដល់លោក។ឥឡូវនេះ លោកកាន់តែចាស់និងចង់បន្ដទៅកាន់អ្នកបន្ដវេន ពីព្រោះលោកដឹងថារបាំក្បាច់បុរាណខ្មែរនេះជាតំណាងអត្ដសញ្ញាណ និងព្រលឹងជាតិខ្មែរ។
ក្រោយពីមានកេរ្តិ៍ឈ្មោះល្បីរន្ទឺជាតួអង្គឯកក្នុងរបាំព្រះរាជទ្រព្យរហូតក្លាយជាជនភៀសខ្លួនក្នុងជំរំក្បែរព្រំដែនថៃអ្នកគ្រូវ័នសាវ៉ៃមិនដែលបោះបង់ចោលរបាំក្បាច់បុរាណខ្មែរ និងផ្ទេរចំណេះដឹងទៅកូនចៅជំនាន់ក្រោយឡើយ។
អ្នកស្រីសាវ៉ៃបាននិយាយថា៖ «ក្រោយសម័យខ្មែរក្រហមខ្ញុំខ្លាចខ្មែរក្រហមណាស់។ខ្ញុំសម្រេចចិត្ដថានឹងទៅប្រទេសទី៣មិនថាអាមេរិកអូស្ដ្រាលីបារាំងនៅទីកន្លែងក៏បានដែរ ឱ្យតែខ្ញុំបានចេញពីស្រុកខ្មែរ។ប៉ុន្ដែនៅពេលខ្ញុំបានមកដល់ព្រំដែន ខ្ញុំបានប្ដូរចិត្ដវិញថាខ្ញុំមិនគួរទៅណាចោលស្រុកនោះទេ»។
អ្នកស្រីបានបន្ដថា៖ «ខ្ញុំឈាន១ជំហានទៀតគឺខ្ញុំចេញទៅចោលស្រុកខ្ញុំហើយ។ដូច្នេះ ខ្ញុំសុខចិត្ដនៅជាយដែនហើយខ្ញុំរើសក្មេងមកបង្ហាត់។ជីវិតខ្ញុំអាចស្លាប់និងអាចរស់មកវិញ។ប៉ុន្ដែសិល្បៈមិនអាចស្លាប់បាននោះទេ»។
កញ្ញាសេរី វណ្ណកុសន ជាតួអង្គក្នុងភាពយន្ត «ទេពហត្ថា» និងជាតួអង្គឯកក្នុងទស្សនីយភាព «នាងវឌ្ឍនាទេវី»ជាស្នាព្រះហស្តចុងក្រោយរបស់សម្តេចព្រះរៀមនរោត្តមបុប្ផាទេវី។
នាដកា ដែលបម្រើការនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានឱ្យដឹងថា កញ្ញាចូលចិត្ដរបាំក្បាច់បុរាណដោយសារតែឮភ្លេងនិងឮចម្រៀងបានធ្វើឱ្យកញ្ញាសប្បាយចិត្ដ ទោះបីជាខ្លួនជានារីពូកែអៀនខ្មាសក្តី។
កញ្ញាបាននិយាយទាំងអួលដើមកថា៖ «ប្រសិនបើសម្ដេចព្រះរៀម នរោត្ដមបុប្ផាទេវីមិនផ្ដល់ទំនុកចិត្ដមកលើខ្ញុំនោះទេខ្ញុំនឹងគ្មានអ្វីដែលខ្ញុំមានសព្វថ្ងៃនេះដែរ»។
កញ្ញាវណ្ណកុសន បានបន្ដថាការផ្ទេរចំណេះដឹងដល់ក្មេងជំនាន់ក្រោយពិតជាមានសារៈសំខាន់ណាស់ចំពោះអ្នកបន្ដវេនដូចជារូបកញ្ញា។
កញ្ញាសុខ ណាលីស ជាតួអង្គ១រូបនៅក្នុងភាពយន្ត«ទេពហត្ថា» និងជាតួអង្គឯកនាយរោង (តួប្រុស) ក្នុងទស្សនីយភាព«នាងវឌ្ឍនាទេវី»បាននិយាយថា របាំក្បាច់បុរាណក្លាយជាផ្នែកមួយនៃជីវិតរបស់កញ្ញាដែលមិនអាចខ្វះបាន និងជាទម្រង់សិល្បៈមួយដែលនាំរូបកញ្ញាទៅកាន់ពិភពមួយដ៏ស្រស់ស្អាតនិងអច្ឆរិយភាព។
