ភ្នំពេញៈ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា រួមជាមួយ​អង្គការ​ដៃគូ និង​មន្ត្រី​ក្រសួង​កិច្ចការនារី កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចូលរួម​ប្រកាស​គម្រោង​ «​ដល់ពេល​ត្រូវធ្វើ​សកម្មភាព​»​ ដែលជា​គម្រោង​លើកដំបូង ចាប់ផ្ដើម​នៅ​ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង ដើម្បី​ផ្សព្វផ្សាយ​ការ​គាំទ្រ​ដល់​ក្មេងស្រី និង​ក្មេងប្រុស​វ័យ​ជំទង់​ឱ្យ​បញ្ឈប់​ការរៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង និង​អភិវឌ្ឍ​ធនធាន​នេះ​ឱ្យ​ក្លាយជា​មនុស្សពេញវ័យ​ប្រកបដោយ​សក្តានុពល​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​។​

​លោកស្រី ហ៊ូ សា​មិត្ត រដ្ឋលេខា​ធិ​ការ​ក្រសួង​កិច្ចការនារី បាន​ថ្លែងថា ការ​លើកកម្ពស់​សិទ្ធិ​កុមារ និង​កិច្ចការពារ​កុមារ ជាពិសេស​ការចូលរួម​បង្ការ​ទប់ស្កាត់​ការរៀប​អាពាហ៍ពិពាហ៍​នៅ​វ័យ​កុមារ និង​អភិវឌ្ឍ​ខ្លួន​ក្លាយជា​មនុស្សពេញវ័យ គឺជា​ការងារ​អាទិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោកស្រីថ្លែងថា​៖ «​គម្រោង​នេះ នឹង​បង្កើន​ចំនួន​ក្មេងស្រី​វ័យ​ជំទង់​ដែល​ប្រឈម​នឹង​ហានិភ័យ​នៃ​ការរៀប​អាពាហ៍ពិពាហ៍​នៅ​វ័យ​កុមារ​ដោយ​បង្ខំ ការបោះបង់​ការសិក្សា ឬ​ការ​នៅក្រៅ​សាលា ដើម្បីឱ្យ​ពួកគាត់​អាច​បញ្ចប់​ការសិក្សា​និង​បន្តទៅ​ថ្នាក់មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ​ប្រកបដោយ គុណភាព​តាមរយៈ​ការ​ផ្តល់ឱកាស ការគាំទ្រ​ផ្នែក​សេដ្ឋកិច្ច និង​សហគ្រិន​ភាព ព្រមទាំង​មានលទ្ធភាព ក្នុងការ​អនុវត្តបាន​ពេញលេញ​នូវ​សិទ្ធិ​ទទួលបាន​ការការពារ​របស់ខ្លួន​»​។​

​លោកស្រីថ្លែងថា​៖ «​នៅពេល​ទទួលបាន​ឱកាស ជម្រើស ឯករាជភាព និង​ការពង្រឹង​សិទ្ធិអំណាច នោះ​ក្មេងស្រី​វ័យ​ជំទង់ អាចអនុវត្ត​សិទ្ធិ​របស់ខ្លួន​ក្នុងការ​ការពារ​ពី​ការរំលោភបំពាន​ផ្លូវភេទ អំពើហិង្សា​ទាក់ទង​នឹង​យេនឌ័រ និង​ការចូលរួម​យ៉ាងសកម្ម​ក្នុង​វិធានការ​ទប់ស្កាត់​នានា នៅក្នុង​សហគមន៍​»​។​

​លោកស្រីបាន​បន្តថា រដ្ឋាភិបាលបានដាក់​បញ្ចូល​ទៅក្នុង​ក្របខ័ណ្ឌ​ច្បាប់ គោលនយោបាយ ផែនការ សកម្មភាព​ជាតិ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជាច្រើន ដើម្បី​ធានាឱ្យមាន​ភាពល្អប្រសើរ​ឡើង​នូវ​បរិយាកាស​រៀនសូត្រ​ល្អ​ក្នុង​សាលារៀន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការបោះបង់​ការសិក្សា និង​ការ​ក្លាយ​​ជា​ជនរងគ្រោះ​នៃ​ការរៀប​អា​ពា​ហ៍​ពិពាហ៍​នៅ​វ័យ​កុមារ​ដោយ​បង្ខំ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដែល ​ភ្នំពេញ​​ ប៉ុស្តិ៍​ ទទួលបាន​នៅ​ថ្ងៃទី​ ២៧ ខែមីនា បានឱ្យដឹងថា គម្រោង​ដែល​ផ្តល់​មូល​និ​ធិ​ដោយ​ក្រសួង​សហព័ន្ធ​អាល្លឺម៉ង់​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច (BMZ) និង​អង្គ​ការ​ភ្លែ​ន​អន្តរជាតិ​អាល្លឺម៉ង់ ត្រូវបាន​អនុវត្ត​រយៈពេល​ ៣ ​ឆ្នាំ ចាប់ពី​ថ្ងៃទី ​១ ខែមករា ឆ្នាំ​ ២០២៣ ដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ ​២០២៥​។​

