កោះកុងៈ អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) បានឱ្យដឹងថា អណ្តើកហ្លួងចំនួន ២ ក្បាលដែលបានរងរបួសធ្ងន់កាលពីពេលកន្លងទៅ បច្ចុប្បន្នបានជាសះស្បើយវិញហើយ ក្រោយទទួលបាន ការមើលថែ និងព្យាបាលពីមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះ។
អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS)បានប្រកាសតាមរយៈទំព័រហ្វេសប៊ុកកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ថា«សូមអរគុណដល់ដៃគូអភិរក្ស មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះដែលបានធ្វើការយ៉ាងសកម្មនិងយកចិត្តទុកដាក់ក្នុងការមើលថែនិងព្យាបាលអណ្តើកហ្លួងចំនួន២ក្បាលឱ្យជាសះស្បើយដែលកន្លងមកអណ្តើកទាំង២ក្បាលនេះបានរងរបួសយ៉ាងធ្ងន់ធ្ងរ»។
អង្គការWCS បានបញ្ជាក់ដែរថា ក្នុងនោះអណ្តើកហ្លួងចំនួន៣ក្បាលទៀតដែលបានចិញ្ចឹមថែទាំក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវចម្រុះនេះ ក៏ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញដោយអង្គការ WCS កាលពីថ្ងៃពុធទី២២ ខែមីនាឆ្នាំ២០២៣ កន្លងទៅផងដែរ។
ទោះជាមិនទាន់បានបញ្ជាក់ច្បាស់ពីមូលហេតុអ្វីដែលបណ្តាលឱ្យអណ្តើកហ្លួងទាំង២ខាងលើរបួសធ្ងរនិងរយៈពេលនៃការព្យាបាលក្តី ប៉ុន្តែតាមរយៈសកម្មភាពនេះ អង្គការខាងលើ ក៏បានចាត់ទុកថា«នេះគឺជាព័ត៌មានដ៏គួរឱ្យរីករាយមួយក្នុងចំណោមការងារសម្រេចបានជាច្រើនទៀត ក្នុងការការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះ ដែលយើងមានមោទនភាពក្នុងការចែករំលែកជូនសាធារណជនបានដឹង»។
ទន្ទឹមគ្នានេះដែរអង្គការ CWS អះអាងថា រាល់ការសម្រេចបានសមិទ្ធផលទាំងអស់នេះ គឺជាការខិតខំប្រឹងប្រែងនិងការសហការគ្នារវាងរដ្ឋបាលជល ACCB និងក្រុមការងារអភិរក្សរបស់អង្គការWCS ដែលធ្វើការនៅខេត្តកោះកុងនិងដងទន្លេមេគង្គ ខណៈCWSក៏បានចូលរួមអរគុណ និងអបអរសាទរផងដែរដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់និងចូលរួមយ៉ាងសកម្មក្នុងការការពារធនធានសត្វព្រៃរបស់យើងនិងសូមចូលរួមបន្តទៀតសម្រាប់ការងារអភិរក្សទាំងអស់គ្នា។
គួរបញ្ជាក់ដែរថា អង្គការសមាគមអភិរក្សសត្វព្រៃកម្ពុជា(WCS)ធ្លាប់បានឱ្យដឹងថា អណ្តើកហ្លួងមានឈ្មោះជាភាសាអង់គ្លេសថា Southern River Terrapin និងឈ្មោះវិទ្យាសាស្ត្រថា Bataguraffinis។
អណ្តើកហ្លួងជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជក្នុងចំណោមអណ្តើកទាំង២៥ប្រភេទដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។
អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគំរាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ឧបករណ៍ហាមឃាត់នានា ការនេសាទក្នុងតំបន់ហាមឃាត់ ជាដើម ជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូនដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំងដែលអាចឈានដល់ផុតពូជនាពេលខាងមុខ បើមិនមានការការពារត្រឹមត្រូវ។
កាលពីឆ្នាំ២០០៥ អណ្តើកប្រភេទនេះត្រូវបានព្រះរាជក្រឹត្យចាត់ចំណាត់ថ្នាក់ជាប្រភេទសត្វល្មូនជាតិតំណាងឱ្យព្រះរាជាណាចក្រកម្ពុជាទៀតផង៕