
បុរសនិងស្ដ្រី ២នាក់ ពេលកំពុងបង្ហាញឃ្មុំចិញ្ចឹមកាលពីពេលកន្លងមក ។ រូបថត ហ្វេសប៊ុក
សៀមរាបៈ ការចិញ្ចឹមឃ្មុំជារបរមួយដែលទាមទារបទពិសោធន៍ ជំនាញខ្ពស់ និងមានផលវិបាកច្រើន តែរបរមួយនេះអាចផ្តល់អត្ថប្រយោជន៍ខ្ពស់ រួមទាំងអាចជួយបង្កាត់ពូជខ្វែងដល់ដំណាំ និងជួយបង្កើនទិន្នផលដំណាំរបស់ប្រជាកសិករផងដែរ។
លោកសួង ណយ អាយុ៥៥ឆ្នាំ ជាអ្នកជំនាញកសិកម្ម១រូប និងជាម្ចាស់កសិដ្ឋានចិញ្ចឹមឃ្មុំ១កន្លែង នៅតំបន់អង្គរធំ ខេត្តសៀមរាប បានឱ្យដឹងថា កាលណាគេនិយាយពីរឿងឃ្មុំគឺវាមានប្រយោជន៍ បើទោះបីរបរនេះពិបាក ប៉ុន្តែប្រសិនបើគ្មានឃ្មុំវិញ ការដាំដំណាំមិនសូវបានផលទេ។
លោកថា ឃ្មុំជួយយកលម្អងញី និងឈ្មោលប៉ះគ្នា ដូច្នេះហើយផលដែលទទួលបានពីឃ្មុំមិនសម្រាប់តែយើងទេ គឺបានទៅដល់ប្រជាជននៅជុំវិញកសិដ្ឋានទាំងមូល។
សួង ណយ បានប្រាប់ថា៖ «បើសួរថា ពិបាកទេ គឺពិបាក មិនស្រួលទេ ដោយសារយើងមិនចេះនិយាយជាមួយឃ្មុំ ហើយឃ្មុំយើងត្រូវការដឹកវា ដូចថា ឥឡូវនេះរដូវមានរដូវផ្កាចំនួន៤ ដូចជា រដូវផ្កាគ យើងត្រូវដឹកទៅកន្លែងណាដែលមានដើមគ ចេញពីរដូវផ្កាគ មកត្រូវទៅរដូវកៅស៊ូ បន្តទៅតាង៉ែន ហើយបានទៅដល់រដូវផ្កាព្រៃ»។
លោក សួង ណយ បានឱ្យដឹងទៀតថា ចំពោះការដឹកនេះទៀតសោត ត្រូវដឹកនាពេលកណ្ដាលអធ្រាត្រ និងមិនអាចដឹកនៅពេលថ្ងៃបានទេ។ ជាទូទៅឃ្មុំចិញ្ចឹមចូលក្នុងធុងរបស់វានៅម៉ោង៧យប់ ដូច្នេះការដឹកជញ្ជូនធុងឃ្មុំនេះត្រូវឱ្យដល់ទីតាំងយ៉ាងហោចណាស់ម៉ោង៨ព្រឹក ព្រោះបើដឹកជញ្ជូននៅពេលថ្ងៃ ឃ្មុំទាំងនោះនឹងងាប់អស់។
លើសពីនេះ លោកថា ការចំណាយសម្រាប់ចិញ្ចឹមឃ្មុំក៏ច្រើនគួរសម ចំណែកចំណូលអាស្រ័យទៅលើផ្កា ភ្លៀង និងកត្តានៃការប្រែប្រួលអាកាសធាតុ។
លោក សួង ណយ បានបញ្ជាក់ថា៖ «ឧទាហរណ៍សម្រាប់ឃ្មុំ ២០០ធុង យើងធ្លាប់បានដល់៣តោន តែឆ្នាំនេះយើងបានតែ ១តោន ស្មើនឹង៧០០លីត្រ ហើយកត្តាអាកាសធាតុប្តូរលឿនពេក ទាំងគេ និងយើងជួបផលវិបាកគ្រប់គ្នា។ ជួនកាលឃ្មុំមានជំងឺ និងឆ្នាំខ្លះម្ចាស់ចម្ការអាចនឹងគាត់បាញ់ថ្នាំពុលក៏ងាប់អស់ពាក់កណ្តាលអ៊ីចឹងទៅ ឬម្ចាស់ដំណាំត្រសក់គាត់បាញ់ថ្នាំគីមីក៏ងាប់ទៅ»។
