
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រ សួងសុខាភិបាល ថ្លែងប្រាប់អ្នកសារព័ត៌មាននាពេលកន្លងមក។ ហេង ជីវ័ន
ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា វ៉ាក់សាំងកូវីដ ១៩ ប្រភេទ Pfizer សម្រាប់ចាក់ដល់មនុស្សអាយុចាប់ពី ១២ ឆ្នាំ ទ្បើង នឹងត្រូវដឹកមកដល់ប្រទេសកម្ពុជា នាយប់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២៣ នេះ តាមរយៈយន្តការកូវ៉ាក់ (COVAX)។
បើតាមការថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃដដែលនេះ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រ សួងសុខាភិបាល ថា វ៉ាក់សាំងកូវីដ១៩នឹងដឹកមកដល់នៅយប់ថ្ងៃទី២៧ នេះ ។
លោកស្រីបានថ្លែងថា ៖ «វ៉ាក់សាំងកូវីដ១៩ ជិត៥០ ម៉ឺនដូសជាប្រភេទPfizer តាមរយៈយន្តការកូវ៉ាក់នឹងត្រូវដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅយប់នេះម៉ោងប្រមាណជា១១»។
លោក មាស ប៊ុនលី មន្ត្រីជំនាញផ្នែកទំនាក់ទំនងនៃអង្គការយូនីសេហ្វកម្ពុជា បានប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី២៧ ខែមីនា ថា វ៉ាក់សាំងដែលមកដល់នាយប់នេះ ជារបស់យន្តការកូវ៉ាក់ ដែលឧបត្ថម្ភដោយរដ្ឋាភិបាលស្លូវ៉ាគី (Slovakia) និងហ្វាំងទ្បង់ (Finland)។
លោកបានបញ្ជាក់បន្ថែមថា ៖ «វ៉ាក់សាំងនេះមានចំនួន ៤៩៨ ២៤០ដូស ដែលជាប្រភេទ Pfizer សម្រាប់ចាក់ដល់មនុស្សអាយុចាប់ពី ១២ឆ្នាំទ្បើង»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែមីនា កន្លងទៅនេះបានថ្លែងថា រាជរដ្ឋាភិបាលបានប្រើប្រាស់នូវយន្តការផ្ការីកក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបង្ការពីការឆ្លងរាលដាលមេរោគកូវីដ១៩ រហូតទទួលបានជោគជ័យលើសមរភូមិកូវីដ និងបានបើកប្រទេសឡើងវិញរហូតមកដល់ពេលនេះ។
លោកបានថ្លែងថា៖ «ទោះបីយើងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក៏ដោយ ក៏ខ្ញុំសូមអំពាវនាវដល់បងប្អូន សុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ដោយយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហែស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ»។
លោក ហ៊ុន សែន បានបន្តទៀតថា ៖ «បើទោះជាមានការថមថយ ធូរស្រាលហើយក៏ដោយគឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយសូមបងប្អូនបន្តអនុវត្តតាមវិធានការ ការពារ ខ្លួនជាប់ជាប្រចាំឱ្យបានខ្ជាប់ខ្ជួន និងសូមអញ្ជើញបងប្អូនទៅចាក់វ៉ាក់សាំងដូសទី៣ ទី៤ ទី៥ និងដូសទី៦ ដើម្បីប្រឆាំងជំងឺកូវីដ១៩ ដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា»។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៩៥,៥០%។
ក្រសួងបានបន្តថា អត្រានៃការចាក់វ៉ាក់សាំងដូសទី៣មានចំនួនជាង ១០,៥លាននាក់ អត្រាចាក់ដូសទី៤ មានចំនួនជាង ៥លាននាក់ អត្រានៃការចាក់ដូសទី៥ មានចំនួនជាង ១,៧ លាននាក់ និងអត្រានៃការចាក់វា់ក់សាំងកូវីដ១៩ដូសទី៦ មានចំនួនជាង៣៣ម៉ឺននាក់។
ជាមួយគ្នានេះដែរ ទាក់ទងនឹងចំនួនអ្នកឆ្លងមេរោគកូវីដ១៩ គិតត្រឹមថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ករណីឆ្លងជំងឺកូវីដ១៩សរុបមានចំនួន១៣៨ ៧២៣នាក់ ចំណែកករណីជាសះស្បើយសរុប១៣៥ ៦៦៥នាក់ និងករណីស្លាប់សរុបចំនួន ៣ ០៥៦នាក់៕