ភ្នំពេញៈ គណៈឱសថការីកម្ពុជាបានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជិកាឱសថការីតាមអនឡាញ (RMS) ជាផ្លូវការនៅថ្ងៃទី២៤ខែមីនា ដើម្បីផ្ដល់ភាពងាយស្រួលច្រើនដល់ឱសថការីទូទាំងប្រទេសក្នុងការចុះបញ្ជិកា និងចូលរួមទប់ស្កាត់អ្នកដែលក្លែងបន្លំធ្វើជាឱសថការី ដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ។
លោក បាន បុត្តា ប្រធានគណៈឱសថជាតិកម្ពុជា បានឱ្យដឹងថា សិក្ខាសាលានេះគឺដើម្បីផ្សព្វផ្សាយការដាក់ឱ្យដំណើរការប្រព័ន្ធចុះបញ្ជិការអនឡាញ RMS របស់គណៈឱសថការីកម្ពុជាចាប់ពីឆ្នាំ២០២៣ នេះតទៅ និងដើម្បីឱ្យមន្ត្រីអនុវត្តបានយល់ដឹងកាន់តែច្បាស់អំពីការអនុវត្តប្រព័ន្ធចុះបញ្ជិកាអនឡាញនេះ និងផ្សព្វផ្សាយបញ្ជ្រាបដល់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រទាំងអស់ឱ្យចូលទៅចុះបញ្ជិកា មុនស្នើសុំអាជ្ញាបណ្ណយកទៅប្រកបការងារ។ នេះបើយោងតាមក្រសួងព័ត៌មាន។
លោកបានបញ្ជាក់ថា៖«ប្រព័ន្ធចុះបញ្ជិកាឱសថការីតាមអនឡាញនេះដែរ គឺជួយសម្រួលដល់ឱសថការីទូទាំងប្រទេសឱ្យទទួលភាពងាយស្រួល ចំណេញពេលវេលានិងថវិកា និងមានភាពឆាប់រហ័សជាងមុន ដោយកន្លងមករាល់ការចុះបញ្ជិកាឱសថការីត្រូវមកធ្វើដោយផ្ទាល់នៅគណៈឱសថការីកម្ពុជា រាជធានីភ្នំពេញ»។
លោកបានបន្ថែមថា ដើម្បីអាចចុះបញ្ជិកាឱសថការីកម្ពុជាបាន អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវតែមានគុណវុឌ្ឍសំខាន់ៗមួយចំនួន។ ក្នុងនោះរួមមាន អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវបញ្ចប់ការសិក្សាបញ្ញាបត្រឱសថសាស្ត្រពីមហាវិទ្យាល័យ និងត្រូវមានសញ្ញាបត្រដែលទទួលស្គាល់ត្រឹមត្រូវពីក្រសួងសុខាភិបាល ឬក្រសួងអប់រំ យុវជន និងកីឡា ឬក៏មហាវិទ្យាល័យនៅក្រៅប្រទេសជាដើម, អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវមានសមត្ថភាព ឬគុណវុឌ្ឍគ្រប់គ្រាន់ក្នុងការប្រកបវិជ្ជាជីវៈជាឱសថការី, អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវមានសុខភាពល្អ ពោលគឺត្រូវមានកាយសម្បទាគ្រប់គ្រាន់ គ្មានជំងឺ និងអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រត្រូវតែមិនមែនជាអ្នកជាប់ទោសទណ្ឌ ឬមិនមែនជាពិរុទ្ធជន។
លោក បាន បុត្តា បានបញ្ជាក់បន្ថែមថា៖«មុននឹងឱសថការីទាំងនោះស្នើសុំអាជ្ញាបណ្ណពីក្រសួងសុខាភិបាល ដាច់ខាតត្រូវចុះបញ្ជិកាឱសថការីជាមុនសិន ដើម្បីចៀសវាងការប៉ះពាល់ដល់សុខភាពសាធារណៈ ពិសេសដើម្បីពង្រឹងគុណភាព សុវត្ថិភាព ប្រសិទ្ធភាពក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។ នេះជាលក្ខខណ្ឌដែលបានកំណត់ដោយច្បាប់»។ នេះបើយោងតាមក្រសួងព័ត៌មានដដែលនេះ៕