កញ្ញាណាលីស ដែលកំពុងសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅក្រៅប្រទេសបានបន្ដថា៖ «ដរាបណាកម្ពុជាត្រូវការប្រាប់ទៅកាន់ពិភពលោកថារបាំក្បាច់បុរាណគឺជាសិល្បៈ និងជាអត្ដសញ្ញាណដ៏ផូរផង់ ការបន្ដវេននៃទម្រង់សិល្បៈមួយនេះនៅតែសំខាន់»។
នៅថ្ងៃទី២៦ខែមីនាឆ្នាំ២០២៣ខ្សែភាពយន្ត«ទេពហត្ថា» នឹងចាក់បញ្ចាំងជាលើកដំបូងនៅរោងមហោស្រពចតុមុខដែលមានព្រះវត្ដមានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនីនិងសម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថសីហនុ ផងដែរ។
ព្រះអង្គម្ចាស់ស៊ីសុវត្ថិ តេសសូមានព្រះរាជបន្ទូលថា៖ «ខ្ញុំស្រឡាញ់កុននេះដោយសារសម្ដេចព្រះរៀមលោកគ្រូឈៀងអ្នកគ្រូវ័នសាវ៉ៃលោកគ្រូសុភីលីនលោកគ្រូឃួន, ណាលីសហើយកេសនបានពន្យល់យើងថាគាត់ស្រឡាញ់សិល្បៈខ្មែរហើយជីវិតគាត់រៀបចំធ្វើម៉េចឱ្យសិល្បៈរស់នៅ និងបន្ដពីគាត់ទៀត។កន្លែងហ្នឹងខ្ញុំស្រឡាញ់កុនហ្នឹងមែនទែន»។
ព្រឹទ្ធាចារ្យ ឈៀងបានឱ្យដឹងថា ក្រោយបានទស្សនាភាពយន្ដរឿង «ទេពហត្ថា» ធ្វើឱ្យលោកមានក្ដីសប្បាយរីករាយរួមជាមួយអារម្មណ៍ក្ដុកក្ដួលដោយសារមានអ្នកចូលរួមធ្វើបេសកកម្មជាមួយគ្នាពេលនោះបានចែកឋាននិងអ្នកខ្លះកំពុងបន្ដបេសកកម្ម។
លោកនិយាយថា៖ «ជាពិសេសសម្ដេចព្រះរៀមបុប្ផាទេវីបានធ្វើពិរាល័យទៅនេះបានធ្វើឱ្យយើងនៅចងចាំនិងសប្បាយរីករាយទោះបីជាលោកមិនបានគង់នៅ តែរូបភាពបង្ហាញថាលោកអាចរស់នៅជាមួយយើងជានិច្ច»។
ក្រោមភាពជាដៃគូជាមួយក្រសួងអប់រំយុវជននិងកីឡាឯកសារអប់រំកំពុងត្រូវបានបង្កើតឡើង (ជាភាសាខ្មែរអង់គ្លេសនិងបារាំង) ដើម្បីជួយសម្រួលដល់ការប្រើប្រាស់ភាពយន្តក្នុងបរិបទសាលា។
យោងតាមសេចក្ដីប្រកាសព័ត៌មាន បានបង្ហាញថា នេះជាលើកទី១ហើយដែលប្រភេទនៃការអប់រំបែបនេះត្រូវបានបង្កើតឡើងនៅកម្ពុជា។នៅមានបទបង្ហាញនៃភាពយន្តរួមទាំងបរិបទប្រវត្តិសាស្ត្រហើយវាក៏នឹងបង្ហាញពីសកម្មភាពអប់រំជាច្រើនដែលត្រូវបានរចនាឡើងសម្រាប់កម្រិតសាលាផ្សេងៗគ្នា៕