ភ្នំពេញៈ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ប្តេជ្ញាបន្តគាំទ្រដល់ការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀនភាសាបារាំងដើម្បីជំរុញឱ្យការបង្រៀន និងរៀនភាសាបារាំងនៅកម្ពុជាកាន់តែប្រសើរឡើង។
ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបរវាងលោក Edgar Doerig តំណាង OIF ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងលោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិភាក្សាលើគម្រោងនៃកិច្ចសហប្រតិបត្តិការនានាពាក់ព័ន្ធនឹងការសិក្សាភាសាបារាំង នាថ្ងៃទី២៤ ខែមីនា។
ហ្វេសប៊ុកក្រសួងអប់រំបញ្ជាក់នាថ្ងៃទី២៥ ខែមីនា ថា៖ «ក្នុងឱកាសនេះ លោក Edgar Doerig បានមានប្រសាសន៍ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនឹងបន្តគាំទ្រការអនុវត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសលើការអភិវឌ្ឍសមត្ថភាពរបស់គ្រូបង្រៀនភាសាបារាំងដើម្បីជំរុញឱ្យការបង្រៀន និងរៀនភាសាបារាំងនៅកម្ពុជាកាន់តែប្រសើរឡើង»៕