រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសុំការយោគយល់ និងអធ្យាស្រ័យពីអតិថិជន ដែលខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង ខណៈអង្គភាពនេះ អះអាងថា នឹងខំធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បានក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភាឆ្នាំ ២០២៣ តទៅ។
សេចក្តីជូនដំណឹង ស្តីពីស្ថានភាពផ្គត់ផ្គង់ទឹកក្នុងរដូវប្រាំងឆ្នាំ ២០២៣ និងដំណោះស្រាយ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចុះថ្ងៃទី ២៣ ខែមីនា បានលើកឡើងថា ចាប់ពីដើមខែកុម្ភៈ ដល់ខែមីនា ឆ្នាំ ២០២៣ នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) បានទទួលព័ត៌មានអំពីការមិនពេញចិត្តរបស់អតិថិជន ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់ ទឹកមានសម្ពាធខ្សោយ និងគ្មានទឹកក្នុងបណ្តាញទឹកជាដើម។
ជាមួយគ្នានេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏បានសុំការយោគយល់ និងអធ្យាស្រ័យពីអតិថិជន ដែលខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង និងអំពាវនាវដល់អតិថិជនទាំងអស់ទាំងក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មេត្តាជួយសន្សំសំចៃទឹកស្អាត ដោយសារតម្រូវការទឹកនៅឆ្នាំ ២០២៣ បានកើនឡើងដល់ជិត ៩០ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។
រដ្ឋាករទឹក បានបញ្ជាក់ដែរថា៖ «នៅឆ្នាំ ២០២៣ នេះ តម្រូវការទឹកប្រើប្រាស់បានកើនឡើងជាង ៨៩ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ នៅពេលដែលសមត្ថភាពផលិតទឹកជាក់ស្តែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រមាណតែ ៦៤ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃតែប៉ុណ្ណោះ។ មានន័យថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខ្វះទឹកផ្គត់ផ្គង់ចំនួន ២៥ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ»។
ជាមួយគ្នានេះដែរ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ចាត់ទុកកង្វល់របស់អតិថិជន គឺជាកង្វល់ និងការទទួលខុសត្រូវរបស់ខ្លួន និងសូមអតិថិជនដែលជួបបញ្ហាទឹកស្អាតទាំងអស់មេត្តាយោគយល់ អធ្យាស្រ័យ ខន្តីអភ័យទោស និងសូមមេត្តាជឿជាក់ថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងធ្វើការដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បាន ក្នុងលក្ខណៈជាប្រព័ន្ធ និងជាជំហានៗ ចាប់ពីខែឧសភាឆ្នាំ ២០២៣ តទៅ។
ពាក់ព័ន្ធនឹងបញ្ហាខ្វះទឹកប្រើប្រាស់នេះដែរ ប្រធានកម្មវិធីអង្គការភ្លែនអន្តរជាតិកម្ពុជា លោក ហង់ ហ៊ី ប៊ុណ្ណា ថ្លែងគាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹក ខណៈលោកក៏គាំទ្រឱ្យពលរដ្ឋចូលរួមសន្សំសំចៃទឹកប្រើប្រាស់ ព្រោះកន្លងមកមានប្រជាពលរដ្ឋខ្លះនៅមានការប្រើប្រាស់ទឹកលើសតម្រូវការ និងខ្ជះខ្ជាយផងដែរ។
លោកបន្តថា៖ «ការចេញសេចក្តីជូនដំណឹងរបស់រដ្ឋាករទឹក គឺជាការពញ្ញាក់អារម្មណ៍ដល់ប្រជាពលរដ្ឋមួយដែរ ដើម្បីឱ្យពួកគាត់ចេះប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈបច្ចុប្បន្នរាជធានីភ្នំពេញកំពុងមានការអភិវឌ្ឍខ្លាំងលើសំណង់ផ្ទះល្វែង បុរី អចលទ្រព្យ និងសំណង់នានា ដែលធ្វើឱ្យតម្រូវការប្រើប្រាស់ទឹកមានការកើនឡើង ហើយខ្ញុំសង្ឃឹមថា រដ្ឋាករទឹក នឹងដោះស្រាយបញ្ហាខ្វះទឹកស្អាតប្រើប្រាស់បានឆាប់រហ័ស សម្រាប់ឆ្លើយតបទៅដល់ប្រជាពលរដ្ឋដែលខ្វះខាតទឹកបានទាន់ពេល»។
