ភ្នំពេញៈ ស្ថាប័នចំនួន ៣ ក្នុងវិស័យហិរញ្ញវត្ថុបានសហការជាមួយក្លិបអ្នកកាសែតកម្ពុជា (CCJ) បើកវគ្គបណ្តុះបណ្តាលលើកដំបូងចាប់ផ្តើមនៅថ្ងៃនេះដល់អ្នកសារព័ត៌មានក្នុងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់ការលើកកម្ពស់ «ចំណេះដឹងជាមូលដ្ឋានស្តីពីវិស័យធនាគារនិងហិរញ្ញវត្ថុនិងធានារ៉ាប់រង» ដែលអ្នកក្នុងវិស័យនេះរំពឹងថា នឹងធ្វើឱ្យអ្នកសារព័ត៌មានយល់និងអាចប្រើប្រាស់ពាក្យបច្ចេកទេសក្នុងសេចក្តីរាយការណ៍របស់ខ្លួន។
ក្នុងលិខិត១ច្បាប់ផ្ញើជូនលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីធ្វើជាអធិបតីនិងថ្លែងសុន្ទរកថាបើកវគ្គបណ្តុះបណ្តាលនោះសមាគមធនាគារនៅកម្ពុជា(ABC)សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)និងសមាគមធានារ៉ាប់រងនៃកម្ពុជា(IAC)បានអះអាងថា គំនិតផ្តួចផ្តើមនេះធ្វើឡើងដើម្បីចូលរួមចំណែកពង្រឹងនិងពង្រីកការយល់ដឹងបន្ថែមដល់អ្នកសារព័ត៌មានអំពីវិស័យធនាគារនិងហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង និងដើម្បីពង្រឹងទំនាក់ទំនងឱ្យកាន់តែប្រសើររវាងអ្នកសារព័ត៌មាន និងអ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យធានារ៉ាប់រង។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃ២៧ ខែមីនាថា ការរួមចំណែក ក្នុងវិស័យព័ត៌មានរបស់វិស័យហិរញ្ញវត្ថុ មានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង និងវិស័យផ្សេងៗទៀត ក្នុងការចែករំលែកព័ត៌មានទៅដល់អ្នកសារព័ត៌មានពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផ្សព្វផ្សាយព័ត៌មានបានត្រឹមត្រូវដល់សាធារណជនសម្រេចចិត្តឱ្យបានត្រឹមត្រូវ។
លោក អ៊ិន ចាន់នី បានថ្លែងថា៖«ការបញ្ចេញព័ត៌មានពិត ត្រឹមត្រូវ ទាន់ពេល និងការប្រើភាសាបច្ចេកទេសខ្លះដែលប្រើ ដើម្បីឱ្យអតិថិជនបានយល់ច្បាស់ គឺពិតជាសំខាន់ណាស់»។
លោកបានទទួលស្គាល់ថា នៅក្នុងវិស័យធនាគារ មីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង មានពាក្យពេចន៍ និងឃ្លាខ្លះមានលក្ខណៈបច្ចេកទេសខ្លាំងដែលទាមទារឱ្យភាគីពាក់ព័ន្ធយល់ច្បាស់ដើម្បីបញ្ចេញព័ត៌មានឱ្យត្រូវដើម្បីឱ្យអ្នកប្រើប្រាស់ក៏ដូចជាអតិថិជនបានយល់ច្បាស់។
លោកបានអះអាងថា អ្នកសារព័ត៌មានភាគច្រើនមានបទពិសោធន៍ក្នុងការផ្តល់ព័ត៌មានតាមរយៈសំណេរអត្ថបទទូទៅ បានលឿននិងរហ័ស ប៉ុន្តែការប្រើប្រាស់ភាសាបច្ចេកទេសក្នុងវិស័យហិរញ្ញវត្ថុចាំបាច់ត្រូវធ្វើកិច្ចការរួមគ្នាជាមួយភាគីពាក់ព័ន្ធដើម្បីប្រើភាសាដែលងាយយល់ និងត្រូវតាមពាក្យបច្ចេកទេសនោះ។
លោកបានបញ្ជាក់ថា៖«កាលណាអ្នកស្តាប់[អ្នកសារព័ត៌មាន]យល់ច្បាស់ គាត់ចូលរួមក្នុងការប្រើប្រាស់បានត្រឹមត្រូវ ចៀសវាងការភាន់ច្រឡំ និងចៀសវាងការផ្តល់ព័ត៌មានហួសពីការពិត»។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានទទួលស្គាល់ថា ភាសាប្រើប្រាស់ក្នុងវិស័យហិរញ្ញវត្ថុពិតជាមានលក្ខណៈបច្ចេកទេសខ្លាំងដែលអ្នកសារព័ត៌មានទូទៅពិបាកយល់ដល់ជម្រៅនៃសេចក្តី ហើយធ្វើសេចក្តីរាយការណ៍មិនបានស៊ីជម្រៅ និងមានកម្រិត។
លោកបានថ្លែងថា ការបណ្តុះបណ្តាលនេះនឹងធ្វើឱ្យអ្នកសារព័ត៌មានផ្នែកសេដ្ឋកិច្ចនិងអ្នកសារព័ត៌មានទូទៅយល់ពីការប្រើប្រាស់ពាក្យបច្ចេកទេស ហើយកាលណាអ្នកកាសែតយល់ និងដឹងសំណេររបស់គាត់នឹងជួយដល់សង្គម ធ្វើយ៉ាងណាមិនឱ្យប្រជាពលរដ្ឋមានការថ្លោះធ្លោយក្នុងការប្រើប្រាស់ហិរញ្ញវត្ថុ និងសេវាហិរញ្ញវត្ថុពីធនាគារនេះ។
លោក ពុយ គា បានបញ្ជាក់ថា៖«កន្លងមកពួកគាត់[អ្នកសែត]យកព័ត៌មានសេដ្ឋកិច្ចទូទៅ និងសាមញ្ញ ដោយមិនបានវិភាគឡើយ អ៊ីចឹងគាត់សរសេរត្រឹមជ្រុងតូចៗ មិនទាន់ដល់ចាប់មុំផ្សេងៗដែលឈានទៅលម្អិតនិងវិភាគឡើយ»។
លោកបានបន្តថា៖«គាត់សរសេរតែព្រឹត្តិការណ៍កើតឡើង។ ឧទាហរណ៍ មានពិធីសម្ពោធ គាត់សរសេរតែពិធីសម្ពោធនោះ ឱ្យគាត់សរសេរបែបវិភាគគឺនៅមិនទាន់ដល់កម្រិត។ អ៊ីចឹងហើយភាពចាំបាច់លើកនេះគឺការបណ្តុះបណ្តាលឱ្យមានការស្វែងយល់បន្ថែមក្នុងការវិភាគ»។
លោកលើកឡើងដែរថា ស្ថានភាពនៅកម្ពុជាចូលដល់របត់ដែលប្រជាជនខ្មែរ និងអ្នកសារព័ត៌មានទាំងអស់ត្រូវស្វែងយល់ ដោយសារចរន្តនៃការប្រើប្រាស់សាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ ជំរុញការប្រើប្រាស់កើនធំឡើងៗ ហើយតម្រូវការការយល់ដឹងនឹងស្វែងយល់ក៏កាន់តែធំទូលាយផងដែរ។ លើសពីនេះទៀត អ្នកសារព័ត៌មានត្រូវតែស្វែងរកទិន្នន័យឱ្យបានជាក់លាក់ និងស្វែងរកទិន្នន័យពាក់ព័ន្ធសម្រាប់សំណេរ៕