ភ្នំពេញៈ ភាគី​ចិន​បានបង្ហាញ​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​លើ​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿនលឿន​ភ្នំពេញ-ប៉ោយប៉ែត និង​បាន​ចាត់តាំង​ក្រុមការងារ​បច្ចេកទេស​ដើម្បី​ចូលរួម​សហការ​ជាមួយ​ភាគី​កម្ពុជា ក្នុងការ​អនុវត្ត​ការងារ​បច្ចេកទេស​ពាក់ព័ន្ធ​ក្នុង​ជំហាន​បន្ទាប់។

​ជាមួយគ្នានេះដែរ ភាគី​ចិន​ក៏បានផ្តល់​ការពន្យល់​លម្អិត​អំពី​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​សម្រាប់​គម្រោង ផ្លូវ​រថភ្លើង​ល្បឿនលឿន​នេះ ដោយបាន​បញ្ជាក់ថា ការបង្កើត​ក្រុម​ការងារ​បច្ចេកទេស គឺជា​ការងារ​អាទិភាព​។ ចំពោះ​ការស្នើ​ឱ្យ​បង្កើត​ក្រុម​ការងារ​បច្ចេកទេស​នេះ លោក​ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានផ្តល់​ការឯកភាព ដោយ​នឹង​មាន​ការចាត់តាំង​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​មកពី​ស្ថាប័ន​ពាក់ព័ន្ធ​ផងដែរ។​

​ការពិភាក្សា​ពី​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ភ្នំពេញ-ប៉ោយប៉ែត នេះ ត្រូវបាន​ធ្វើឡើង ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​លោក​ស៊ុន ចាន់ថុល និង​គណៈប្រតិភូ ដឹកនាំ​ដោយ លោក ZHANG Zhiqing អនុប្រធាន​នាយកដ្ឋាន​មូលធន​បរទេស និង​ការវិនិយោគ​ក្រៅប្រទេស នៃ​គណៈកម្មាធិការ​កំណែទម្រង់ និង​អភិវឌ្ឍន៍​ជាតិ នៃ​ប្រទេស​ចិន នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី ២៣ មីនា។​

​បើ​យោងតាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​សាធារណការ នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​នោះ​លោក​ស៊ុន ចាន់ថុល ក៏បាន​លើក​ឡើង​ពី​គម្រោង​ធំៗ​ចំនួន ៣ ជម្រាប​ទៅដល់​គណៈប្រតិភូ​មិត្ត​ចិន ដើម្បី​ពិនិត្យ​លទ្ធភាព​ក្នុងការ​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន ដែល​ក្នុងនោះ​មាន​ដូចជា​៖ ១ គម្រោង​ស្ថាបនា​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ៣ វាលរេញ-ត្រពាំងរពៅ ដែល​បាន​សិក្សា​រួចរាល់​ដោយ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន CRBC។​

២ គម្រោង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ ៦ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ទៅ​ក្រុង​សៀមរាប ដែល​បាន​សិក្សា​រួចរាល់​ដោយ​ក្រុមហ៊ុន Shanghai Construction Group Co.,Ltd និង ៣ គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ ដែល​បាន​សិក្សា​លម្អិត​ដោយ​ក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd។​

​បើតាម​ក្រសួង​សាធារណការ លោក ZHANG Zhiqing បាន​ឆ្លើយតប​ថា ចំពោះ​គម្រោង​ស្ថាបនា​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ៣ វាលរេញ-ត្រពាំងរ​ពៅ និង​គម្រោង​ពង្រីក​កំណាត់​ផ្លូវជាតិ​លេខ ៦ ពី​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ថ្មី ទៅ​ក្រុង​សៀមរាប កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ពិនិត្យ​លទ្ធភាព និង​ធ្វើការ​វាយតម្លៃ។​

​ដោយឡែក​ចំពោះ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ ភាគី​ចិន​ស្នើសុំ​ពេលវេលា ដើម្បី​ពិនិត្យ​លទ្ធផល​នៃ​ការសិក្សា​សមិទ្ធិ​លទ្ធភាព ដាក់​ទៅ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​សិក្សា​ឱ្យបាន​លម្អិត​ស៊ីជម្រៅ ដើម្បី​បានជា​មូលដ្ឋាន​ក្នុងការ​ឆ្លើយតប​ត្រឡប់​មកវិញ៕