​សេចក្តីប្រកាសបាន​អះអាងថា គម្រោង​នេះ​មាន​គោលបំណង​គាំទ្រ​ដល់​ក្មេងស្រី និង​ក្មេងប្រុស​វ័យ​ជំទង់​ចំនួន​ ៦ ០០០ នាក់ ដើម្បី​បញ្ឈប់​ការ​​រៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង និង​អភិវឌ្ឍ​ខ្លួន​ក្លាយជា​មនុស្សពេញវ័យ​ប្រកបដោយ​សក្តានុពល​នៅក្នុង​តំបន់​ជួប​ការលំបាក និង​ដាច់ស្រយាល​នៃ​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ជាពិសេស​ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង​។​

​សេចក្តីប្រកាសបាន​បញ្ជាក់ថា​៖ «​គម្រោង​នេះ ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក​ចំនួន ​២ រួមមាន​អង្គការ​វឌ្ឍនភាព (WP) និង​សមា​គម​យុវជន​ខ្មែរ (KYA) នៅក្នុង​ឃុំ​គោលដៅ​ចំនួន​ ១៦​។ យើងរំពឹងថា នឹង​ផ្តល់​អត្ថប្រយោជន៍​ដោយផ្ទាល់​ដល់​ស្ត្រី​ចំនួន​ ៥ ៣២៧​ នាក់ និង​ក្មេង​ស្រី​ចំនួន​ ៣ ៣៦១​ នាក់ តាមរយៈ​ការ​កែលម្អ​បរិយាកាស​រៀនសូត្រ​ក្នុង​សាលា​រៀន ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បោះបង់​ការសិក្សា និង​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង​»​។​

​លោកស្រី Gwynneth Wong នាយិកា​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា និយាយ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​ថា អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង និង​ការបោះបង់​ការសិក្សា​នៅតែ​ជា​បញ្ហា​ដែល​បង្អាក់​ការអភិវឌ្ឍ​របស់​ក្មេងស្រី​ជំទង់​។ លោកស្រីបាន​បន្តថា កុមារី ជាពិសេស​នៅ​តំបន់​ជន​បទ​ប្រឈមមុខ​នឹង​ហានិភ័យ​មិន​ត្រឹមតែ​ចំពោះ​សុខភាព រាងកាយ និង​ការ​មាន​ផ្ទៃពោះ​វ័យក្មេង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​អំពើហិង្សា​ក្នុង​គ្រួសារ អំពើហិង្សា​ផ្អែកលើ​យេនឌ័រ ព្រមទាំង​ការ​​ប្រឈម​កាន់តែខ្លាំង​ឡើង​ចំពោះ​ការ​ពង្រឹង​សេដ្ឋកិច្ច​របស់​ពួកគេ​។​

​លោកស្រីបាន​បញ្ជាក់ថា​៖ «​ការរៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង គឺជា​ការ​អនុវត្ត​ដ៏​គ្រោះថ្នាក់ និង​ជា​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​ប៉ះពាល់​ដល់​ក្មេងស្រី​។ ក្មេងស្រី​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ច្រើន​បំផុត​មកពី​គ្រួសារ​ក្រីក្រ ជា​ក្រុម​ជន​ងាយ​រងគ្រោះ និង​រស់​នៅតាម​តំបន់​ជនបទ​។ អាពាហ៍ពិពាហ៍​កុមារ ជា​ញឹក​ញាប់​នាំឱ្យមាន​ផលវិបាក​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដោយ​បដិសេធ​កុមារី​រាប់លាន​នាក់​ជុំវិញ​ពិភពលោក​នូវ​ឱកាស​ដើម្បី​បំពេញ​សក្តានុពល​របស់​ពួកគេ​»​។​

​យោងតាម​ការសិក្សា​ស្រាវជ្រាវ​នៃ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ទី​ ៤ ដោយ​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា (​ខែតុលា ឆ្នាំ​ ២០២០) អត្រា​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង​មាន​ប្រមាណ​ ៤៨​ ភាគរយ​មុន​អាយុ​ ១៨​ ឆ្នាំ (៨ ​ភាគរយ មុន​អាយុ​ ១៥ ឆ្នាំ​) នៅ​ខេត្តរតនគិរី និង​ ២៥ ភាគរយ មុន​អាយុ​ ១៨​ ឆ្នាំ នៅ​ខេត្តស្ទឹងត្រែង​។​

