
ក្រសួងទេសចរណ៍ ផ្សព្វផ្សាយយុទ្ធនាការ «អាជីវកម្មទេសចរណ៍ឆ្នើម» ដើម្បីចូលរួមទាក់ទាញទេសចរណ៍។ រូបថត ក្រសួងទេសចរណ៍
ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យដំណើរការ និងផ្សព្វផ្សាយអំពីយុទ្ធនាការ «អាជីវកម្មទេសចរណ៍ឆ្នើម» ដើម្បីជំរុញការចូលរួមក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ស្របតាមទស្សនទាន IBEST ឱ្យបានកាន់តែល្អប្រសើរ សំដៅត្រៀមទទួលភ្ញៀវទេសចរប្រកបដោយគុណភាព និងទាក់ទាញកំណើនទេសចរអន្តរជាតិបន្ថែម។
ក្នុងពិធីដំណើររកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍លោក សុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍ថ្លែងថា ទស្សនទាន IBEST គឺសំដៅលើការគិតគូរទៅលើគុណភាពសេវាកម្ម បរិស្ថាន សុវត្ថិភាព បច្ចេកវិទ្យា ព្រមទាំងការសម្រួលនូវការកក់ទុកសេវាកម្មជាដើម។
លោកបន្តថា ទស្សនទាន IBEST នេះប្រៀបបាននឹងឯកសារបង្ហាញផ្លូវសម្រាប់អាជីវកម្មទេសចរណ៍ទាំងអស់ប្រើប្រាស់ជាមូលដ្ឋានសម្រាប់អនុវត្តប្រែតម្រូវនូវរាល់ផលិតផល និងសេវាកម្មរបស់ខ្លួនស្របតាមតម្រូវការ និងទីផ្សារនាពេលបច្ចុប្បន្ន និងប្រើប្រាស់ចូលរួមគាំទ្រដល់វិធានការគោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)។
ជាមួយគ្នានេះ លោក សុង តុងហាប់ ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តប្រកាសលេខ ០៣៤ ប្រក.ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ស្ដីពីការដាក់ឱ្យប្រើប្រាស់គោលការណ៍ណែនាំស្ដីពីអាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ស្របតាមទស្សនទាន IBEST រួមជាមួយសារាចរណែនាំ និងសេចក្ដីជូនដំណឹងដែលបានដាក់ចេញ ដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់យកទៅអនុវត្ត ដែលនឹងផ្ដល់ជាផលវិជ្ជមានដល់គ្រប់អាជីវកម្មទាំងអស់ ក៏ដូចជាការចូលរួមដល់ការអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ផងដែរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីកហ្វីក បានថ្លែងថា លោកមិនមានការភ្ញាក់ផ្អើលចំពោះការដាក់ឱ្យដំណើរការ និងផ្សព្វផ្សាយអំពីយុទ្ធនាការ «អាជីវកម្មទេសចរណ៍ឆ្នើម» នេះទេ ព្រោះវាជាកិច្ចការងារ របស់ក្រសួងទេសចរណ៍ដែលតែងតែយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។
ទោះជាយ៉ាងណា លោកថា ក្រសួងគួរតែមានយន្តការណាមួយឱ្យបានច្បាស់លាស់ក្នុងការផ្សព្វផ្សាយ និងទាក់ទាញអាជីវកម្មខាងក្រៅ ឱ្យមកចូលក្នុងប្រទេសឱ្យបានច្រើន។
លោកថា៖«កិច្ចការងារនេះ គឺជារឿងចាំបាច់របស់ក្រសួងដែលត្រូវតែធ្វើ ហើយកន្លងមកក្រសួងក៏បានធ្វើកិច្ចការ និងផែនការសម្រាប់នៅក្នុងស្រុកក៏ច្រើនដែរ ប៉ុន្តែមិនទាន់ឃើញមាន ផែនការទាក់ទាញជាសកលច្រើន ដើម្បីឱ្យកម្ពុជាក្លាយជាទិសដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពមានសកម្មភាពនោះទេ»។
យោងតាមសេចក្ដីជូនដំណឹងលេខ ១១៧ សជណ ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីអាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ស្របតាមទស្សនទាន IBEST ក្រសួងទេសចរណ៍នឹងប្រកាសលទ្ធផលរបស់មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានជាប់ជាអាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ស្របតាមទស្សនទាន IBEST ចំនួន ៣ ដង (លើកទី១ ក្នុងខែឧសភា លើកទី២ ក្នុងខែតុលា និងលើកទី៣ ក្នុងខែធ្នូ ឆ្នាំ២០២៣ នេះ) ៕