ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកបានចាត់ទុកសកម្មភាពរបស់មូលនិធិ The Nippon Foundation របស់ជប៉ុន ដែលបានជួយដល់ប្រជាជនកម្ពុជាក្នុងវិស័យមនុស្សធម៌ អប់រំ និងសុខាភិបាល គឺជាការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រជាជននៃប្រទេសកម្ពុជា និងជប៉ុន។
លោក ហ៊ុន ម៉ាណែត លើកឡើងដូច្នេះក្នុងជំនួបជាមួយលោក យ៉ូហេ សាសាកាវ៉ា (Yohei Sasakawa) ប្រធានមូលនិធិ The Nippon Foundation កាលពីរសៀលថ្ងៃទី២៤ ខែមីនា នៅទីបញ្ជាការកងទ័ពជើងគោកកម្ពុជា រាជធានីភ្នំពេញ។
ហ្វេសប៊ុកកងទ័ពជើងគោកកម្ពុជាបញ្ជាក់នាថ្ងៃទី២៥ មីនា ថា ក្នុងជំនួបនេះ លោក Yohei បានប្រាប់លោក ហ៊ុន ម៉ាណែត អំពីសកម្មភាពជាច្រើន ដែលមូលនិធិ The Nippon Foundation បានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមមាន ការប្រយុទ្ធនឹងជំងឺហង់សិន ការបោះពុម្ពសៀវភៅសិក្សាភាសាអង់គ្លេសសម្រាប់កុមារកម្ពុជា និងការបង្កើតសាលាផលិតអវយវៈសិប្បនិម្មិត។
ហ្វេសប៊ុកដដែលបញ្ជាក់ថា សាលាផលិតអវយវៈសិប្បនិម្មិតនេះមានអាយុកាលប្រមាណ ៣០ ឆ្នាំ ហើយមកទល់ពេលនេះ និងបានក្លាយជាសាលាដែលមានឈ្មោះល្បីល្បាញជាលក្ខណៈសកល និងមានប្រទេសចំនួន ២៨ បានបញ្ជូនសិក្ខាកាមមកសិក្សាអំពីការផលិតអវយវៈសិប្បនិម្មិតនៅកម្ពុជា។
លោក ហ៊ុន ម៉ាណែត បានរំឭកអំពីតួនាទីរបស់កងស្វ័យការពារជប៉ុន ដែលលោកចាត់ទុកថា «ដ៏មានសារៈសំខាន់» នៅក្នុងប្រតិបត្តិការថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីដើមទសវត្សរ៍ឆ្នាំ១៩៩០ និងក្នុងកិច្ចសហប្រតិបត្តិការល្អក្នុងការបោសសម្អាតមីននៅកម្ពុជាក្នុងរយៈកាលកន្លងមកនេះ។
ហ្វេសប៊ុកដដែលបញ្ជាក់ថា៖ «លោកនាយឧត្តមសេនីយ៍ [លោក ហ៊ុន ម៉ាណែត] ក៏បានថ្លែងអំណរគុណចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់មូលនិធិ The Nippon Foundation ក្នុងការជួយដល់ប្រជាជនកម្ពុជា តាមរយៈសកម្មភាពមនុស្សធម៌ និងគម្រោងនានាជាច្រើននៅក្នុងវិស័យអប់រំ និងសុខាភិបាល ដែលនេះគឺជាការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រជាជននៃប្រទេសទាំងពីរ ហើយប្រជាជនកម្ពុជា នឹងចងចាំទុកនូវចំណងមិត្តភាពដ៏ល្អ និងការជួយគ្នាទៅវិញទៅមកនេះ»៕