ភ្នំពេញៈ អ្នកអភិរក្សសត្វផ្សោត បានសម្ដែងការគាំទ្រយ៉ាងខ្លាំង ចំពោះការណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យអាជ្ញាធរផ្តល់បណ្ណក្រីក្រដល់ប្រជានេសាទនៅតំបន់សត្វផ្សោតដើម្បីធានាឱ្យសត្វផ្សោតមាននិរន្តរភាព ពីហានិភ័យដោយការប្រើប្រាស់ឧបករណ៍មងនេសាទ។
ទាក់ទងនឹងការអភិរក្សសត្វផ្សោត លោកនាយករដ្ឋមន្ត្រី បានលើកឡើងនាពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅក្រសួងកសិកម្ម កាលពីថ្ងៃទី ២៤ មីនាថា បើគិតតែពីវិធានការរដ្ឋបាលសុទ្ធ គឺអត់បានទេ ហេតុដូច្នេះហើយ លោកបានណែនាំឱ្យប្រជានេសាទ កុំប្រើប្រាស់មងនៅក្នុងតំបន់ស្នូលទាំងនោះ ប៉ុន្តែអាចជំនួសមកវិញថា តើប៉ុន្មានគ្រួសារ ដែលគាត់ប្រកបមុខរបរហ្នឹង ហើយជួយឱ្យគាត់មានមុខរបរផ្សេង។
លោក ហ៊ុន សែន ថ្លែងថា៖ «យើងអាចលើកទឹកចិត្តដោយផ្តល់បណ្ណក្រីក្រជូនពួកគាត់ដើម្បីជំនួសមកវិញនូវការថែទាំ។ រាជរដ្ឋាភិបាល អាចផ្តល់បណ្ណក្រីក្រទៅប្រជានេសាទ ដើម្បីធានាថា ពួកគាត់បញ្ឈប់ការបន្តដាក់មង នៅតំបន់ដែលមានផ្សោត។ បើមិនដូច្នេះ សត្វផ្សោតនឹងងាប់ផុតពូជអស់»។
ជុំវិញការជំរុញរបស់លោកនាយករដ្ឋមន្ត្រីនេះ លោក អ៊ុក វិបុល ប្រធាននាយកដ្ឋានអភិរក្សជលផល បានប្រាប់នៅថ្ងៃទី ២៦ ខែមីនាថា ការដកសម្ពាធចេញពីតំបន់អន្លង់ផ្សោតទាំងអស់ដែលធ្វើឱ្យប៉ះពាល់កន្លែងត្រីមេពូជ និងប៉ះពាល់សត្វផ្សោត ជាអាទិភាពចម្បងដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើ។
លោកបានលើកឡើងថា ដោយសារនៅតាមដងទន្លេមេគង្គ ជាកន្លែងអន្លង់ត្រីមេពូជបង្កាត់កូន ដែលមានរហូតដល់ជាង ៩៧ អន្លង់ និងជាកន្លែងដែលមានផ្សោតរស់នៅ ដែលជាសម្បត្តិមានជីវិតរបស់កម្ពុជាផងដែរនោះ ហេតុនេះហើយ ការដកសម្ពាធចេញពីតំបន់អន្លង់ទាំងអស់នោះ គឺជារឿងល្អដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយកចិត្តទុកដាក់។
លោក អ៊ុក វិបុល បានថ្លែងថា៖ «រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងធ្វើយ៉ាងណា ដើម្បីការប្រើប្រាស់ការធ្វើនេសាទដែលដាក់សម្ពាធ ដោយប្រើប្រាស់ឧបករណ៍មួយចំនួនធ្វើឱ្យមានការសម្លាប់សត្វផ្សោត ជាពិសេសគឺមងនេសាទនេះឯង ដែលបានរកឃើញថា មានប្រជាពលរដ្ឋប្រមាណជាង ១ ៣០០ គ្រួសារបានប្រើប្រាស់មងនេសាទជាអាជីព ដូច្នេះសត្វផ្សោតដែលត្រូវស្លាប់កន្លងមក គឺភាគច្រើនជាង ៩០ ភាគរយ ត្រូវបានសម្លាប់ដោយសារមងនេសាទ»។
