ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំរុញឱ្យអាជ្ញាធរផ្តល់ប័ណ្ណក្រីក្រដល់ប្រជានេសាទនៅតំបន់សត្វផ្សោត ដើម្បីធានាថា ពួកគាត់បញ្ឈប់ការបន្តដាក់មង ដើម្បីទប់ស្កាត់ការបន្តងាប់របស់សត្វផ្សោតតទៅទៀត។
ក្នុងពិធីសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ ២០២២ និងលើកទិសដៅឆ្នាំ ២០២៣ នៅរសៀលថ្ងៃទី២៤ ខែមីនា លោក ហ៊ុន សែន ជំរុញឱ្យបង្កើនការអប់រំផ្សព្វផ្សាយនិងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមអភិរក្សធនធានជលផលប្រកបដោយចីរភាព ព្រមទាំងពង្រឹងការទប់ស្កាត់បទល្មើសជលផល និងការអនុវត្តច្បាប់ ដោយពង្រឹងកិច្ចសហការល្អជាមួយគ្រប់ភាគីពាក់ព័ន្ធ និងផ្តល់ជម្រើសមុខរបរដល់ប្រជានេសាទ។
លោកថ្លែងថា៖ «ចំណុចនេះ ខ្ញុំគួរតែរំឭកទី១ ខ្ញុំចង់សុំឱ្យពេលដែលយើង ក្រោយទទួលបានព័ត៌មានអំពីការស្លាប់ហើយថតបញ្ជូនមកឱ្យខ្ញុំនូវសត្វផ្សោតត្រូវបន្តការយកចិត្តទុកដាក់ទៅលើបញ្ហានេះ។ បើយើងគិតតែពីវិធានការរដ្ឋបាលសុទ្ធគឺអត់បានគេ។ អ៊ីចឹងទេ យើងស្រង់មើលយើងសុំឱ្យបងប្អូនកុំប្រើប្រាស់មងនៅក្នុងតំបន់ស្នូលទាំងនោះ ប៉ុន្តែយើងអាចជំនួសមកវិញ តើប៉ុន្មានគ្រួសារទៅដែលគាត់ប្រកបមុខរបរហ្នឹង។ យើងឱ្យគាត់មានមុខរបរផ្សេង»។
លោកនាយករដ្ឋមន្ត្រីបន្តថា៖ «បន្ថែមលើនោះ យើងអាចលើកទឹកចិត្តឱ្យគាត់នូវប័ណ្ណក្រីក្រជូនពួកគាត់ដើម្បីជំនួសមកវិញនូវការថែទាំ។ បើមិនអ៊ីចឹងទេ គឺគាត់នៅតែបន្ត ព្រោះគាត់អត់មានជម្រើស។ គាត់អត់មានប្រាក់ចំណូល។ បើអ៊ីចឹងទេ រាជរដ្ឋាភិបាលមានលទ្ធភាពដើម្បីផ្ដល់ជូនថាប៉ុន្មាន ដែលធ្លាប់តែដាក់មងនោះ»។
លោកថ្លែងថា រាជរដ្ឋាភិបាលអាចផ្តល់ប័ណ្ណក្រីក្រទៅប្រជានេសាទ ដើម្បីធានាថា ពួកគាត់បញ្ឈប់ការបន្តដាក់មងនៅតំបន់ដែលមានផ្សោត។ បើមិនដូច្នេះ សត្វផ្សោតនឹងងាប់ផុតពូជ៕