
លោក ឆាយ ថន និងមន្ត្រីពាក់ព័ន្ធបើកវគ្គបណ្ដុះបណ្ដាលមន្ត្រីជំរឿន។ រូបថត FB
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឱ្យម្ចាស់សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មទាំងអស់ចូលរួមផ្តល់ទិន្នន័យព័ត៌មាន ឱ្យបានត្រឹមត្រូវ ពេញលេញ និងស្មោះត្រង់ដល់មន្ត្រីជំរឿនកសិកម្មដែលត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី ១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។
តាមរយៈសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី ២៣ ខែមីនា បានឱ្យដឹងថា ជំរឿនកសិកម្ម ឆ្នាំ ២០២៣ ជាជំរឿនកសិកម្មលើកទី ២ នៅកម្ពុជាស្របតាមច្បាប់ស្តីពីស្ថិតិដែលបានកំណត់នូវកាតព្វកិច្ចរបស់ម្ចាស់អង្គភាពកសិកម្មទាំងអស់ មានជាអាទិ៍សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្មនីមួយៗ ត្រូវចូលរួមសហការក្នុងការផ្តល់ព័ត៌មានទិន្នន័យដល់មន្ត្រីជំរឿនកសិកម្ម។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ជំរឿនកសិកម្ម ធ្វើឡើងដើម្បីទទួលបានព័ត៌មានសំខាន់ពីវិស័យកសិកម្ម ស្តីពីស្ថានភាពកសិកម្ម ដើម្បីធ្វើជាមូលដ្ឋានទិន្នន័យគ្រឹះសម្រាប់រៀបចំធ្វើគោលនយោបាយ យុទ្ធសាស្ត្រផែនការសកម្មភាព និងគម្រោងកម្មវិធីនានា ដើម្បីជំរុញកិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ច សង្គមកិច្ច និងសុខុមាលភាពប្រជាជន។
លោក ហ៊ុន សែន បានលើកឡើងថា៖ «ជំរឿនកសិកម្មជាការងារដ៏ធំ និងជាប្រវត្តិសាស្ត្រដែលមានសារៈសំខាន់សម្រាប់ប្រទេសជាតិ ហើយក៏ជាការងារស្ថិតិរបស់ប្រទេសកម្ពុជា ដែលនាំមកនូវព័ត៌មាន និងទិន្នន័យទាំងឡាយ របស់សហគ្រាសកសិដ្ឋានកសិកម្មនិងគ្រួសារកាន់កាប់កសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតទាំងអស់។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថា ប្រទេសជាច្រើននៅលើសកលលោក សុទ្ធតែមានការចាំបាច់ក្នុងការធ្វើជំរឿនកសិកម្ម ក្នុងប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយអាចដំណើរការ និងប្រព្រឹត្តទៅបានល្អនូវជំរឿនកសិកម្មនេះ ហើយលទ្ធផលទិន្នន័យដែលបានមកពីជំរឿនកសិម្ម និងត្រូវប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យសាធារណៈ និងវិស័យឯកជន។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ខ្ញុំសូមអំពាវនាវ ដល់សហគ្រាសកសិដ្ឋានកសិកម្ម និងគ្រួសារកាន់កាប់កសិកម្ម គ្រប់ប្រភេទទាំងអស់ សូមចូលរួម គាំទ្រការងារនេះ និងសូមផ្តល់ព័ត៌មាន ទិន្នន័យតាមសំណូមពរសម្ភាសឱ្យបានពេញលេញ ត្រឹមត្រូវ និងស្មោះត្រង់ដល់មន្ត្រីជំរឿនកសិកម្មដើម្បីបង្កើតបាននូវស្ថិតិល្អពីព្រោះស្ថិតិល្អបង្កើតបាននូវគោលនយោបាយល្អ ហើយគោលនយោបាយល្អនឹងជំរុញឱ្យប្រទេសជាតិបានជឿនលឿន»។
ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំរឿនកសិកម្ម ស្តីពីការប្រមូលទិន្នន័យជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៣ កាលពីថ្ងៃទី ២១ ខែមីនា លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ក៏បានលើកឡើងដែរថា ជំរឿនកសិកម្មត្រូវបានធ្វើឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងឆ្នាំ ២០៣០។
លោកបានបន្តថា ការងារជំរឿនកសិកម្មនៅកម្ពុជា ឆ្នាំ ២០២៣ គឺពិតជាមានសារៈសំខាន់បំផុតដែលត្រូវធ្វើមិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់បំផុត ក្នុងការរៀបចំធ្វើគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម សេដ្ឋកិច្ចបរិស្ថាន សង្គម ការប្រែប្រួលអាកាសធាតុនិងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។ វាក៏ជាសូចនាករយ៉ាងសំខាន់សម្រាប់តាមដាន ត្រួតពិនិត្យ វាយតម្លៃលើកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រនៃការលុបបំបាត់ភាពក្រីក្រ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) ឆ្នាំ ២០១៦-២០៣០។
លោកទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ ឆាយ ថន ថ្លែងថា៖ «ការងារជំរឿនកសិកម្មឆ្នាំ ២០២៣ ត្រូវបានធ្វើជាលើកទី ២ បន្ទាប់ពីជំរឿនកសិកម្មលើកទី ១ នៅឆ្នាំ ២០១៣ ហើយជំរឿនលើកទី ២ នេះ មានវិសាលភាពធំធេង ដោយផ្អែកតាមការប៉ាន់ស្មានចំនួនប្រជាជនកម្ពុជាមានកំណើនដល់ជាង ១៧ លាននាក់ ដែលមានប្រមាណ ៣,៩ លានគ្រួសារ និងគ្រួសារប្រកបមុខរបរកសិកម្មនៅទូទាំប្រទេសកម្ពុជាមានប្រមាណជាង ២,៧ លានគ្រួសារ»។
លោករដ្ឋមន្ត្រី ថ្លែងដោយបានស្នើឱ្យម្ចាស់គ្រឹះស្ថានសហគ្រាសកសិដ្ឋាន អ្នកគ្រប់គ្រង ក៏ដូចជាគ្រួសារកសិករទាំងអស់ ត្រៀមខ្លួនសហការជាមួយមន្ត្រីជំនាញដើម្បីឱ្យយុទ្ធនាការនេះប្រកបទៅដោយភាពជោគជ័យ៕