ភ្នំពេញៈ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា «សុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច បានអនុញ្ញាតឱ្យប្រជាជនកម្ពុជា មានឱកាសការងារប្រសើរជាងមុន, កាត់បន្ថយស្ទើរតែទាំងស្រុងនូវការពឹងផ្អែកលើធនធានធម្មជាតិ ថែមទាំងមានការគិតគូរអំពីសុខុមាលភាព បរិស្ថាន និងជីវៈចម្រុះច្រើនជាងមុន»។
លោក សាយ សំអាល់ បានថ្លែងបែបនេះ កាលពីថ្ងៃទី២៣ មីនា ក្នុងពេលដែលលោកអញ្ជើញជាអធីបតី នៅក្នុងពិធីសម្ពោធមូលនិធិកេរដំណែលទេសភាព (Legacy Landscape Fund) សម្រាប់ឧទ្យានជាតិក្រវាញកណ្តាល ដែលជាគំនិតផ្តួចផ្តើមរួមគ្នា នៃរដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់ ធនាគារអភិវឌ្ឍន៍ KfW, ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) និងអង្គការ CI កម្ពុជា។ នេះបើយោងតាមផេកហ្វេសប៊ុកក្រសួងបរិស្ថាន។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី សង្ឃឹមថា មូលនិធិកេរដំណែលទេសភាពសម្រាប់ឧទ្យានជាតិក្រវាញកណ្តាល នឹងក្លាយជាគំរូដ៏សំខាន់មួយសម្រាប់ហិរញ្ញប្បទានបៃតង គម្រោងអភិរក្សនិងលើកកម្ពស់ជីវភាពសហគមន៍ នៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិនៅកម្ពុជា៕