ភ្នំពេញៈ តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកលោក Edgar DOERIG បំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជួបជាមួយដៃគូសំខាន់ៗនៅកម្ពុជា ហើយបន្តអនុវត្តគម្រោងដែលមានស្រាប់ និងបង្កើតគម្រោងថ្មីៗ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់អង្គការ OIF។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិស្តីពីលទ្ធផលនៃជំនួបសម្តែងការគួរសមរវាងលោក DOERIG និងលោកឈីវ យីស៊ាង រដ្ឋលេខាធិការក្រសួងការបរទេសនៅថ្ងៃទី ២២ ខែមីនា។
នេះជាដំណើរទស្សនកិច្ចលើកទីមួយរបស់លោក Edgar DOERIG នៅកម្ពុជា បន្ទាប់ពីចូលកាន់តំណែងជាតំណាងរបស់អង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅទីក្រុងហាណូយនាពាក់កណ្តាលខែមីនាកន្លងមក។
លោកឈីវ យីស៊ាងបានថ្លែងក្នុងជំនួបនោះថា នៅឆ្នាំ ២០២២ បន្ទាប់ពីងើបចេញពីជំងឺរាតត្បាត កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចចំនួន ៥.២%។ លទ្ធផលដ៏ល្អប្រសើរនេះទទួលបាន តាមរយៈការគ្រប់គ្រង វិបត្តិកូវីដ ១៩ ដ៏ល្អរបស់រាជរដ្ឋាភិបាល ការផ្តល់ទំនុកចិត្តរបស់វិនិយោគិនអន្តរជាតិ និងជោគជ័យនៃការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា ទោះស្ថិតនៅក្នុងបរិបទនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចក្តី។
លោករដ្ឋលេខាធិការក៏បានទាញចំណាប់អារម្មណ៍របស់លោក DOERIG ទៅលើសារៈសំខាន់នៃតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលពីមួយថ្ងៃ ទៅមួយថ្ងៃ បានក្លាយជាតំបន់ទាក់ទាញនៃពិភពលោក ដែលអង្គការ OIF ត្រូវយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀត។
គោលបំណងនៃដំណើរទស្សនកិច្ចនេះ លោក DOERIG បានគូសបញ្ជាក់ថាលោកចង់ជួបជាមួយដៃគូហ្វ្រង់កូហ្វូនសំខាន់ៗនៅកម្ពុជា ដើម្បីបន្តអនុវត្តគម្រោងដែលមានស្រាប់ និងបង្កើតគម្រោងថ្មីៗ ស្របតាមក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់អង្គការ OIF។ ចាប់ពីពេលចាប់ផ្តើមបំពេញការងារប៉ុន្មានថ្ងៃដំបូង លោកបានបញ្ជាក់ពីភាពពាក់ព័ន្ធដែលត្រូវស្វែងយល់ពីបណ្ដាញហ្វ្រង់កូហ្វូននៅកម្ពុជា។ លើសពីនេះទៀត លោក DOERIG បានលើកឡើងពីចំណាប់អារម្មណ៍របស់អង្គការ OIF ក្នុងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
លោកឈីវ យីស៊ាងបានបញ្ជាក់ជាថ្មីពីដំណើរការយ៉ាងល្អនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងការគោរពដ៏ល្អរបស់កម្ពុជា នៅក្នុងវិស័យសិទ្ធិមនុស្ស។ ការដកកម្ពុជាចេញពីស្ថានការណ៍ "La mise sous alerte" របស់ សភាប្រើប្រាស់ភាសាបារាំង (APF) កាលពីខែមករា ឆ្នាំ ២០២៣ ជាភ័ស្តុតាងបញ្ជាក់ពីការ ទទួលស្គាល់ថាប្រជាជនកម្ពុជាផ្ដោតសំខាន់ទៅការគោរពសេរីភាពបុគ្គល។ ប្រធានគណៈកម្មាធិការ នយោបាយនៃសភា APF បានមកបំពេញបេសកកម្មសុឆន្ទៈនៅកម្ពុជា ដែលនៅក្នុងអំឡុងពេលនោះ លោកបានជួបជាមួយស្ថាប័នសាធារណៈ និងឯកជនពាក់ព័ន្ធទាំងអស់។
លើសពីនេះទៀត លោក DOERIG និងលោកឈី ស៊ាង បានផ្លាស់ប្ដូរយោបល់គ្នាដោយស្មោះត្រង់ និងប្រកបដោយផ្លែផ្កា ទៅលើប្រធានបទសំខាន់ៗជាច្រើន ទាក់ទងនឹងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងស្ថានតំណាងអង្គការ OIF នៅអាស៊ីប៉ាស៊ីហ្វិក ការអនុវត្តគម្រោងបច្ចុប្បន្ន ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃបណ្តាញរចនាសម្ព័ន្ធ និងស្ថាប័នទទួលបន្ទុកហ្វ្រង់កូហ្វូនីនៅអាស៊ីប៉ាស៊ីហ្វិក (RESIFAP) ការបណ្តុះបណ្តាលជាភាសាបារាំងសម្រាប់មន្ត្រីរាជការនិងកងមួកខៀវកម្ពុជា។ ភាគីទាំងពីរក៏បានពិភាក្សាផងដែរលើបរិបទភូមិសាស្ត្រនយោបាយ នៅក្នុងពិភពលោក ក្នុងនោះ មានការវិវត្តន៍នៃតំបន់អាស៊ីប៉ាស៊ីហ្វិក និងជាអាទិ៍ ការងើបឡើងវិញ នៃកំណើនសេដ្ឋកិច្ចពិភពលោក និងតំបន់។
ក្រសួងបានបញ្ជាក់ថា៖ «កិច្ចសន្ទនានេះ មានសារៈសំខាន់ និងផ្តល់នូវលទ្ធផលជាទីគាប់ប្រសើរជាច្រើន។ លោក Edgar DOERIG បានធានាថាលោកនឹងដើរតួនាទីជាមេធាវី ដើម្បីការពារគុណតម្លៃហ្វ្រង់កូហ្វូនីនៅ តំបន់អាស៊ីប៉ាស៊ីហ្វិក និងបានបង្ហាញឆន្ទៈក្នុងការនាំយកកង្វល់របស់កម្ពុជាទៅបង្ហាញដល់ទីស្នាក់ការកណ្តាលអង្គការ OIF»៕