គួរបញ្ជាក់ដែរថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកត់សម្គាល់ថា ខណ្ឌដែលមានបញ្ហាទឹកប្រើប្រាស់ ភាគច្រើនកើតឡើងនៅក្នុងសង្កាត់ជាយរាជធានីភ្នំពេញ ដែលមានជាអាទិ៍ សង្កាត់ស្វាយប៉ាក សង្កាត់គោករការ សង្កាត់ក្រាំងធ្នង់ សង្កាត់សម្រោងក្រោម សង្កាត់ស្ទោ សង្កាត់ភ្លើងឆេះរទេះ សង្កាត់ពងទឹក សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ចោមចៅ ១ សង្កាត់ចោមចៅ ២ និងសង្កាត់ចោមចៅ ៣ សង្កាត់កាកាប ១ និងសង្កាត់កាកាប ២ សង្កាត់ព្រៃវែង សង្កាត់ព្រៃស សង្កាត់ជើងឯក សង្កាត់ស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ២ និងសង្កាត់ស្ទឹងមានជ័យ ៣ សង្កាត់ព្រែកកំពឹស សង្កាត់ព្រែកហូរ សង្កាត់ស្វាយរលំ សង្កាត់ព្រែកថ្មី សង្កាត់ក្បាលកោះ។
យ៉ាងណាមិញ ស្ថិតក្នុងបរិការណ៍នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អះអាងដែរថា រាជរដ្ឋាភិបាល ក្រសួងអាណាព្យាបាល ក្រុមប្រឹក្សាភិបាល បានយល់អំពីសភាពការណ៍ខ្វះទឹកស្អាតប្រើប្រាស់ និងបានជួយគាំទ្រ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ យ៉ាងពេញទំហឹងក្នុងការផ្តល់ទុនវិនិយោគ ដើម្បីឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានលទ្ធភាពសាងសង់រោងចក្រផលិតទឹកថ្មី ដែលមានសមត្ថភាពអាចផលិតទឹកស្អាតបានក្នុងបរិមាណ ៤០ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ និងបំពង់ចែកទឹកថ្មីជិត ១ ពាន់គីឡូម៉ែត្រ ដើម្បីដោះស្រាយបញ្ហាខ្វះទឹក ជាជំហានៗ ឱ្យខាងតែបាន ចាប់ពីឆមាសទី ១ ឆ្នាំ ២០២៣ នេះតទៅ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ ២០២៣ នេះ រោងចក្រផលិតទឹកស្អាតថ្មី នឹងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។ ពោលគឺរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានសមត្ថភាពផលិត ៨៤ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ ធៀបនឹងតម្រូវការទឹកស្អាត ៨៩ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ និងមានន័យថារដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានដោះស្រាយបញ្ហា ខ្វះទឹកស្អាតបានជាង ៩០% ហើយ។
ដោយឡែកចាប់ពីដើមឆ្នាំ ២០២៤ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងអាចផលិតទឹកស្អាតបាន ២០ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃបន្ថែមទៀត ដែលធ្វើឱ្យសមត្ថភាពសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានរហូតដល់ជាង ១ លាន ម៉ែត្រគុបក្នុងមួយថ្ងៃ ពោលគឺចាប់ពីដើមឆ្នាំ ២០២៤ តទៅ សមត្ថភាពផលិតទឹកស្អាតរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានជាង ១ លានម៉ែត្រគុបក្នុងមួយថ្ងៃ ធៀបនឹងការព្យាករណ៍តម្រូវការទឹកដែលមានប្រមាណ ៩០ ម៉ឺនម៉ែត្រគុបក្នុងមួយថ្ងៃ។ មានន័យថា អតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់៕