ភ្នំពេញៈ លោក ខៀវ សំផន អតីតមេដឹកនាំជាន់ខ្ពស់ក្នុងរបបខ្មែរក្រហមដែលកំពុងជាប់ពន្ធនាគារខេត្តកណ្ដាល នៅតែមានស្ថានភាពសុខភាពល្អប្រសើរ ដោយលោកពិសាបាយបានច្រើន ហើយអាចរុញរទេះដើរបានធម្មតាដោយខ្លួនឯងតិចៗ។ នេះបើតាមការបញ្ជាក់របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) កាលពីព្រឹកថ្ងៃទី២៦ ខែមីនា។
លោក ខៀវ សំផន ត្រូវបានសាលាក្តីខ្មែរក្រហមរកឃើញមានពិរុទ្ធភាព ចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិវៀតណាម ហើយត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
គេហទំព័រ CHRC បញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមីនា ក្នុងបេសកកម្មចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារ ខេត្តកណ្ដាល ក្រុមការងារនៃCHRC បានចូលជួប លោក ខៀវ សំផន ដើម្បីដឹងពីស្ថានភាពរបស់លោកដែលកំពុងរស់នៅក្នុងពន្ធនាគារ។
គេហទំព័រ ដដែលបន្តថា៖ «តាមការឱ្យដឹងពីអ្នកដែលនៅមើលថែទាំគាត់បានប្រាប់ក្រុមការងារថា មួយថ្ងៃៗ លោក ខៀវ សំផន ពិសាបាយបានច្រើន ហើយគាត់អាចរុញរទេះដើរបានធម្មតាដោយខ្លួនគាត់តិចៗ»។
គេហទំព័រ CHRCបញ្ជាក់ថា ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកណ្ដាលនេះ ធ្វើឡើងតាមការចាត់តាំងរបស់លោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានCHRC ដោយក្រុមការងារដឹកនាំដោយលោក ជូ ហេង សមាជិក និងជាអគ្គនាយករង តំណាងលោកស្រី ឆាំ ម៉ារី សមាជិកCHRC និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស។
គេហទំព័របន្តថា ការចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សតាមពន្ធនាគារនៅទូទាំងប្រទេសកម្ពុជា គឺជាបេសកកម្មសំខាន់មួយក្នុងចំណោមបេសកកម្មដទៃទៀតរបស់CHRCក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស។ក្នុងឱកាសនោះ ក្រុមការងារCHRC ក៏បាននាំយកឱសថចំនួន៨មុខ ដែលជាអំណោយរបស់លោក កែវ រ៉េមី សម្រាប់ប្រើប្រាស់ក្នុងពន្ធនាគារផងដែរ។
លោក ជិន ម៉ាលីន អនុប្រធាន CHRC ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីយប់ថ្ងៃទី ២៦ ខែមីនាថា៖ «បើតាមការបញ្ជាក់របស់ក្រុមការងារ មើលទៅស្ថានភាពរបស់គាត់ដូចធម្មតាទេ គឺទៅតាមវ័យរបស់គាត់ ដែលជាវ័យចាស់ជរាហ្នឹង។ គាត់ពិសាបាន។ គាត់អាចធ្វើចលនា ដោយមានអ្នកមើលថែផ្ទាល់ខ្លួនរបស់គាត់មួយ ហើយនិងមានការយកចិត្តទុកដាក់ពីមន្ត្រីពន្ធនាគារ ក៏ដូចជាគ្រូពេទ្យពីបញ្ហាសុខភាពរបស់គាត់»។
កាលពីខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូលនៃសាលាក្តីខ្មែរក្រហម បានសម្រេចតម្កល់សេចក្តីសម្រេចរបស់អង្គជំនុំជំម្រះសាលាដំបូងនៃសាលាក្តីខ្មែរក្រហម ដែលបានផ្តន្ទាទោសលោក ខៀវ សំផន ដាក់ពន្ធនាគារអស់១ជីវិតនេះ ហើយបានសម្រេចបិទផ្លូវតវ៉ា និងបញ្ចប់សំណុំរឿងរបស់លោក៕