ភ្នំពេញៈ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យលោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ ជួបជាមួយសហមេធាវីការពារក្តី នៅក្នុងលំនៅឋាន របស់លោក នៅសង្កាត់បឹងកក់ទី ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នាថ្ងៃទី ២៨ ខែមីនា ខាងមុខនេះ ចាប់ពីពេលព្រឹក រហូតដល់រសៀល ម៉ោង ៥ ដើម្បីពិគ្រោះយោបល់ក្នុងការបនុ្តនីតិវិធីទៀត។
ការអនុញ្ញាតឱ្យមានជំនួបនេះរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងតាមសំណើសុំជួបជាមួយសហមេធាវីការពារក្តីរបស់ពិរុទ្ធជន កឹម សុខា ចុះថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ ក្នុងគោលបំណង ដើម្បីបន្តនីតិវិធី តាមផ្លូវតុលាការតទៅទៀត។ ជាពិសេស ចំពោះមុខនេះ លោកត្រូវការចាំបាច់ជួបពិគ្រោះយោបល់ ក្នុងការប្តឹងឧទ្ធរណ៍ឱ្យទាន់ពេលវេលាកំណត់។
យោងតាមលិខិតថ្ងៃទី ២២ ខែមីនា ដែលចុះហត្ថលេខា ដោយ លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃសាលាដំបូងរាជធានីភ្នំពេញ បានសរសេរថា៖ «អនុញ្ញាតឱ្យពិរុទ្ធជនកឹម សុខា ទទួលជួបសហមេធាវីការពារក្តី និងឱ្យសហមេធាវីការពារក្តី ដែលមានឈ្មោះក្នុងសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០១៧ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចូលជួបជាមួយពិរុទ្ធជន កឹម សុខា នៅលំនៅឋាន នៅ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ ចាប់ពី ម៉ោង ៧:០០ នាទីព្រឹក រហូតដល់ម៉ោង ១៧:០០ នាទីរសៀល»។
លិខិតក៏បានឱ្យមន្ត្រីនគរបាលយុត្តិធម៌ ដែលមានសមត្ថកិច្ចអនុវត្តសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញផ្ដល់កិច្ចសហការ និងសម្របសម្រួល ដើម្បីឱ្យសហមេធាវី អាចចូលជួបពិរុទ្ធជនកឹម សុខា តាមកាលកំណត់។
លោក មុត ចន្ថា ដែលស្និទ្ធជាមួយនឹងលោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួន នៅថ្ងៃទី ២៣ ខែមីនា ថា លោក កឹម សុខា ត្រូវបានអនុញ្ញាតឱ្យជួបសហមេធាវីរបស់លោក បន្ទាប់ពីសហមេធាវីការពារក្តីត្រូវបានបដិសេធក្នុងការចូលជួបលោកកឹម សុខា កាលពីថ្ងៃទី ១៤ ខែមីនា និងបន្ទាប់ពីគណៈមេធាវី បានប្រាប់ឱ្យលោកកឹម សុខា ត្រូវសុំពឹងពាក់មេធាវីទៅតុលាការ។
លោកបានបញ្ជាក់ថា៖ «នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ លោកកឹម សុខា បានសរសេរលិខិតដោយផ្ទាល់ដៃទៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំជួបសហមេធាវីការពារក្តីរបស់លោក នៅថ្ងៃអង្គារ ទី ២៨ ខែមីនា ឆ្នាំ ២០២៣»។
យោងតាមខ្លឹមសារនៃលិខិតរបស់លោកកឹម សុខា បានសរសេរថា៖ «ខ្ញុំត្រូវការចាំបាច់ទំនាក់ទំនង ឬជួបជាមួយសហមេធាវីរបស់ខ្ញុំ ដើម្បីបន្តនីតិវិធីតាមផ្លូវតុលាការតទៅទៀត។ ជាពិសេសចំពោះមុខនេះ ខ្ញុំត្រូវការចាំបាច់ជួបពិគ្រោះយោបល់ក្នុងការប្តឹងឧទ្ធរណ៍ឱ្យទាន់ពេលវេលាកំណត់...»។
បើតាមលោក មុត ចន្ថា នៅថ្ងៃដដែលនោះ ព្រះរាជអាជ្ញា ច្រឹង ខ្មៅ បានចេញលិខិតអនុញ្ញាតឱ្យលោក កឹម សុខា ជួបជាមួយសហមេធាវី និងសហមេធាវីការពារក្តី ដែលមានឈ្មោះក្នុងសំណុំរឿងព្រហ្មទណ្ឌ ចាប់ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច។ លោកថា លិខិតអនុញ្ញាតរបស់ព្រះរាជអាជ្ញា នៅតែទទួលស្គាល់សហមេធាវីការពារក្តីក្នុងសំណុំរឿងដដែល។
សូមរំឭកដែរថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ១៧ ខែមីនា បានលើកឡើងថា ក្នុងករណីលោកកឹម សុខា ត្រូវការពឹងពាក់ មេធាវី ត្រូវអនុវត្តតាមខ្លឹមសារនៃសាលក្រមព្រហ្មទណ្ឌ ចុះថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ បានសម្រេចផ្តន្ទាទោសលោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ដាក់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ដោយឃុំខ្លួនក្នុងផ្ទះ ពីបទ «សន្ទិដ្ឋភាពជាមួយបរទេស ឬបទឃុបឃិតត្រូវរ៉ូវគ្នាជាមួយបរទេស» និងដកសិទ្ធិធ្វើនយោបាយ រួមទាំងមិនអនុញ្ញាតឱ្យលោកជួបអ្នកណាទាំងអស់ បើគ្មានការអនុញ្ញាត៕