ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាបានថ្លែងថា លោកបានទទូចឱ្យអាជ្ញាធរមានសមត្ថកិច្ចចាប់ខ្លួនចំពោះបុគ្គលណា ដែលហ៊ានយកឈ្មោះលោកទៅកាងដើម្បីប្រព្រឹត្តអំពើល្មើសច្បាប់។
លោកថ្លែងបែបនេះ ក្នុងពេលធ្វើជាតំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុង និងពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី នាខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៣។
លោក ហ៊ុន ម៉ាណែត គូសបញ្ជាក់ដូច្នេះថា៖ «ពីណាក៏ដោយ ឱ្យតែយកឈ្មោះខ្ញុំ ជំនួយការខ្ញុំ ស្អីក៏ដោយ ឱ្យតែយកឈ្មោះខ្ញុំទៅធ្វើខុសច្បាប់ ចាប់ទៅ មិនបាច់សួរយោបល់ខ្ញុំទេ ហើយប្រាប់មកខ្ញុំ ខ្ញុំប្តឹងថែមទៀត ព្រោះទី ១ អ្នកឯងធ្វើខុសច្បាប់ ហើយខ្ញុំប្តឹងព្រោះអ្នកឯងយកឈ្មោះខ្ញុំទៅប្រើ»។
លោកលើកឡើងថា ប៉ុន្មានឆ្នាំនេះ មានករណីបុគ្គលមួយចំនួន បានយកឈ្មោះរបស់លោកទៅប្រើផ្តេសផ្តាសដោយខ្លះប្រើប្រាស់រូបថតដែលបានថតជាមួយលោក ខណៈលោកបានថតរូបជាមួយមនុស្សរាប់រយ រាប់ពាន់នាក់ឯណោះ ហើយបុគ្គលទាំងនោះ ប្រើសមាសភាពជាជំនួយការផ្ទាល់ឬជាបេសកជនផង ដែលកាលពីប៉ុន្មានថ្ងៃមុនលោកបានដឹងពាក់ព័ន្ធករណីទន្ទ្រានដីធ្លី។
លោក ហ៊ុន ម៉ាណែត បន្ថែមថា៖ «ហើយបើប្រាប់ខ្ញុំស្រួលទៀត ខ្ញុំនឹងប្ដឹងបន្តទៀត អ៊ីចឹងបើថ្ងៃក្រោយអាជ្ញាធរគេដកពាក្យបណ្ដឹង ក៏នៅជាប់ពាក្យបណ្ដឹងរបស់ខ្ញុំដែរ ព្រោះបណ្ដឹងធ្វើឱ្យខូចឈ្មោះ»។
លោកអំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការសិទ្ធិមនុស្សលីកាដូ បានសម្តែងការសាទរការលើកឡើងរបស់លោកហ៊ុន ម៉ាណែតដែលចង់លុបបំបាត់វប្បធម៌យកឈ្មោះឥស្សរជន ឬថ្នាក់ដឹកនាំ ឬអ្នកមានឥទ្ធិពលទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។
លោក អំ សំអាត លើកឡើងដូច្នេះថា៖ «បើយើងសង្កេតឃើញមានការចុះព័ត៌មាននានាកន្លងមក មានបុគ្គលមួយចំនួនដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយជួនកាលទៀត ឈានទៅរកប្រព្រឹត្តអំពើល្មើសច្បាប់ទៅទៀត ប៉ុន្តែយកឈ្មោះថ្នាក់ដឹកនាំយកឈ្មោះអ្នកមានឥទ្ធិពល អាហ្នឹងគឺវាប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសដល់ថ្នាក់ដឹកនាំ និងជនដែលមានឥទ្ធិពលទាំងឡាយនោះផង»។
លោកបន្ថែមថា វប្បធម៌យកឈ្មោះឥស្សរជនជាន់ខ្ពស់ ថ្នាក់ដឹកនាំ ឬមន្ត្រីជាន់ខ្ពស់នានា ទៅអន្តរាគមន៍លើបញ្ហាណាមួយ ឬប្រើប្រាស់ដើម្បីប្រយោជន៍បុគ្គលផ្ទាល់ខ្លួន គួរត្រូវបានលុបបំបាត់។ លោកស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវអនុវត្តតាមនីតិវិធីច្បាប់លើបុគ្គលគ្រប់រូបដោយស្មើភាពគ្នាចៀសវាងខ្លាចរអាឈ្មោះជនមានអំណាចឥស្សរជនជាន់ខ្ពស់ណាមួយឡើយ។
លោក មាស នី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លើកឡើងថា វប្បធម៌យកឈ្មោះអ្នកមានអំណាចទៅអន្តរាគមន៍លើបញ្ហាចម្រូងចម្រាសផ្សេងៗតែងកើតមានជាញឹកញាប់នៅតាមមូលដ្ឋាន ជាពិសេសការប្រើឈ្មោះរបស់គ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែម្តង។ លោកគាំទ្រលើការលើកឡើងរបស់លោកហ៊ុន ម៉ាណែត ដែលចង់លុបបំបាត់វប្បធម៌យកឈ្មោះអ្នកមានអំណាចទៅអន្តរាគមន៍នេះ។
លោក មាស នី ថ្លែងថា៖ «ជាការល្អ គួរតែមានវិធានការជាទ្រង់ទ្រាយធំទៅ បើមិនអ៊ីចឹងទេ អ្នកដែលខិលខូច នឹងធ្វើឱ្យខូចឈ្មោះមន្ត្រីជាន់ខ្ពស់ ឥស្សរជនជាន់ខ្ពស់ ជាពិសេសកេរ្តិ៍ឈ្មោះគ្រួសារសម្តេចតែម្តង ដែលគេឮច្រើនតាមរយៈវប្បធម៌យកឈ្មោះទៅអន្តរាគមន៍នេះ»។
លោក មាស នី បន្ថែមថា លោកតែងតែឮគេប្រាប់លោកជាញឹកញាប់នៅពេលចុះមូលដ្ឋានដែល អ្នកជំនួញរកស៊ីខ្លះតែងប្រើឈ្មោះមន្ត្រីជាន់ខ្ពស់ណាម្នាក់ ឬអ្នកមានឥទ្ធិពលណាមួយ ភ្ជាប់ជាមួយរបររកស៊ីផ្ទាល់ខ្លួន ដែលការធ្វើបែបនេះ ធ្វើឱ្យអាជ្ញាធរមូលដ្ឋានភាគច្រើនខ្លាចរអាមិនសូវហ៊ានសួរនាំច្រើន។
លោកបានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តច្បាប់ដោយស្មើភាពគ្នា ដោយមិនត្រូវគិតពីឈ្មោះបុគ្គលមានអំណាចណាមួយជាមុនឡើយ គឺត្រូវយកច្បាប់ជាធំ៕