លោកបានបន្តថា៖«និយាយរួម ការចិញ្ចឹមឃ្មុំមានហានិភ័យខ្ពស់ ប៉ុន្តែបើឱ្យបោះបង់ចោលយើងអត់ឈប់ទេ ដោយសារយើងចង់ឱ្យការចិញ្ចឹមឃ្មុំហ្នឹងវារីកដុះដាលកាន់តែធំទៅការដាំដុះដំណាំហូបផ្លែរបស់កសិករនឹងកើន»។
ក្រៅពីផលវិបាក ម្ចាស់កសិដ្ឋានដែលមានឈ្មោះថា«ឃ្មុំអង្គរ»រូបនេះ ក៏បានឱ្យដឹងពីចំណុចពិសេសនៃការចិញ្ចឹមឃ្មុំ ដោយលោកបានឱ្យដឹងថា របរនេះត្រូវការមនុស្សតិច និងឆាប់ទទួលបានផលគួរសម។
លោក សួង ណយ បានថ្លែងថា ប្រសិនបើកសិករដឹកឃ្មុំយកទៅដាក់នៅកន្លែងផ្កាត្រឹមរយៈពេល ២១ថ្ងៃ គេអាចយកផលវាបានហើយ ពោលគឺនៅពេលដែលវាបិទគម្របហើយទឹករបស់វាឡើងក្រហមបន្តិច។
ចំណែកឯមនុស្សមើលថែវិញ លោកក៏បានឱ្យដឹងដែរថា ការចិញ្ចឹមក្នុងចំនួន២០០ធុង ត្រូវការមនុស្សត្រឹម២នាក់ប៉ុណ្ណោះ ប៉ុន្តែក៏ត្រូវមានជំនាញខ្ពស់គួរសមផងដែរ។
លោក សួង ណយ បានឱ្យដឹងទៀតថា អ្នកចិញ្ចឹមឃ្មុំត្រូវស្វែងយល់ពីចំណុចសំខាន់ៗមួយំនួន ក្នុងនោះត្រូវដឹងថា ឃ្មុំហ្នឹងវាមានជំងឺឬអត់? ត្រូវរក្សាធុងឃ្មុំកុំឱ្យមានស្រមោច សង្អារ ឬសត្វដែលស៊ីវា ពិសេសសត្វឪម៉ាល់ ដែលវានឹងស៊ីឃ្មុំ។
ចំណែកចំណុចសំខាន់មួយទៀតគឺត្រូវមើលថែក្នុងធុងកុំឱ្យមានមេរោគនិងត្រូវឧស្សាហ៍បោសសម្អាត ប្រសិនបើឃ្មុំខ្សោយគឺអ្នកមើលថែត្រូវរកម្សៅសណ្ដែកឱ្យឃ្មុំនោះស៊ីដើម្បីឱ្យវាកើតកូន និងដើម្បីឱ្យវាមានពងច្រើន។
លោក សួង ណយ បញ្ជាក់បន្ថែមថា៖ «ឧទាហរណ៍ថា១ខែទៀត យើងត្រូវទៅចូលចម្ការគ អ៊ីចឹងយើងត្រូវបំប៉នឱ្យវាខ្លាំង ឱ្យវាមានច្រើន កាលណាឃ្មុំយើងតិច បឺតទឹកក៏បានតិច តែបើឃ្មុំយើងច្រើន កម្មករ[ឃ្មុំ]យើងច្រើន បឺតទឹកក៏បានច្រើន អ៊ីចឹងខំបំប៉នវា»។
លើសពីនេះម្ចាស់កសិដ្ឋានដែលបានបង្កើតកសិដ្ឋានចិញ្ចឹមឃ្មុំបែបស្តង់ដាអស់រយៈពេល៥ឆ្នាំមកនេះ ក៏បានផ្ដល់ដំបូន្មានសម្រាប់អ្នកចង់ចិញ្ចឹមឃ្មុំដែរថា បើចង់ចិញ្ចឹមឃ្មុំ អ្នកនោះត្រូវទៅរៀនទ្រឹស្តី ត្រូវទៅកសិដ្ឋានផ្ទាល់១ឬ២ខែម្តង។ បើពួកគាត់មិនឆ្លងកាត់ដំណាក់កាលទាំងនេះទេ ពួកគាត់មិនគួរចិញ្ចឹមឃ្មុំឡើយ៕