ភ្នំពេញៈ ក្នុងឆ្នាំ ២០២២ អង្គការទឹកស្អាត ១ ០០១ បានបង្កើតការងារ ១ ០០៧ កន្លែង ដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ ដែលមានអ្នកទទួលផលទឹកស្អាតចំនួន ៨៤៤ ០០០ នាក់ ក្នុងនោះមានកុមារ ៣១៥ ០០០ នាក់ នៅតាមសាលារៀន និងបានដាក់បញ្ជរទឹកចំនួន ៣០០ ទីតាំងផងដែរ។ នេះបើតាមនាយកប្រតិបត្តិនៃអង្គការទឹកស្អាត ១ ០០១។
លោកស្រី Amandine Chaussinand នាយកប្រតិបត្តិនៃអង្គការទឹកស្អាត ១០០១ បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានក្នុងឱកាសទិវាទឹកពិភពលោក ២០២៣ ថា ដំណើរការផលិតទឹកស្អាត គួបផ្សំនឹងការចែកចាយទឹកតាមផ្ទះ អនុញ្ញាតឱ្យទឹកស្អាត ១០០១ មានសិទ្ធិទទួលបានហិរញ្ញប្បទានកាបូន។ ហិរញ្ញប្បទានដែលទទួលបាននោះ អង្គការទឹកស្អាត ១០០១ យកទៅបង្កើតបញ្ជរប្រព្រឹត្តិកម្មទឹកស្អាត ជាបន្តបន្ទាប់នៅតំបន់ជនបទកម្ពុជា ជាពិសេសផ្តល់ឱ្យតាមសាលារៀន ដែលប្រយោជន៍ដល់ក្មេងៗក្នុងសាលារៀន មានទឹកស្អាតទទួលទានដោយឥតគិតថ្លៃ។
សព្វថ្ងៃនេះ អង្គការទឹកស្អាត ១០០១ ពឹងផ្អែកលើបណ្តាញសម្ភារបរិក្ខារចំនួន ២៩៥ បានអនុវត្តលើខេត្តចំនួន ១៨ ដែលគ្រប់គ្រងដោយសហគ្រិនឯករាជ្យ ដោយផ្តល់ទឹកស្អាតប្រចាំថ្ងៃដល់អ្នកភូមិជិត៩០០ ០០០នាក់នៅមាត់ទ្វាររបស់ពួកគេ(រួមទាំងកុមារ ៣៥០ ០០០នាក់ ដែលទទួលបានទឹកដោយឥតគិតថ្លៃនៅសាលារៀន)។
លោកស្រីបញ្ជាក់ថា៖«ជាការពិតណាស់ អ្នកទទួលផល ទទួលបានទឹកស្អាតនៅផ្ទះ ដោយពួកគេមិនចាំបាច់ដាំទឹកជាមួយធ្យូង ឬអុស ដើម្បីឱ្យវាមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់នោះទេ។ តម្លៃទឹកស្អាតសមរម្យ (តិចជាង៣% នៃប្រាក់ចំណូលប្រចាំខែ)»។
នាយកប្រតិបត្តិនៃអង្គការទឹកស្អាត១០០១ ឱ្យដឹងទៀតថា ការបង្កើតការងារប្រកបដោយនិរន្តរភាពចំនួន ៤កន្លែង សម្រាប់បញ្ជរនីមួយៗដល់ស្ត្រី ដែលបច្ចុប្បន្នមានជាង ៣០% នៃការងារ ត្រូវបានកាន់កាប់ដោយស្ត្រី។ ការងារទឹកស្អាតនេះ បានចូលរួមកាត់បន្ថយបរិមាណដ៏ច្រើន នៃការបញ្ចេញឧស្ម័នCO2 ប្រមាណ១៧ ០០០តោន ក្នុង១ឆ្នាំ។ តាមរយៈការងារទឹកស្អាតដើម្បីបរិស្ថាននេះ ក៏បានកាត់បន្ថយការកាប់បំផ្លាញព្រៃឈើផងដែរ។
