ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់សមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ការបោះឆ្នោតសកលអាណត្តិទី៧ នាពេលខាងមុខ ច្បាស់ណាស់អាចនឹងកើតមានការផ្សព្វផ្សាយនូវព័ត៌មានក្លែងក្លាយជាច្រើន ដែលអាចបង្កការប៉ះពាល់ដល់ការបោះឆ្នោត ដូច្នេះសារព័ត៌មានទាំងអស់ ត្រូវបង្កើនការជួយផ្សព្វផ្សាយព័ត៌មានពិត មានប្រភពត្រឹមត្រូវ ច្បាស់លាស់ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា។
លោករដ្ឋមន្ត្រីក្រសួងព័ត៌មានសង្កត់ធ្ងន់ថា៖ «សម្រាប់ការបោះឆ្នោត ជ្រើសរើសតំណាងរាស្ត្រនាពេលខាងមុខ ព័ត៌មានក្លែងក្លាយ នឹងកើតមានដោយស្វ័យប្រវត្តិ ហើយក៏មានប៉ះពាល់ខ្លះផងដែរ ដល់ការបោះឆ្នោតនេះ»។
លោកបានបន្ថែមថា អ្នកសារព័ត៌មានអាជីព និងវិជ្ជាជីវៈត្រឹមត្រូវ ត្រូវចូលរួមប្រយុទ្ធប្រឆាំងជាមួយនឹងព័ត៌មានក្លែងក្លាយ ហើយដើម្បីអាចលុបបំបាត់ព័ត៌មានក្លែងក្លាយបាន ទាល់គ្រប់អង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ និងមានការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ មុននឹងមានការផ្សព្វផ្សាយជាសាធារណៈ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា៖ «ព័ត៌មានក្លែងក្លាយមានពីរ ឃើញភ្លាមយកមកផ្សាយភ្លាម តែអចេតនា និងព័ត៌មានក្លែងក្លាយមានចេតនា ដែលការមានចេតនានេះ នឹងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។ ខ្ញុំក៏សូមកោតសរសើរពីការរីកចម្រើនអ្នកកាសែតអាជីពកម្ពុជាដែរនៅមួយរយៈចុងក្រោយ»។
តែយ៉ាងណាក៏ដោយលោក លោក ខៀវ កាញារីទ្ធ ស្នើឱ្យសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ក៏ដូចជា សមាគមសារព័ត៌មានដទៃទៀត ដែលមានប្រមាណជាង ៥០ ស្ថាប័ននៅកម្ពុជា ត្រូវបណ្តុះបណ្តាលសមាជិកជាអ្នកសារព័ត៌មាន ពីផលវិបាកនៃព័ត៌មានក្លែងក្លាយ និងជំរុញសរសេរតែព័ត៌មានពិត ដែលមានប្រភពច្បាស់លាស់ ជាពិសេស នៅមុន និងក្នុងពេលនៃការបោះឆ្នោតសកលខាងមុខនេះ។
លោករដ្ឋមន្រ្តីបានបន្តថា ចំពោះការបន្សាបនូវព័ត៌មានក្លែងក្លាយនេះ ត្រូវរកប្រភពពិត ឬរកប្រភពគ្រប់ភាគីទាំងអស់ ដែលពាក់ព័ន្ធនឹងព័ត៌មាននោះ ដើម្បីបកស្រាយ និងត្រូវពិនិត្យមើលផ្ទៀតផ្ទាត់ឱ្យបានហ្មត់ចត់ មុននឹងផ្សាយព័ត៌មានអ្វីមួយ។
លោកថា ៖«ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយនឹងអាចធ្វើឱ្យមានការសម្រេចចិត្តខុសលើកិច្ចការណាមួយ។ បើព័ត៌មានក្លែងក្លាយនោះ មានចរិតនយោបាយ ញុះញង់ បំបែកបំបាក់ថែមទៀតនោះ នឹងកាន់តែប្រឈមនឹងហានិភ័យសង្គមខ្ពស់ ដែលបង្កជាភាពចលាចល ភាពវឹកវរក្នុងប្រទេស និងអាចឈានទៅកើតមានសង្គ្រាមក៏ថាបាន»៕