ភ្នំពេញៈ កងទ័ពជើងគោកកម្ពុជា-ជប៉ុន បានឯកភាពគ្នាបន្តជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោកឱ្យកាន់តែរឹងមាំបន្ថែមទៀត និងបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។
ការឯកភាពគ្នានេះធ្វើឡើងក្នុងជំនួបតាមទូរស័ព្ទរវាងលោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោក យុស៊ីដា យុស៊ីហ៊ីដេ (Yoshida Yoshihide) មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន កាលពីរសៀលថ្ងៃទី២៤ ខែមីនា។
ហ្វេសប៊ុកកងទ័ពជើងគោកកម្ពុជាបញ្ជាក់នាថ្ងៃទី២៥ មីនា ថា ក្នុងជំនួបនេះ ភាគីទាំង២បានរំឭកឡើងវិញ «ប្រកបដោយការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើនគួរទីមោទនៈ» នៃទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោកក្នុងរយៈកាលកន្លងមកនេះ។
ភាគីទាំង២បានចាត់ទុកការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (TOR) កាលពីខែមុន រវាងកងទ័ពជើងគោកនៃប្រទេសទាំង២ថាជាសមិទ្ធផលកេរដំណែលរវាងមេបញ្ជាការកងទ័ពជើងគោកទាំង២ ក្នុងការចាប់ផ្តើមផ្សារភ្ជាប់ទំនាក់ទំនងជាប្រវត្តិសាស្ត្រតាមរយៈយន្តការអចិន្ត្រៃយ៍មួយនេះសម្រាប់អ្នកបន្តវេនខាងមុខទៀត។
លោក ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះលោក Yoshida ដែលតែងបានផ្តល់តម្លៃ និងសារៈសំខាន់ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល ចំពោះចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំង២ ជាពិសេសការប្តេជ្ញាចិត្តរបស់ជប៉ុនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបោសម្អាតមីន ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ និងការបណ្តុះបណ្តាលធនធានមនុស្ស។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «សមភាគីទាំង២បានឯកភាពគ្នាបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀត តាមរយៈការប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តខ្លឹមសារនៃTOR ដែលត្រូវបានចុះហត្ថលេខារួចឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ រួមនឹងការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន»៕