លោក អ៊ុក វិបុល បានបញ្ជាក់ទៀតថា ដោយសារបញ្ហាប្រឈមទាំងអស់នេះ ទើបរាជរដ្ឋាភិបាល បានផ្ដល់នូវការងារអាទិភាពមួយចំនួនរួមមានការផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋដែលជាអ្នកនេសាទនៅតំបន់អភិរក្សសត្វផ្សោត និងមួយទៀត ការរៀបចំផ្លាស់ប្ដូរមុខរបររបស់ប្រជានេសាទ ទៅប្រកបមុខរបរផ្សេងទៀត ដើម្បីធានាបានថា សត្វផ្សោតនឹងលែងបន្តងាប់តទៅទៀតហើយប្រជាពលរដ្ឋ នឹងចូលរួមបញ្ឈប់ការបន្តដាក់មងនេសាទជាដើម។
លោក អ៊ុក វិបុល បញ្ជាក់ថា៖ «អ៊ីចឹងហើយ ខ្ញុំគាំទ្រប្រសាសន៍របស់សម្ដេច ដែលជារឿងល្អ សម្រាប់លើកទឹកចិត្ត ក្នុងការផ្ដល់បណ្ណក្រីក្រ ដល់ប្រជានេសាទ ហើយមួយទៀត ការផ្លាស់ប្ដូរមុខរបរគាត់ពីការនេសាទ ទៅមុខរបរផ្សេងទៀត ដែលគាត់អាចចិញ្ចឹមជីវិតបាន។ ហេតុនេះអាទិភាពទាំង ២ នេះ ទោះបីបរាជ័យ ឬជោគជ័យ គឺយើងត្រូវតែសាកល្បងធ្វើវា ដើម្បីអាចនឹងធានាបានថា វាធ្វើឱ្យកាត់បន្ថយការនេសាទខុសច្បាប់ ដែលប៉ះពាល់ទៅដល់ផ្សោត»។
លោកបានបន្ថែមថា ជំនួសឱ្យការប្រកបមុខរបរនេសាទដែលជាប្រភពចំណូលប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់សត្វផ្សោត ដូច្នេះអាទិភាពទាំង ២ ចំណុចនេះ (ការផ្ដល់បណ្ណក្រីក្រ និងការផ្លាស់ប្ដូរមុខរបរ) វាប្រាកដជាអាចកាត់បន្ថយការប្រើប្រាស់មងនេសាទមានការថយចុះជាក់ជាមិនខាន ហើយសត្វផ្សោត នឹងមានសុវត្ថិភាព លែងមានហានិភ័យស្លាប់ដោយសារមងនេសាទជាបន្តទៅទៀត។
ជាមួយគ្នានេះ នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) លោក សេងទៀក បានថ្លែងថា ការរៀបចំផ្ដល់បណ្ណក្រីក្រជូនប្រជានេសាទនៅតំបន់សត្វផ្សោត គឺជាការផ្ដល់ជម្រើសចិញ្ចឹមជីវិតថ្មីដល់ប្រជាសហគមន៍ ដែលជាអ្នកនេសាទ ហើយជារឿងសំខាន់ខ្លាំងណាស់ ក្នុងការជួយទៅលើការងារអភិរក្ស និងការគ្រប់គ្រងសត្វផ្សោតនៅតាមដងទន្លេមេគង្គ ឱ្យនៅបន្តមាននិរន្តរភាព។
ទោះជាយ៉ាងណា លោកថា ស្ថាប័នពាក់ព័ន្ធគួរសិក្សាឱ្យបានស៊ីជម្រៅអំពីស្ថានភាពគ្រួសារ មុខរបរ និងប្រភពចំណូលដើម្បីធានាថា គ្រួសារអ្នកនេសាទទាំងនោះ ពិតជាក្រីក្រ និងពឹងអាស្រ័យតែពីការនេសាទត្រី ក្នុងតំបន់អភិរក្សផ្សោត សម្រាប់ចិញ្ចឹមគ្រួសារពិតប្រាកដមែន។
ម្យ៉ាងវិញទៀត លោក សេង ទៀក ក៏បានបញ្ជាក់ដែរថា អាជ្ញាធរក៏គួរតែមានយន្តការតាមដានមើលបន្ទាប់ពីការផ្តល់បណ្ណក្រីក្រ និងរបរថ្មីឱ្យពួកគាត់រួចហើយថា តើពួកគាត់បានបោះបង់ការនេសាទខុសច្បាប់ នៅក្នុងដែនអភិរក្សផ្សោតដែរឬទេ? ដោយសារការផ្ដល់បណ្ណក្រីក្រនេះ វានឹងជួយជាវិភាគទានដ៏ធំមួយសម្រាប់ការអភិរក្សសត្វផ្សោត និងការគ្រប់គ្រងផ្សោតរបស់កម្ពុជានៅទន្លេមេគង្គនេះ៕