​កញ្ញា លេខ ការី ជា​កូនស្រី​ជនជាតិភាគតិច​គ្រឹ​ង​ក្នុង​ខេត្តរតនគិរី ដែល​ជម្នះ​ប្រពៃណី​រៀបការ​វ័យក្មេងបាន​និយាយថា ការបញ្ឈប់​ការរៀប​អា​ពា​ហ៍​ពិពាហ៍​នៅ​វ័យក្មេង គឺ​ចាំបាច់​ណាស់ ត្រូវការ​គាំទ្រ​ពី​ភាគី​ពាក់ព័ន្ធ ដែល​កញ្ញា បង្ហាញ​ក្តី​ពេញចិត្ត​នៅពេល​គម្រោង​ថ្មី​នេះ បាន​ចូលរួម​គាំទ្រ​ដល់​ក្មេង​វ័យ​ជំទង់​នៅ​តំបន់​ភាគ​ឦសាន​។​

​កញ្ញាបាន​រៀបរាប់ថា​៖ «​ក្នុងនាម​ខ្ញុំ​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ​ភ្លែ​ន​ក្នុង​កិច្ចការងារ​នេះ ខ្ញុំ​មាន​តួនាទី ក្នុងការ​ផ្សព្វ​​ផ្សាយ និង​លើកទឹកចិត្ត​ដល់​ក្មេងស្រី​គ្រប់គ្នា ឱ្យមាន​សេចក្តីក្លាហាន និង​ភាពជា​គំរូ​។ ការរៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង គឺជា​ទម្លាប់​ដ៏​យូរលង់​ណាស់​មកហើយ ដែល​ត្រូវការ​ពេល​វេលា ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​។ ខ្ញុំ​សប្បាយចិត្ត​មែនទែន នៅពេល​គេ​ដាក់​គម្រោង​ថ្មី​នេះ​»​។​

​លោក យី គឹ​ន​ថា​ន នាយករង​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​នបាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា គម្រោង​នេះ នឹង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ឯករាជភាព​សេដ្ឋកិច្ច​សម្រាប់​ស្ត្រី​ដែល​ធ្លាប់​ឆ្លងកាត់​ការរៀប​អាពាហ៍ពិពាហ៍​នៅ​វ័យក្មេង តាមរយៈ​ការផ្តល់​ការបណ្តុះបណ្តាល​ជំនាញ និង​ផ្សារភ្ជាប់​ពួកគេ​ទៅនឹង​ឱកាស​អាជីវកម្ម​។

លោកអះអាងថា ភាគី​ពាក់​ព័ន្ធ​ថ្នាក់ឃុំ នឹងចូលរួម​ជាមួយ​ «​ដល់ពេល​ត្រូវធ្វើ​សកម្មភាព​» ដើម្បី​ធានាថា ក្មេងស្រី ក្មេងប្រុស​វ័យ​ជំទង់​ដែល​រៀបការ​វ័យក្មេង និង​ឪពុកម្តាយ​អាច​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល​នូវ​សេវា ដើម្បី​ការពារ និង​រាយការណ៍​ពី​បញ្ហា​ណាមួយ​តាមរយៈ​បណ្តាញ​ទូរ​ស័ព្ទ​ទាន់​ហេតុការណ៍​ក្នុងស្រុក​ក្នុង ​១៦ ​ឃុំ​គោលដៅ​។​

​លោកបាន​បញ្ជាក់ថា​៖ «​គម្រោង គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​រៀន​ពេញ​មួយ​ជីវិត និង​កម្មវិធី​កិច្ចការពារ​ជំនាន់​ថ្មី ដែលជា​កម្មវិធី​សំខាន់​ចំនួន ២ ​ក្នុងចំណោម​កម្មវិធី​សំខាន់ៗ​ចំនួន ៤ ​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា ជាមួយនឹង​ចក្ខុវិស័យ​ក្នុងការ​ធ្វើជា​ដៃគូ​យុទ្ធ​សាស្ត្រ ផ្តល់​សិទ្ធិអំណាច​ដល់​ក្មេងស្រី​ចំនួន​ ២,៥ លាន​នាក់ ជាពិសេស​ក្មេង​ស្រី​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង​នៅក្នុង​ប្រទេស​កម្ពុជា ដោយ​ផ្តោតលើ​ការអប់រំ ការការពារ​កុមារ សុខភាព​បន្ត​ពូជ​ផ្លូវភេទ និង​សិទ្ធិ (SRHR) ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) និង​សមភាព​យេនឌ័រ​»​។​

​ជាមួយនឹង​ការអនុវត្ត​គម្រោង លោក យី គឹ​ន​ថា​ន អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ក្នុង​គម្រោង​នេះ ដើម្បី​បង្កើន​សំឡេង និង​គាំទ្រ​ដល់​ក្មេងស្រី​វ័យ​ជំទង់ និង​ស្ត្រី​វ័យក្មេង​ឱ្យទទួល​បាន​នូវ​ចំណេះដឹង ជំនាញ និង​ទំនុកចិត្ត​ដែល​ពួកគេ​ត្រូវការ ដើម្បី​អនុវត្ត​សិទ្ធិ និង​ឈានដល់​សក្តានុពល​ពេញលេញ​របស់​ពួកគេ​៕