ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចងក្រងសំណុំរឿងបទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់រានដីព្រៃចំនួន ៨៤១ ករណី សម្រាប់ឆ្នាំ ២០២២ ក្នុងនោះ ពិន័យអន្តរការណ៍ចំនួន ២៥០ ករណី និងបញ្ជូនទៅតុលាការចំនួន ៥៩១ ករណី។
នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងកសិកម្ម។ របាយការណ៍ដដែលបានឱ្យដឹងទៀតថា ក្រសួងកសិកម្មបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងដកហូត លែង ឬបំផ្លាញចោលសត្វព្រៃ និងសំណាកសត្វព្រៃសរុបចំនួន ៤២៤ ករណី។ ទន្ទឹមនេះ ក្រសួងបានធ្វើបច្ចុប្បន្នភាពសំណុំរឿងបទល្មើសព្រៃឈើ និងសត្វព្រៃ ដោយការបង់ប្រាក់ពិន័យទៅតុលាការចំនួន ២៧ ករណីផងដែរ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម ធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនាថា ក្រសួងកសិកម្មនឹងបន្តសហការល្អជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមានសមត្ថកិច្ច និងរដ្ឋបាលថ្នាក់ក្រោមជាតិដើម្បីបង្កើនការការពារទប់ស្កាត់ប្រឆាំងនឹងការឈូសឆាយទន្ទ្រានដីព្រៃរបស់រដ្ឋ។
លោករដ្ឋមន្ត្រីកសិកម្ម បានអះអាងថា ក្រសួងកសិកម្មនឹងពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការពារធនធានព្រៃឈើ និងដីរបស់រដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពដោយធ្វើការបែងចែកឱ្យដាច់ពីគ្នារវាងប្រជាពលរដ្ឋដែលគ្មានដី និងជនខិលខូចដែលទន្ទ្រានដីរដ្ឋ។
លោក ឌិត ទីណា បានបញ្ជាក់ថា៖ «អ្នកគ្មានដីនឹងទទួលបាននូវដីសម្បទានសង្គមកិច្ច ហើយជនខិលខូចដែលទន្ទ្រានដីរដ្ឋនឹងត្រូវប្រឈមមុខចំពោះច្បាប់តាមរយៈយន្តការរដ្ឋបាលក្តី តាមរយៈបណ្តឹងទៅអង្គភាពប្រឆាំងអំពើពុករលួយក្តី និងយន្តការតុលាការ។ ក្រសួងចង់លុបបំបាត់ពាក្យនិយាយតៗគ្នាថា ឈ្នះបានដី ចាញ់បានលុយមកជាពាក្យថា អ្នកសុចរិតបានដី ឯអ្នកខិលខូចទទួលទោស»។
របាយការណ៍របស់ក្រសួងកសិកម្ម បានឱ្យដឹងផងដែរថា បញ្ហាប្រឈមមួយចំនួននៅបន្តកើតមាននៅក្នុងផ្នែកព្រៃឈើ ដោយសារកំណើនប្រជាពលរដ្ឋ ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចកសិកម្ម និងកំណើននៃតម្រូវការដីសម្រាប់ធ្វើកសិកម្ម គឺជាហេតុផលចម្បងដែលនាំឱ្យមានការធ្លាក់ចុះផ្ទៃដីគ្របដណ្តប់ដោយព្រៃឈើ និងការកើនឡើងបទល្មើសកាប់រានទន្ទ្រានយកដីព្រៃឈើ។
ប្រភពដដែលបានឱ្យដឹងទៀតថា ជាមួយគ្នានោះតុល្យភាពរវាងការអនុវត្តច្បាប់ និងផលប្រយោជន៍ប្រជាជនពីការពឹងអាស្រ័យលើព្រៃឈើ នៅតែជាវិញ្ញាសាមួយដ៏ស្មុគស្មាញដែលទាមទារឱ្យមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ដល់ការបង្កើនលទ្ធភាពផ្តល់ការគាំទ្រ និងជម្រើសដល់ប្រជាពលរដ្ឋឱ្យចាប់យកមុខរបរកសិរុក្ខកម្ម ឬមុខរបរផ្សេង ព្រមទាំងការជំរុញឧស្សាហកម្មឈើដាំ និងការសម្រួលការនាំចូលឈើ ដើម្បីកាត់បន្ថយសម្ពាធមកលើធនធានព្រៃឈើ។
ជាទិសដៅបន្តក្រសួងកសិកម្មមានគោលដៅសម្រេចឱ្យបានបរិមាណប្រមូលផលឈើដាំចំនួន ២៧៥ ០០០ ម៉ែត្រត្រីគុណ និងកំណត់ព្រំប្រទល់ដីព្រៃឈើដើម្បីចុះបញ្ជីដីរដ្ឋ (ដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ សម្បទានដីសេដ្ឋកិច្ច សហគមន៍ព្រៃឈើ ព្រៃបម្រុងទុកអចិន្រៃ្តយ៍។ល។) ចំនួន ២០ ០០០ ហិកតា។ នេះបើយោងតាមរបាយការណ៍ដដែល។
ដើម្បីសម្រេចគោលដៅនេះ ក្រសួងបានកំណត់ផែនការសកម្មភាពដូចជា ដាំឈើលើផ្ទៃដីចំនួន ៥ ០០០ ហិកតា បណ្តុះកូនឈើចែកចាយឱ្យបានចំនួន ៥ ០០០ ០០០ ដើម។ ជំរុញបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីព្រៃឈើ,រៀបចំផែនការគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ព្រៃឈើចំនួន ១០ សហគមន៍។ ត្រួតពិនិត្យ និងផ្តល់លិខិតអនុញ្ញាតដល់ទីតាំងថែរក្សា និងចិញ្ចឹមសត្វព្រៃចំនួន ១០០ ទីតាំង ព្រមទាំងសង្គ្រោះ និងដោះលែងសត្វព្រៃឱ្យបានចំនួន ២ ០០០ ក្បាល និងរៀបចំផែនការសកម្មភាពអនុវិស័យព្រៃឈើ និងសត្វព្រៃ នៅតំបន់ប៉ូលសេដ្ឋកិច្ចទី ៤ នៅភាគពាយព្យជាដើម៕