ក្រសួងបរិស្ថាន និងបណ្តាស្ថាប័ន អង្គការដៃគូ បានរៀបចំ «ទិវាមួយម៉ោងសម្រាប់ភពផែនដី»នៅកម្ពុជាដែលទិវានេះគឺជានិមិត្តរូបនៃការបង្រួបបង្រួម និងបានអំពាវនាវដល់ប្រជាជនក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោកឱ្យអនុវត្តសកម្មភាពវិជ្ជមានបន្ថែមទៀត ដើម្បីស្តារភពផែនដីឡើងវិញសម្រាប់គាំទ្រដល់ការអភិវឌ្ឍប្រកបដោយចីរភាព។
ទិវាមួយម៉ោងសម្រាប់ភពផែនដី នឹងត្រូវបានរៀបចំឡើងនៅវេលាម៉ោង ៨ និង៣០យប់ថ្ងៃទី២៥ ខែមីនានេះ ខណៈដែលមនុស្សប្រមាណជាង ១ ពាន់នាក់នឹងចូលរួមបិទភ្លើងមួយម៉ោងនៅFACTORY Phnom Penh ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែលើ តាមបណ្តោយផ្លូវជាតិ លេខ២ រាជធានីភ្នំពេញ។
រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា មានប្រសាសន៍ថា ក្នុងនាមជាប្រជាជននៃភពផែនដី យើងសូមឧទ្ទិសការដឹងគុណចំពោះភពផែនដីដែលបានផ្តល់ខ្យល់អុកស៊ីសែនដល់យើងសម្រាប់ដកដង្ហើម ទឹកនិងអាហារសម្រាប់ទទួលទាន ទ្រទ្រង់ការសាយភាយលំអងរុក្ខជាតិច្រើនប្រភេទ ការពារមនុស្សជាតិពីគ្រោះធម្មជាតិនានា ព្រមទាំងផ្តល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀតចាំបាច់សម្រាប់គាំទ្រដល់ជីវិតមនុស្ស។
លោកបន្តថា៖«យើងត្រូវរួមគ្នាធ្វើសកម្មភាពពេលនេះជាងពេលណាៗទាំងអស់ ដើម្បីតបស្នងដល់ភពផែនដីវិញក្នុងការរស់នៅប្រចាំថ្ងៃតាមរយៈសកម្មភាពផ្សេងៗ រាប់ចាប់តាំងពីការកាត់បន្ថយនូវធនធានដែលយើងមាន (Reduce) ការប្រើប្រាស់ឡើងវិញធនធានដែលយើងមាន (Reuse) និងការកែច្នៃឡើងវិញធនធានដែលយើងមាន (Recycle) ក៏ដូចជាការមិនបរិភោគសាច់សត្វព្រៃ មិនជាវផលិតផលពីសត្វព្រៃ ដើម្បីកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានលើ បរិស្ថានធម្មជាតិ រហូតដល់ការរួមចំណែកសកម្មភាពធំ ឧទាហរណ៍ដូចជាការវិនិយោគលើជម្រើសថាមពលកកើតឡើងវិញ ដើម្បីចូលរួមការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីកម្ពុជា»។
លោក តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថា វិធីសាស្រ្តនៃការអនុវត្តការងារតាមទម្លាប់ចាស់លែងគ្រប់គ្រាន់ទៀតហើយ ដូចនេះយើងទាំងអស់គ្នាត្រូវតែចូលរួមបង្កើនសកម្មភាពបន្ថែមទៀត។
លោកថា៖«សុខភាពសាធារណៈ សង្គមប្រកបដោយបរិយាប័ន្ន និងការអភិរក្សជីវៈចម្រុះសុទ្ធសឹងជាធាតុផ្សំដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងសង្គមជុំវិញពិភពលោក អនុវត្តក្នុងការស្តារភពផែនដីឡើងវិញប្រកបដោយភាពធន់និងរឹងមាំ»។ ក្នុងន័យនេះលោកថា ការអនុវត្តស្តង់ដានៃគោលការណ៍ទេសចរណ៍ប្រកបដោយការទទួលខុសត្រូវអាចជួយដល់ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ទេសចរណ៍ ក្នុងការស្តារវិស័យទេសចរណ៍ឱ្យកាន់តែប្រសើរឡើង។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ( WWF) បានលើកឡើងថា ធម្មជាតិគឺជាសម្ព័ន្ធមិត្តដ៏ចាំបាច់បំផុតមួយរបស់មនុស្សដើម្បីប្រយុទ្ធប្រឆាំងនឹងហេតុប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងកសាងអនាគតមួយប្រកបដោយនិរន្តរភាព ព្រោះធម្មជាតិនិងជីវៈចម្រុះជាអ្នកទ្រទ្រង់ជីវិតមនុស្ស និងសុខុមាលភាពក៏ដូចជាផ្តល់អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចសង្គម។
លោកបន្តថា៖ «ការស្តារធម្មជាតិនិងជីវៈចម្រុះឡើងវិញ ជាដំណោះស្រាយឈ្នះឈ្នះដើម្បីសង្គ្រោះសុខុមាលភាពបរិស្ថាន និងមនុស្សជាតិ »។
នៅក្នុងទិវាមួយម៉ោងសម្រាប់ភពផែនដីឆ្នាំ២០២៣នេះ គ្រឹះស្ថានសាធារណៈ សហគមន៍ វិស័យឯកជន និងប្រជាជនគ្រប់រូបនៅគ្រប់ទិសទីត្រូវបានលើកទឹកចិត្តឱ្យផ្តល់ពេលវេលាចំនួនមួយម៉ោងសម្រាប់ភពផែនដីតាមរយៈការធ្វើសកម្មភាពវិជ្ជមាន ទោះតិចឬច្រើនក្តី សកម្មភាពតូចឬធំក្តី ដើម្បីស្តារភពផែនដីឱ្យកាន់តែប្រសើរឡើងវិញ។
ទិវាមួយម៉ោងសម្រាប់ភពផែនដី ធ្វើឡើងក្រោមប្រធានបទ «ឈានទៅមុខរួមគ្នា ស្តារផែនដីស្រស់បំព្រងឡើងវិញ» ហើយនេះគឺជាខួបទី១៤ ហើយ ដែលប្រទេសកម្ពុជាប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ដែលប្រព្រឹត្តឡើងដោយមានការតាំងពិព័រណ៍សមិទ្ធផលការងារបរិស្ថាន ផលិតផលការងារសហគមន៍ វេទិកាពិភាក្សា ព្រមទាំងការប្រគំតន្រ្តី ការសម្តែងសិល្បៈ សំដៅបង្កើនការយល់ដឹងពីបរិស្ថានក៏ដូចជាសម្រាប់ការកម្សាន្តផងដែរ៕