លោកស្រីបន្តថា បេសកកម្ម អង្គការទឹកស្អាត ១០០១ ក្នុងនាមជាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា គឺដើម្បីលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់សហគមន៍ជនបទ តាមរយៈការបង្កើតដំណោះស្រាយតាមសហគមន៍វិមជ្ឈការ ហៅថា បញ្ជរទឹក ដែលផ្តល់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងតម្លៃសមរម្យ [០,០២ដុល្លារក្នុង១លីត្រ]។
បញ្ជរទឹកដំណើរការតាំងពីឆ្នាំ២០០៥ ដែលបញ្ជរប្រព្រឹត្តិកម្មទឹកស្អាតទី១ ត្រូវបានអនុវត្តនៅខេត្តបន្ទាយមានជ័យ។ ការងារនេះមិនត្រឹមតែពង្រឹងលទ្ធភាពទទួលបានទឹកប្រកបដោយសុវត្ថិភាពនៅជនបទនៃប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានបង្ហាញថា កាត់បន្ថយការបំភាយឧស្ម័នCO2 ជាច្រើនតោនរៀងរាល់ឆ្នាំផងដែរ។
លោកស្រីAmandine Chaussinand លើកឡើងទៀតថា នេះជាមោទនភាព ដែលអង្គការទឹកស្អាត ១០០១ បានក្លាយជាអង្គការមួយក្នុងចំណោមអង្គការតិចតួចបំផុត ដែលបញ្ចេញឥណទានកាបូនទូទាំងពិភពលោក និងសម្រាប់គម្រោងកម្ពុជា។ លោកស្រីបានថ្លែងអំណរគុណដល់ក្រុមហ៊ុន All Dreams Cambodia ដែលបានទិញឥណទានកាបូនពីគម្រោងរបស់អង្គការក្នុងទឹកប្រាក់ជាង ៧០០០ដុល្លារបន្ថែមទៀត។
លោកស្រីបញ្ជាក់ថា៖«All Dreams Cambodia កំពុងផ្តល់ការរួមចំណែកផ្នែកហិរញ្ញវត្ថុផ្ទាល់ដល់កម្មវិធី Water in School របស់យើង ដែលអាចឱ្យសិស្សានុសិស្សនៅជុំវិញបញ្ជរទឹកនីមួយៗទទួលបានអត្ថប្រយោជន៍ពីទឹកស្អាតដោយមិនគិតថ្លៃ។ ជំនួយជាង ៧ ០០០ដុល្លារ នឹងអនុញ្ញាតឱ្យមានបញ្ជរទឹកជាង៣ ៥០០ [នៅតាម]បឋមសិក្សា»។
លោក Jacques GUICHANDUT នាយកគ្រប់គ្រងក្រុមហ៊ុន All Dreams Cambodia បានឱ្យដឹងក្នុងសន្និសីទសារព័ត៌មានស្តីពីដំណើរកម្សាន្តប្រកបដោយស្មារតីទទួលខុសត្រូវ នៅក្រសួងបរិស្ថានថ្ងៃទី២២ ខែមីនា ថា ឥណទានកាបូនដែលបានទិញផ្តល់អត្ថប្រយោជន៍សម្រាប់តែប្រទេសកម្ពុជានេះប្រហែលជាជម្រើស១ ដែលធ្វើឱ្យ All Dream Cambodia ក្លាយជាភ្នាក់ងារទេសចរណ៍កម្ពុជាដំបូងគេ ដែលមានវិធីសាស្រ្តបែបនេះក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
ការទិញឥណទានកាបូនស្ដង់ដាមាសពីគម្រោងទឹកស្អាតដែលអនុវត្តដោយទឹកស្អាត ១០០១ (1001 Fontaines) មានគោលបំណងផ្តល់នូវសុវត្ថិភាពទឹកស្អាតទូទាំងប្រទេសកម្ពុជា ដើម្បីលើកកម្ពស់សុខភាព និងជីវភាពរស់នៅរបស់សហគមន៍ជនបទ៕