
អ្នកធ្វើអាជីវកម្មទូកដនៅខេត្តកណ្ដាលពេលចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលពីថ្ងៃទី២៧ មីនា ។ រូបថត សហការី
កណ្តាលៈ ម្ចាស់អាជីវកម្មកំពង់ចម្លង និងអ្នកបើកបរទូកចម្លងជាច្រើនទីតាំងក្នុងខេត្តកណ្តាល ទទួលបានការបណ្តុះបណ្តាលស្តីពី សុវត្ថិភាពតាមផ្លូវទឹកនិងជំនាញបើកបរនាវាថ្នាក់លេខ៣ពីមន្ត្រីជំនាញក្រសួងសាធារណការ និងដឹកជញ្ជូននិងរដ្ឋបាលខេត្តកណ្តាល ដើម្បីធានាសុវត្ថិភាពដល់ការដឹកជញ្ជូនទំនិញ និងអ្នកធ្វើដំណើរតាមផ្លូវទឹក។
ពិធីបណ្តុះបណ្តាលនេះធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ម៉ក់ ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹកផ្លូវសមុទ្រនិងកំពង់ផែក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល។
លោក ម៉ក់ ស៊ីដេត បានថ្លែងថា ការដឹកជញ្ជូនតាមផ្លូវទឹកត្រូវបានទទួលស្គាល់ទូទាំងសកលលោកថាជាផ្នែកមួយនៃការដឹកជញ្ជូនដែលមានការចំណាយតិច ផ្ដល់ប្រសិទ្ធភាពខ្ពស់ និងមានផលប៉ះពាល់តិចដល់បរិស្ថាន បើប្រៀបធៀបជាមួយការដឹកជញ្ជូនប្រភេទផ្សេងទៀត។ លោកបន្តថា នៅកម្ពុជាបច្ចុប្បន្នកំពុងមានសម្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយរាជរដ្ឋាភិបាលក៏បានចាត់ទុកវិស័យដឹកជញ្ជូនតាមផ្លូវទឹកជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យដទៃទៀត។
លោកថា៖«ភាពរីកចម្រើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកអាចបន្តទៅបានដរាបណាអ្នកប្រើប្រាស់មានទំនុកចិត្តទាំងលើប្រសិទ្ធភាព រួមផ្សំនឹងសុវត្ថិភាពក្នុងការធ្វើដំណើរ ឬដឹកជញ្ជូន»។
លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល បានឱ្យដឹងដែរថា ការគ្រប់គ្រង និងអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែ ចាំបាច់តម្រូវឱ្យមានច្បាប់ និងនីតិវិធីជាច្រើនដើម្បីគ្រប់គ្រងនិងអាចធានាដល់ការចរាចរ និងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែឱ្យមានប្រសិទ្ធភាព ជាពិសេសធានាសុវត្ថិភាពដល់អ្នកធ្វើដំណើរ និងទំនិញគ្រប់ប្រភេទអាចធ្វើចរាចរណ៍បានដោយរលូន ។
លោកបានថែងថា៖«សូមស្នើដល់សិក្ខាកាម និងម្ចាស់អាជីវកម្មកំពង់ចម្លង និងអ្នកបើកបរទូកចម្លងទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមត្រងត្រាប់ស្ដាប់ និងកាត់ត្រាប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលយកនូវចំណេះដឹង សមត្ថភាព ជំនាញ ក្នុងការអនុវត្តជាក់ស្ដែងរួមជាមួយនឹងបទពិសោធន៍ល្អៗដែលវាគ្មិនទាំងអស់នឹងណែនាំ បណ្ដុះបណ្ដាល បង្ហាត់បង្រៀនចែករំលែកជូន»។
កាលពីអំឡុងខែតុលា ឆ្នាំ២០២២ មានឧបទ្ទវហេតុលិចទូកដមួយ ក្នុងស្រុកលើកដែកនៃខេត្តកណ្តាលបណ្ដាលឱ្យសិស្សសាលាជាង១០នាក់បានស្លាប់ក្នុងពេលពួកគេទើបចេញពីរៀនសំដៅទៅផ្ទះតាមរយៈមធ្យោបាយជិះទូកដនោះ។ករណីនេះត្រូវបានអាជ្ញាធរចាត់ទុកថា ជាការធ្វេសប្រហែសរបស់អ្នកបើកទូក។ករណីលិចទូកនេះក៏បានកើតឡើងនៅតំបន់ផ្សេងៗទៀតផងដែរ ដោយគ្រាន់តែការខូចខាតមានទំហំតូចជាងករណីនៅស្រុកលើកដែក ខេត្តកណ្ដាល៕