ភ្នំពេញៈ បន្ទាប់ពីប្រជាពលរដ្ឋត្អូញត្អែរអំពីការខ្វះទឹកប្រើប្រាស់ ដោយគ្មានទឹកក្នុងបណ្ដាញផ្គត់ផ្គង់ ក្រុមការងាររដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរដែនដី កំពុងសហការជាមួយអង្គភាពពន្លត់អគ្គិភ័យ ដើម្បីដឹកទឹកចែកជូនប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់ ក្នុងតំបន់ជាយរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
អ្នកស្រី ពេជ្រ ចន្ធី អាយុ ៣៩ ឆ្នាំ មានទីលំនៅក្បែរផ្សារពិភពថ្មីឈូកវ៉ា ១ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា អ្នកស្រីពិតជាពិបាកក្នុងការរស់នៅដោយសារមិនមានទឹកគ្រប់គ្រាន់ប្រើប្រាស់រយៈពេលជិត ១ ខែហើយ។
អ្នកស្រីបានចំណាយប្រាក់ទិញទឹកគេបន្ថែម ដើម្បីយកមកប្រើប្រាស់ ប៉ុន្តែវាមានតម្លៃថ្លៃ រហូតដល់អ្នកស្រីមិនអាចបន្តទិញបាន។
អ្នកស្រីថ្លែងថា៖ «កាលពីឆ្នាំមុន ក្នុងអំឡុងខែ ៣ [ខែមីនា] ហ្នឹងដែរ គឺទឹកនៅចេញប្រើបានគ្រប់គ្រាន់តាមផ្ទះ គឺវាអត់មានបញ្ហាអ្វីទេ។ ប៉ុន្តែដល់ឆ្នាំនេះគឺគ្រប់ផ្ទះអត់មានទឹកចេញសោះ រហូតដល់ម៉ោង ១ ម៉ោង ២ យប់ទើបមានតិចៗ គឺវាពិបាកណាស់»។
ជុំវិញករណីនេះ លោក សោម សុវណ្ណ ប្រធាននាយកដ្ឋានអាជីវកម្មនៃរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅរសៀលថ្ងៃទី ២៦ មីនាថា នៅពេលនេះក្រុមការងាររដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រមួយចំនួនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលកំពុងជួបប្រឈមខ្វះទឹកស្អាតប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។
លោកបានថ្លែងថា៖ «បច្ចុប្បន្ន យើងផលិតទឹកស្អាតបានត្រឹមតែ ៦៤ ម៉ឺនម៉ែត្រគុបប៉ុណ្ណោះក្នុង ១ ថ្ងៃ ខណៈតម្រូវការទឹកប្រើប្រាស់មានដល់ ៨៩ ម៉ឺនម៉ែត្រគុប ក្នុង ១ ថ្ងៃ។ ប៉ុន្តែបញ្ហានេះយើងកំពុងតែមានដំណោះស្រាយជាបណ្ដើរៗហើយ តាមរយៈកិច្ចរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចុះអន្តរាគមន៍ដឹកទឹក ចែកជូនប្រជាពលរដ្ឋនៅតាមតំបន់គោលដៅដោយឥតគិតថ្លៃ»។
បើតាមលោក សុវណ្ណ ការដឹកទឹកផ្គត់ផ្គង់ដល់ពលរដ្ឋក្នុងតំបន់ដែលខ្វះខាតទឹកស្អាតប្រើប្រាស់នេះនឹងបន្តរហូតដល់ដើមរដូវវស្សាខាងមុខ។
ជាមួយគ្នានេះ លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋានជួយផ្ដល់ទិន្នន័យអំពីភូមិសាស្ត្រ និងចំនួនគ្រួសារប្រជាពលរដ្ឋ ដែលខ្វះខាតទឹកស្អាតប្រើប្រាស់ឱ្យបានច្បាស់លាស់ដើម្បីសម្រួលដល់ក្រុមការងារអន្តរាគមន៍ដឹកជញ្ជូនទឹកទៅផ្គត់ផ្គង់ដល់ផ្ទះរបស់ប្រជាពលរដ្ឋដែលខ្វះទឹក ប្រើប្រាស់។
លោកបានបញ្ជាក់ថា៖ «នៅក្នុងខណៈនេះយើងទាំងអស់គ្នា ត្រូវចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ដោយកាត់បន្ថយការប្រើប្រាស់ទៅលើកិច្ចការដែលមិនចាំបាច់ ជាបណ្ដោះអាសន្ន ដើម្បីយកទឹកនោះទៅផ្គត់ផ្គង់ដល់អ្នកដែលខ្វះខាត»។
