ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា បានរកឃើញថា កុមារ និងយុវជន នៅតែទទួលឥទ្ធិពលពីការលក់បារីអេឡិចត្រូនិកតាមបណ្តាញសង្គមនានា ទោះបីជាផលិតផលនេះត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធក៏ដោយ។
កាលពីថ្ងៃទី ២២ ខែមីនា ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយលទ្ធផលស្តីពីការអង្កេត និងផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិកនាមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយមានការចូលរួមពីការិយាល័យពាក់ព័ន្ធនិងគណៈគ្រប់គ្រង សាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ សរុបប្រមាណ២០០រូប។
សិក្ខាសាលា ក៏បានលើកឡើងពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក និងលទ្ធផលនៃការអង្កេតដែលបានរកឃើញមានកុមារ និងយុវជន នៅតែទទួលឥទ្ធិពលពីការលក់បារីអេឡិចត្រូនិក ទោះបីជាផលិតផលនេះ ត្រូវបានហាមឃាត់ដោយរាជរដ្ឋាភិបាលក៏ដោយ។
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត ត្រូវបន្តពង្រឹងការអប់រំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិករបស់ក្រសួងឱ្យបានទូលំទូលាយ ទៀងទាត់ និងជាប្រចាំ។ក្នុងករណីដែលរកឃើញមានការប្រើប្រាស់បារីអេឡិចត្រូនិក ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងមាតាបិតាសិស្ស ដើម្បីកំណត់ទីតាំងចែកចាយ។
លោកស្រី ថ្លែងថា៖ «ក្រសួងស្ថាប័នមានសមត្ថកិច្ច គប្បីចាត់វិធានការតាមច្បាប់ ចំពោះការចែកចាយបារីអេឡិចត្រូនិក ពិសេសការផ្សព្វផ្សាយលក់តាមបណ្តាញព័ត៌មានសង្គម ជាអាទិ៍ហ្វេសប៊ុក តិកតុក និងអុីនស្ត្រាក្រាម ជាដើម ដែលជាប្រភពចម្បងនៃការចែកចាយបារីអេឡិចត្រូនិកដល់កុមារ និងយុវជនវ័យក្មេង»។
ក្រសួង ស្ថាប័នមានសមត្ថកិច្ចទទួលបន្ទុកគប្បីពិនិត្យលទ្ធភាពគ្រប់គ្រងហាមឃាត់ការនាំចូលបារីអេឡិចត្រូនិកគ្រប់ប្រភេទក្នុងគោលបំណងបង្ការធនធានយុវជន និងកុមារពីការបំផ្លាញសុខភាព និងអនាគតដោយផលិតផលនេះ។
ជុំវិញរឿងនេះ លោក មុំ គង់ នាយកប្រតិបត្តិការអង្គការចលនាដើម្បីសុខភាពកម្ពុជា បានប្រាប់ឱ្យដឹងនៅថ្ងៃទី២៣ ខែមីនា ថា ក្រសួងអប់រំបានជំរុញឱ្យគណៈគ្រប់គ្រងសាលាទាំងអស់នោះ ត្រូវធ្វើយ៉ាងណាត្រួតពិនិត្យ ទប់ស្កាត់ទៅដល់កូនសិស្សនៅក្នុងសាលារបស់ខ្លួន កុំឱ្យមានការប្រើប្រាស់បារីអេឡិចត្រូនិកជាបន្តទៅទៀត។ ចំពោះយុវជន និងកុមារដែលប្រើប្រាស់បារីអេឡិចត្រូនិក គឺវាមានសារធាតុនីកូទីន ហើយសារធាតុនេះញៀនខ្លាំងណាស់ ដែលធ្វើអោយខួរក្បាលកុមារ និងយុវជនត្រូវបានប៉ះពាល់យ៉ាងខ្លាំង ពីព្រោះថា ខួរក្បាលរបស់ពួកគាត់កំពុងតែរីកលូតលាស់ ប៉ុន្តែបើជក់បារីនេះហើយ គឺវាមិនអាចធ្វើឲ្យខួរក្បាលរបស់ពួកគាត់អាចរីកលូតលាស់បានឡើយ។
លោកបញ្ជាក់ថា៖ «ប្រភពសំខាន់ដែលធ្វើឱ្យកុមារ និងយុវជន ព្រមទាំងសិស្សសាលាអាចមានលទ្ធភាពក្នុងការទិញបារីនេះជក់ គឺតាមរយៈបណ្ដាញព័ត៌មានសង្គម ហេតុដូច្នេះទោះបីជាក្រសួងអប់រំ និងរួមទាំងគណៈគ្របគ្រងសាលា មានការយកចិត្តទុកដាក់ខ្លាំងយ៉ាងណា ក៏វាមិនអាចទប់ស្កាត់កុមារ យុវជន មិនឱ្យប្រើប្រាស់បារីអេឡិចត្រូវនិកបាននោះទេ ពីព្រោះដោយសារបារីអេឡិចត្រូនិកនៅតែបន្តផ្សព្វផ្សាយលក់លើបណ្ដាញសង្គម»។
លោក មុំ គង់ បានបន្តថា បើក្រឡេកមើលទៅលើលទ្ធផលនៃការសិក្សា បង្ហាញថា បើសិនជាក្រសួងអប់រំរួមជាមួយគ្រឹះស្ថានសិក្សា សាលារៀនខ្លាំងយ៉ាងណា ក៏មិនអាចទប់ស្កាត់យុវជនបានដែរ ដោយសារប្រភពនៃបារីអេឡិចត្រូនិកនៅតែបន្តមានលក់ ហើយការលក់ ការផ្សព្វផ្សាយលក់នៅតែបន្តមាននៅលើបណ្ដាញសង្គម។
ជាមួយគ្នានេះ លោកក៏បានស្នើអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលបានផ្សព្វផ្សាយ និងលក់ផលិតផលបារីអេឡិចត្រូនិកឱ្យបានតឹងរុឹងបំផុត ដើម្បីការពារសតិប្រាជ្ញាកុមារនិងយុវជនកុំឱ្យធ្លាក់ទៅក្នុងការញៀនបារីអេឡិចត្រូនិកនេះ៕