ភ្នំពេញៈ ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា បានធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ប្រទេស​ម៉ាឡេស៊ី កាល​ថ្ងៃរសៀល​ថ្ងៃទី​២៨ ខែមីនា​នេះ ដើម្បី​ចូលរួម​ការប្រកួត​បាល់​ទះ​ពានរង្វាន់​អន្តរជាតិ Tri-Nation Volleyball Cup 2023 នៅ​ទីនោះ ដែល​នឹង​ចាប់ផ្តើម​ប្រកួតប្រជែង ពីថ្ងៃ​ទី​២៩ ខែមីនា ដល់​ថ្ងៃទី​១ ខែមេសា​។

ការ​ទៅ​ចូលរួម​ការប្រកួត​ពាន​រង្វាន់ Tri-Nation Volleyball Cup នេះ គឺ​កម្ពុជា បានធ្វើ​ឡើង ទៅតាម​ការអញ្ជើញ​រប​ស់​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី ហើយ​ពានរង្វាន់​នេះមាន​ត្រឹម​៣​ប្រទេស​ចូលរួម ស្មើ​៤​ក្រុម ក្នុងនោះ​កម្ពុជា សិង្ហ​បុរី មាន​ ១ ​ក្រុម​ដូចគ្នា ចំណែក​ម៉ាឡេស៊ី បានដាក់​២​ក្រុម​ចូលរួម គឺ​ក្រុម​ម៉ាឡេស៊ី A និង​ក្រុម​ម៉ាឡេស៊ី B ដើម្បី​ធ្វើការ​ប្រកួតប្រជែង​រក​ក្រុម​ត្រូវ​ឈ្នះ​តំណែង​ជើងឯក​។​

​​

តាម​កម្មវិធី និង​កាលវិភាគ​នៃ​ការប្រកួត​ពាន​មិត្តភាព​អន្តរជាតិ​នេះ គឺ​ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា ត្រូវ​ប្រកួត​បើកឆាក​ជាមួយ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​២៩ ខែមីនា វេលា​ម៉ោង ៩:៣០​នាទី​យប់ មុនពេល​ជួប​ក្រុម​សិង្ហ​បុរី នៅ​ថ្ងៃទី​៣០ ខែមីនា វេលា​ម៉ោង ៧:៣០​នាទី​យប់ ហើយ​ការប្រកួត​លើក​ទី​៣​ចុងក្រោយ គឺ​ក្រុម​កម្ពុជា ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ម៉ាឡេស៊ី B នៅ​ថ្ងៃទី​៣១ ខែមីនា វេលា​ម៉ោង ៧:៣០​នាទី​យប់ ដោយ​ការប្រកួត​ទាំងអស់នេះ នឹងមាន​ការផ្សាយ​បន្ត​ផ្ទាល់ នៅក្នុង​ផេ​ចសហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ផងដែរ​។​

​លោក អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ថ្លែងថា ការប្រកួត​ដណ្តើមពាន Tri-Nation Volleyball Cup 2023 នេះជាការ​ប្រកួត​ដកស្រង់​បច្ចេកទេស​យ៉ាងសំខាន់ សម្រាប់​ក្រុម​តំណាងឱ្យ​ប្រទេស​ទាំង​៣​នេះ ដើម្បី​ត្រៀម​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា ដូចគ្នា ដែល​វិញ្ញាសា​បាល់ទះ​លើ​ក្តារ​នេះ នឹង​ចាប់ផ្តើម​ប្រកួត​ពីថ្ងៃ​ទី​៣ ខែឧសភា តទៅ​។​

​លោក អាំង សិរី​ពិសិដ្ឋ បាន​ថ្លែង នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​អង្គា​រថា​៖ «​ជំនួប​ក្នុង​ពានរង្វាន់​នេះ ខ្ញុំ​គិតថា ទាំង​ក្រុម​សិង្ហ​បុរី ម៉ាឡេស៊ី និង​កម្ពុជា​របស់​យើង សុទ្ធតែ​ពង្រឹងសមត្ថភាព​រៀងៗ​ខ្លួន ហើយ​បណ្តា​ក្រុម​ផ្សេងៗ​ទៀត នៅ​អាស៊ាន ក៏បាន​ពង្រឹងសមត្ថភាព ដោយមាន​ការផ្លាស់ប្តូរ​គ្រូបង្វឹក និង​បន្ថែម​កីឡាករ​ថ្មីៗ​ផងដែរ បន្ទាប់ពី​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម ហេតុនេះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅ​កម្ពុជា​នេះ មិនមែនជា​ការងាយស្រួល​នោះទេ ក្នុងការ​ប្រកួតប្រជែង​យក​មេដាយមាស​»​។​

