ភ្នំពេញៈ ប្រតិភូកម្ពុជាចូលរួមប្រជុំស្តីពី "ការឆ្លើយតបអន្តរស្ថាប័នរួមគ្នា លើបទល្មើសបរិស្ថាន និងការគំរាមកំហែងជីវសាស្ត្រ" ដែលត្រូវបានរៀបចំឡើងនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣។
យោងតាមក្រសួងបរិស្ថានបានឱ្យដឹងថា កិច្ចប្រជុំនេះផ្តោតសំខាន់លើគោលបំណងចំនួន ៣ ដែលរួមមានដូចជា ១) ហានិភ័យជីវសាស្ត្រឆ្លងដែន ២) កាលានុវត្តភាព និងបញ្ហាប្រឈមក្នុងការកសាងភាពជាដៃគូរវាងអ្នកពាក់ព័ន្ធ និង ៣) ធនធានសម្រាប់អនុវត្តនៅក្នុងប្រទេសមហាអនុតំបន់មេគង្គ GMS។
កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូចំនួន ១០ ប្រទេស ដែលតំណាងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ។ ក្នុងនោះ ប្រតិភូកម្ពុជាមានសមាជិកចំនួន ៧ រូបផងដែរ។ ប្រធានបទសំខាន់ៗចំនួន ៥ វគ្គ ដែលត្រូវបានលើកយកមកពិភាក្សា ដូចជាវគ្គ១) លំហូរទំនិញស្របច្បាប់ និងខុសច្បាប់ ឆ្លងកាត់ព្រំដែនប្រទេសក្នុងមហាអនុតំបន់ទន្លេមេគង្គ, វគ្គ២) បច្ចុប្បន្នភាពព័ត៌មានអំពី គោលនយោបាយនិងកម្មវិធីដែលនៅជាធរមាន, វគ្គ៣) សមត្ថភាព លទ្ធភាព និងភាពជាដៃគូ, វគ្គ៤) ការចូលរួមរបស់ស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធក្នុងការងារសុខុមាលភាព មនុស្សសត្វព្រៃប្រព័ន្ធអេកូឡូស៊ី និង វគ្គ៥) ការបង្កើត ការចូលរួមធនធាន និងការពង្រីកភាពជាដៃគូនៅថ្នាក់ជាតិ ទ្វេភាគី និងពហុភាគី៕