នៅថ្ងៃទី ២៦ មីនា ក្រុមការងាររដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានសហការជាមួយអង្គភាពពន្លត់អគ្គិភ័យចុះអន្តរាគមន៍ដឹកទឹកចែកជូនដល់ប្រជាពលរដ្ឋ ជាច្រើនគ្រួសារនៅក្នុងសង្កាត់សំរោងក្រោម និងដាក់តាមសាលារៀនមួយចំនួនផងដែរ។ ចំណែករដ្ឋបាលខណ្ឌព្រែកព្នៅ ខណ្ឌសែនសុខ ខណ្ឌច្បារអំពៅ ខណ្ឌមានជ័យ និង ខណ្ឌឫស្សីកែវ ក៏បាននិងកំពុងបន្តដឹកទឹកស្អាតចែកជូន ប្រជាពលរដ្ឋដែលខ្វះខាតទឹក ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានសង្កាត់គោករកា សង្កាត់ពន្សាំង និងសង្កាត់ពញាពន់ មានបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់តាំងពីចុងខែកុម្ភៈមកម្ល៉េះ ហើយអាជ្ញាធរក៏បានដឹកទឹកទៅផ្គត់ផ្គង់ជូនប្រជាពលរដ្ឋដល់ខ្នងផ្ទះរបស់ពួកគាត់ដោយផ្ទាល់និងដោយមិនគិតថ្លៃផងដែរ។ លោកបញ្ជាក់ថា៖ «ទឹកមានសារៈសំខាន់ណាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដូច្នេះយើងចាំបាច់អន្តរាគមន៍ដឹកទឹកចែកជូនដល់ពលរដ្ឋរបស់យើងដែលខ្វះខាតទឹក ដើម្បីទទួលបានទឹកប្រើប្រាស់ទាំងអស់គ្នា»។
ចំណែកលោក គុយ គឹមហ៊ាង នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅក្នុងរដូវក្ដៅនេះ ការផ្គត់ផ្គង់ទឹករបស់រដ្ឋាករទឹកមានភាពរអាក់រអួល ជាពិសេសនៅពេលថ្មីៗនេះខាងរដ្ឋាករទឹកបានរៀបចំដំណើរការតភ្ជាប់បណ្ដាញទឹកថ្មី បានធ្វើឱ្យប្រជាពលរដ្ឋរាប់រយគ្រួសារ ក្នុងមូលដ្ឋានសង្កាត់ក្បាលកោះ ជួបប្រឈមបញ្ហាខ្វះទឹកស្អាតប្រើប្រាស់។
លោកថ្លែងថា៖ «ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពលរដ្ឋក្នុងមូលដ្ឋាន រដ្ឋបាលខណ្ឌយើងបានសហការជាមួយអង្គភាពកងពន្លត់អគ្គិភ័យយកឡានពន្លត់អគ្គិភ័យ ដឹកទឹកចែកជូនប្រជាពលរដ្ឋប្រើប្រាស់ ជាបណ្ដោះអាសន្ន»។
យ៉ាងណាក៏ដោយ ចាប់ដើមខែឧសភា ឆ្នាំ ២០២៣ រោងចក្រផលិតទឹកស្អាតថ្មីនឹងផលិតចែកចាយទឹកស្អាតបានក្នុងបរិមាណ ២០ម៉ឺនម៉ែត្រគុបក្នុង ១ ថ្ងៃ បន្ថែមលើសមត្ថភាពផលិតបច្ចុប្បន្ន ៦៤ ម៉ឺន ម៉ែត្រគុបក្នុង ១ ថ្ងៃហើយនៅដើមឆ្នាំ ២០២៤ រដ្ឋាករទឹកស្វយ័តរាជធានី នឹងអាចផលិតទឹកស្អាតបាន ២០ ម៉ឺនម៉ែត្រគុបក្នុង ១ ថ្ងៃបន្ថែមទៀត ដែលធ្វើឱ្យសមត្ថភាពផលិតសរុបកើនរហូតដល់ជាង ១ លាន ម៉ែត្រគុបក្នុង ១ ថ្ងៃ ធៀបនឹងការព្យាករតម្រូវការទឹកដែលមានប្រមាណ ៩០ ម៉ឺនម៉ែត្រគុបក្នុង ១ ថ្ងៃ។ មានន័យថា «ចាប់ពីដើមឆ្នាំ ២០២៤ តទៅ អតិថិជនរស់នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទាំងអស់មានទឹកប្រើប្រាស់គ្រប់គ្រាន់»។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋាករស្វយ័តរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ មីនា ឆ្នាំ ២០២៣៕