លោកថ្លែងថា​៖ «​យើង​ក៏​ចង់បាន​មេដាយមាស ហើយ​គេ​ក៏​ចង់បាន​ដូចគ្នា ដូច្នេះ​ដើម្បី​ឈានទៅដល់​មហិច្ឆតា ដែល​យើង​បានដាក់​គោលដៅ​រួមគ្នា​នោះ ទាល់តែ​យើង​ខ្លួនឯង ជាពិសេស​កីឡាករ ត្រូវខិតខំ​ពង្រឹងសមត្ថភាព ដោយ​ត្រូវ​ដាក់ចិត្ត​ដាក់​កាយ យក​បេះដូង​មក​ហ្វឹកហាត់ ដើម្បី​យក​មេដាយ​ជូន​ជាតិ នៅពេល​យើង​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម ជា​លើកដំបូង​នេះ​»​។

​គួររំឭកថា សម្រាប់​ការប្រកួត​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅ​ប្រទេស​វៀតណាម កាលពី​ខែឧសភា ឆ្នាំ​២០២២ ក្រុម​ជម្រើសជាតិ​បាល់ទះ​កម្ពុជា បានឈ្នះ​មេដាយ​សំរឹទ្ធ ជា​ប្រវត្តិសាស្ត្រ​លើកដំបូង ហើយ​ជាមួយ​ជ័យជម្នះ​នេះ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ដែលមាន​លោក នេ​ត សាវឿន ជា​ប្រធាន និង​លោក ស សុខា ជា​អនុប្រធាន​សហព័ន្ធ បានដាក់​មហិច្ឆតា​រួមគ្នា ត្រូវ​ដណ្តើមយក​មេដាយ​មាស​ជូន​ជាតិ​។​

ជាមួយ​ទិសដៅ​នេះ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ធ្លាប់​រៀបចំ​ឱ្យមាន​ការប្រកួត​មិត្តភាព​អន្តរជាតិ នៅក្នុង​ទឹកដី​ខ្លួនឯង ជាមួយ​ក្រុម​តំណាង​មកពី​ប្រទេស​ចំនួន​៣​រួចមកហើយ ដើម្បី​ជាការ​កម្តៅ​សាច់ដុំ និង​ដកស្រង់​បច្ចេកទេស ហើយ​ជា​លទ្ធផល ក្រុម​បាល់ទះ​កម្ពុជា បាន​យកឈ្នះ សិង្ហ​បុរី ២​សិត​ទល់​១ (​ការប្រកួត​ធ្វើឡើង​តែ​៣​សិត​) កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២២ និង​បាន​បន្ត​យកឈ្នះ ក្រុម ​U21​គុយបា ៣-១ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២​។​

ចំណែក​ការប្រកួត​ចំនួន​២​លើក ជាមួយ​ក្រុម ​U19​ បារាំង​វិញ ក្រុម​កម្ពុជា បាន​ចាញ់ ៣-០ សម្រាប់​ការប្រកួត​លើក​ទី​១ កាលពី​ថ្ងៃទី​១៩ ខែកុម្ភៈ តែ​បានឈ្នះ ៣-១ វិញ សម្រាប់​ការប្រកួត​លើក​ទី​២ កាលពី​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣​។ តែ​ទោះបីជា​យ៉ាងណា លោក អាំង សិរី​ពិសិដ្ឋ បាន​អះអាងថា កម្រិត​លេង​របស់​ក្រុម​បាល់ទះ នៅតាម​បណ្តា​ប្រទេស​ក្នុង​អាស៊ាន ពេលនេះ មានការ​កើនឡើង ដែល​មិនអាច​មើលស្រាល​ទៅលើ​ក្រុម​ណាមួយបាន​នោះទេ​។​

លោក​បាន​បញ្ជាក់ថា​៖ «​សម្រាប់​ការប្រកួត​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម កន្លងមក សិង្ហ​បុរី មិនបាន​ចូលរួម​ទេ ប៉ុន្តែ​យើង​មានការ​ភ្ញាក់ផ្អើល សម្រាប់​ស៊ី​ហ្គេម នៅ​កម្ពុជា ដែល​គាត់​បាន​ចូលរួម​គ្រប់​វិញ្ញាសា​ទាំងអស់ ដោយ​គាត់​បាន​បិទ​ខ្ទប់​ហ្វឹកហាត់​២​ឆ្នាំ​ហើយ អ៊ីចឹង​យើង​មិនអាច​មើលស្រាល​ទាំង​ទៅលើ​ក្រុម​សិង្ហ​បុរី និង​ម៉ាឡេស៊ី ព្រោះ​ការប្រកួត Four-Nation Volleyball Cup នៅ​ម៉ា​ល់​ឌី​វ គឺ​ក្រុម​ម៉ាឡេស៊ី បានឈ្នះ​ពាន​នោះ​»៕